ព្រះវិហារថ្មី និងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តភូមិស្ទឹងស្រុកកណ្ដៀង ចំណាយថវិកា ជិតមួយលានដុល្លារ បានធ្វើពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយឯកឧត្តម ស៊ុយ សែម និងលោកជំទាវ

ពោធិ៍សាត់៖ ព្រះវិហារដ៍ថ្មីសន្លាង និងសមិទ្ធផលមួយចំនួនទៀតដែលទើបកសាងរួច ស្ថិតនៅឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២៩ខែធ្នូឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សែម អ្នកតំណារាស្ត្រមណ្ឌលពោធិ៍សាត់និងលោកជំទាវ។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ, លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីបម៉ុង, លោកជំទាវអ្នកឧញ៉ា អ៊ឹង ស៊ីស្រ៊ន លោកជំទាវ ឆាយ ស៊ីណា ជីវ កេង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា អាជ្ញាធរមូលដ្ឋាន ពិសេសបានការនិមន្តចូលរួមពីព្រះមេគណខេត្តផងដែរ។

តាមរបាយការណ៍របស់លោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្ដៀងបានឲ្យដឹងថា សមិទ្ធផលដែលធ្វើពិធីសម្ពោធថ្ងៃនេះរួមមាន៖ ទី១ ព្រះវិហារថ្មីដែលមានបណ្ដោយ៤១ម ទទឹង២៩ម កម្ពស់១៦ម ដោយចំណាយថវិកាអស់ ២១៣៨ ៧៧២ ១៣៤ រៀល ស្មើនឹង៥២១ ៦៥១.៧៤ដុល្លារ ក្នុងនោះអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមហ៊ុនជីពម៉ុងគ្រុប បានចូលរួមជួយកសាងដំបូលព្រះវិហារ អស់ថវិកា ១៤៤ ២៩១ ៣០០ រៀល ស្មើនឹង ៣៥ ១៩៣ ដុល្លារសហរដ្ឋអាមេរិក។ ព្រះវិហារនេះចម្លងប្លង់តាមព្រះវិហារចាស់ទាំងស្រុង តែបំពាក់សម្ភារៈថ្មីដែលរឹងមាំនិងមានភាពប្រណិតជាងមុន។

ទី២ ក្លោងទ្វាថ្មីចំនួន០២ របងចំនួន៦៥ប្រឡោះ ចំណាយថវិកាអស់ ៥៦៤ ៧៧៥ ០០០ រៀល ស្មើនឹង ១៣៧ ៧៥០ ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអ្នកឧកញ៉ា ផែ ហុកឈួន និងអ្នកឧញ៉ា អ៊ឹង ស៊ីស្រ៊ន ចូលរួមកសាងក្លោងទ្វារប៉ែកខាងត្បូង ចំណាយថវិការអស់ ១០២ ៥០០០ ០០០ ស្មើនឹង ២៥ ០០០ ដុល្លាសហរដ្ឋអាមេរិក ព្រមទាំងសប្បុរសជនចំនួន២៦នាក់ទៀត បានចូលរួមកសាងរបង៤១ប្រឡោះ ចំណាយអស់ថវិកា ៧៤ ៧២២ ៥០០០ រៀល ស្មើនឹង ១៨ ២២៥ ដុល្លារសហរដ្ឋអាមេរិក ទី៣ ដងទង់០២ដើម កម្ពស់២១ម ចំណាយថវិកាអស់ ៨៦ ១០០ ០០០ រៀល ស្មើនឹង ២១ ០០០ដុល្លារសហរដ្ឋអាមេរិក។

ទី៤ផ្លូវ០២ខ្សែក្រាលក្រានីត មានផ្ទៃក្រឡា ១០៣៥ ម៉ែតការ៉េ និងចិញ្ចើមផ្លូវប្រវែង៣៩០ម ចំណាយថវិកាអស់ ៥៨ ៣៦៣ ៥០០ រៀល ស្មើនឹង ១៤ ២៣៥ ដុល្លារសហរដ្ឋអាមេរិក។ សរុបថវិកាកសាងទាំងអស់មានចំនួន ២៨៤៨ ០១០ ៦៣៤ រៀល ស្មើនឹង ៦៩៤ ៦៣៦.៧៤ ដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តម ស៊ុយ សែម អ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់មានប្រសាសន៍ថា មូលហេតុដែលនាំឲ្យរូបលោកនិងភរិយា សង់ព្រះវិហារនេះថ្មីឡើងវិញ ទី១ ដោយសារឃើញព្រះវិហារចាស់ទ្រុឌទ្រោមខ្លាំង, ទី២ ទទួលសំណូមពររបស់ព្រះសង្ឃនិងពុទ្ធបរិស័ទ និងទី៣ ចេតិយឪពុកម្ដាយរបស់លោកនៅទីនេះស្រាប់ព្រះវិហារថ្មីនេះធ្វើដូចព្រះវិហារចាស់សុទ្ធសាធ គ្រាន់តែធ្វើឲ្យថ្មីជាង មាំជាង និងប្រណិតជាង ដើម្បីប្រើប្រាស់យូរអង្វែងជាងមុន។

ឯកឧត្តមនិងលោកជំទាវពិតជាមានចិត្តជ្រះថ្លាយ៉ាងក្រៃលែង ដែលបានកសាងសមិទ្ធផលជាមួយមិត្តភ័ក្រ រួមជាមួយពុទ្ធបរិស័ទទាំងអស់ តម្កល់ទុកជាគរុភ័ណ្ឌក្នុងវត្តពុទ្ធារាមហៅវត្តភូមិស្ទឹងនេះ ដើម្បីជាប្រយោជន៍ក្នុងវិស័យព្រះពុទ្ធសាសនា បន្តប្រើប្រាស់ដល់មនុស្សជំនាន់ក្រោយទៀត។

ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ សូមប្រគេននិងប្រគល់សមិទ្ធផលទាំងអស់នេះ ជូនព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់សម្រាប់ប្រើប្រាស់ ហើយសូមជួយថែរក្សា ការពារ និងជួយជួលជុលឲ្យបានស្អាតជានិច្ចផង ពិសេសការពារកុំឲ្យសត្វប្រចៀវជុះអាចម៍និងនោមដាក់ដំបូល ដែលនាំឲ្យឆាប់ច្រែសពុកផុយឆាប់។

សូមឧទ្ទិសកុសល្យផលបុណ្យ ដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ឯកឧត្តមនិងលោកជំទាវ ជូនទៅដល់វិញ្ញាណក្ខ័ន្ធអ្នកមានគុណទាំងអស់ និងមួយចំណែកទៀត សូមថ្វាយដល់ព្រះសង្ឃ ជូនដល់ភ្ញៀវចូលរួម លោកតាលោកយាយ និងពុទ្ធបរិស័ទទាំងអស់ ដែលមកចូលរួមក្នុងពិធីបុណ្យនេះ ទទួលបានបុណ្យស្មើៗគ្នា។

ក្នុងឧកាសនោះឯកឧត្តម ស៊ុយ សែម និងលោកជំទាវ បានចូលរួមទិសសីមាទាំង០៨ ក្នុងមួយទិស១លាន៧៣ម៉ឺនរៀល និងទិសសីមាកណ្ដាល២លាន៧៣ម៉ឺនរៀល រួមជាមួយបច្ច័យសម្ដេចវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ដែលបានមកពីពិធីទេសនាជាង៦លានរៀលផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *