ប្រជាពលរដ្ឋក្រីក្រ៣០០ គ្រួសារ បានទទួលអំណោយពីសប្បុរសជន

សៀមរាប៖ អំណោយជាគ្រឿងឧបភោគបរិភោគរបស់លោកជំទាវ ម៉ែន ចិន្តា និងក្រុមគ្រួសារ ផ្តល់តាមរយៈលោក បូ ម៉េងទី្រ អភិបាលនៃគណៈអភិបាលស្រុកជីក្រែង ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋជួបការខ្វះខាត ចំនួន ៣០០គ្រួសារ មកពីឃុំទាំង១២ កាលពីចុងសប្តាហ៍ ព្រឹកថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ២០២៣ នៅបរិវេណ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី លោកលោកស្រីប្រធានក្រុមប្រឹក្សាឃុំ និង បងប្អូនសប្បុរសជនផងដែរ ។
មានប្រសាសន៍ក្នុងកិច្ចស្វាគមន៍នោះ លោក បូ ម៉េងទ្រី បានសម្តែងអំណរគុណ ចំពោះលោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងក្រុមគ្រួសារ ដែលបានធ្វើការបរិចាកទ្រព្យធនផ្ទាល់ខ្លួន និង ឆ្លៀតឱកាសដ៏មមាញឹក អញ្ជើញចុះមកសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ក្នុងស្រុកជីក្រែង ទាំង៣០០គ្រួសារនាថ្ងៃនេះ ។ លោកបានបន្តទៀតថា ក្នុងពេលកន្លងមកនេះ ក្នុងភូមិសាស្ត្រស្រុកជីក្រែងទាំងមូល បានរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយក៏បានទទួលអំណោយជាស្បៀង សង្គ្រោះបន្ទាន់ ពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា និង ស្រូវពូជ ពីរាជរដ្ឋាភិបាលកម្ពុជា ។ ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះ ស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និង ដោះស្រាយបញ្ហាប្រឈមនានា ពិសេសគ្រោះមហន្តរាយ ដែលកើតពីទឹកជំនន់ ។ លោក បូ ម៉េងទ្រី ក៏បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ។ លោកបន្តថា ដោយមើលឃើញការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋតាមឃុំ ក្នុងស្រុកជីក្រែង លោកបានកៀងគរ ស្វះស្វែងរកជំនួយ ពីសប្បុរសជនទាំងក្នុង និងក្រៅស្រុក ។ លោកបានបន្ត ថា ទោះបីអំណោយដ៏តិចតូចនេះ ក៏ជាទឹកចិត្តដ៏សប្បុរសធម៌ របស់លោកជំទាវឧកញ៉ា និង ក្រុមគ្រួសារ ចូលរួមសុខទុក្ខ ជាមួយបងប្អូនផងដែរ ។ លោកក៏បានធ្វើការផ្តាំផ្ញើផងដែរ សូមឲ្យអាជ្ញាធរ សមត្ថកិច្ច ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខ្លួន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះភ្លើង ផ្សែង ពេលនេះរដូវហួតហែងចូលមកដល់ហើយ កុំឲ្យកើតនូវ ប្រការអាក្រក់ណាមួយកើតឡើង និង ត្រូវគោរពឲ្យបាននូវគោលការណ៍របស់ក្រសួងសុខាភិបាល ព្រោះថា ជម្ងឺកូវិត១៩ មិនទៅណាឆ្ងាយពីយើងនោះឡើយ និងនៅពេលបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ។
មានប្រសាសន៍សំណេះសំណាលនោះដែរ លោកជំទាវឧកញ៉ា ម៉ែន ចិន្តា បានសម្តែងនូវការអាណិតអាសូចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត ក្នុងជីវភាពប្រចាំថ្ងៃក្នុងក្រុមគ្រួសារ នៅទូទាំងស្រុកជីក្រែង ។ លោកជំទាវឧកញ៉ា ក៏បានគូសបញ្ជាក់ ដោយទទួលបានសំណូមពរពីអាជ្ញាធរស្រុកជីក្រែង ក្រុមការងាររបស់លោកជំទាវបានរៀបចំ នូវអំណោយជាគ្រឿងឧបភោគបរិភោគ នាំយកមកផ្តល់ជូនលោកតា លោកយាយ ពុកម៉ែ និង បងប្អូនជួបការខ្វះខាត ។ លោកជំទាវឧកញ៉ា ក៏បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និង នយោបាយឈ្នះឈ្នះរបស់សម្តេចពុក ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តីត្រេកអរ ទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ ។ លោកជំទាវឧកញ៉ា ម៉ែន ចិន្តា ក៏បានសង្កត់ធ្ងន់ថា ក្រោមម្លប់សន្តិភាព និងស្ថិរភាពនយោបាយ ធ្វើឲ្យប្រទេសជាតិយើងទទួលបានសមិទ្ធផលធំៗ និងមានការ វិនិយោគ និង មានការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។ ដោយកត្តាសន្តិភាពនេះហើយ បានធ្វើអ្នកវិនិយោគ ចូលមកបណ្តាក់ទុននៅកម្ពុជា និង ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការងារធ្វើ និង ទទួលកម្រៃដ៏សមរម្យ ក្នុងការទ្រទ្រង់ជីវិភាព ក្រុមគ្រួសារ ។ លោកជំទាវឧកញ៉ា ក៏បានធ្វើការផ្តាំផ្ញើ ណែនាំដល់បងប្អូន ពូមីង ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្កានូវគ្រប់វិនាទី ចំពោះបញ្ហាភ្លើង ផ្សែង ពេលនេះជារដូវរំហើយ ក្តៅស្ងួត តែងបង្កនូវហានីភ័យកើតឡើង និង ចេះថែទាំ សុខភាព អនាម័យ បរិស្ថាន សំខាន់ចំពោះកុមារតូចៗ ។
អំណោយផ្តល់ជូនបងប្អូនទាំង ៣០០គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក្រ, មី១កេស ,ត្រីខ ១យួរ ទឹកត្រី ១យូរ , ក្រម៉ា ១ និងថវិកា ២ម៉ឺនរៀល ។ ក្នុងនោះដែរលោកជំទាវឧកញ៉ា បានឧបត្ថម្ភដល់សាលាស្រុក ១០លាន រៀល និង កងកម្លាំងទាំង ១អង្គភាព ២លានរៀល ព្រមទាំងឧបត្ថម្ភដល់កម្លាំងការពារសណ្តាប់ធ្នាប់ ២៧នាក់ម្នាក់ៗ បាន ៥ម៉ឺនរៀល និង ជូនលោកយាយជរា ២០ម៉ឺនរៀលផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *