ប្រជុំផ្សព្វផ្សាយប្រកាស កំណត់តំបន់វិនិច្ឆ័យ ចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ១៣ ភូមិក្នុងឃុំ បឹងបត់ កណ្តោល

ពោធិសាត់៖ បងប្អូនប្រជាពលរដ្ឋប្រមាណ៤០០នាក់ បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយ ប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈ ជា ប្រព័ន្ធទាំង១៣ភូមិក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រឹក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣ នៅសាលាឃុំ ដែលរៀបចំឡើងដោយ មន្ត្រីជំនាញក្រុមទី៣ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីខេត្ត ក្រោមអធិបតីភាព លោក ចេង ឡៃ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរ ស្រុក ឃុំ មេភូមិ ព្រឺទ្ធាចារ្យភូមិ ។

លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដី​នគរូបនីយកម្មសំណង់​ និង សុរិយោដីខេត្តបានឱ្យដឹងថាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជូនក្រុមនិស្សិតនិងអ្នកស្មគ្រចិត្ត មកបំពេញបន្ថែមលើមន្ត្រីបច្ចេកទេសដែលមានស្រាប់ បានចំនួន៦ក្រុម ក្នុងមួយក្រុមមាន ចំនួន២៥នាក់ ដើម្បីពន្លឿនក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋទាំងទូទាំងខេត្តដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥ ខាងមុខ នេះ។

ចំពោះឃុំបឹងបត់កណ្តោល ដែលមាន១៣ភូមិគឺភូមិអំពិល ភូមិស្វាយជ្រុំ ភូមិត្រាំសេះ ភូមិបត់កណ្តោល ភូមិសំរោង ភូមិអូរ ភូមិបត់ត្រាច ភូមិឬស្សីតាម៉ាន់ ភូមិបឹងឈូក ភូមិដូងជ្រុំ ភូមិទួលឆ្មារនិងភូមិរបងរមាស មានផ្ទៃដីជិត២ម៉ឺនហិកតា ក្នុងនោះដីកសិកម្ម ៦៣១០ហិកតា ដីលំនៅឋាន៩១៣ហិកតា ក្រៅពីនោះដីស្ទឹង បឹង ប៊ួ ព្រៃ ចាប់ផ្តើមចុះវាស់វែងនិងប្រមូលទិន្នន័យ ស្របតាមអនុក្រិត្យ​លេខ៤៦ អនក្រ.បក.ចុះថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ ២០០២ របស់រាជ រដ្ឋាភិបាល កម្ពុជា ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដីនិងសៀវភៅគោល បញ្ជីដីធ្លី ។

​ លោក ចេង ឡៃ បាននាំមកនូវសួរសុខទុក្ខពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយបានថ្លែងនិងសង្ឃឹមយ៉ាងម៉ុតមាំថា បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកពាក់ព័ន្ធស្ថិតក្នុងតំបន់វិនិច្ឆ័យពិតជាអនុវត្ត ទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនិងសេចក្តីប្រកាសរបស់រដ្ឋបាលខេត្ត ពិតជាចូលរួមបំពេញការតព្វកិច្ចជាមួយមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានទាំង៤ដំណាក់កាល ។

ដើម្បីអនុវត្ត ទៅតាមខ្លឹមសារអនុក្រឹត្យ និងសេចក្តីប្រកាសនោះ គណកម្មការរដ្ឋបាលសូមឱ្យប្រជាពលរដ្ឋជាម្ចាស់ដី អ្នកពាក់ព័ន្ធនានាចូលរួមស្តាប់ ពន្យល់ណែនាំបំភ្លឺពី មន្ត្រីជំនាញ ។

ម្ចាស់ដីនិងអ្នកពាក់ព័ន្ធត្រូវបំពេញតព្វកិច្ចក្នុងការចូលរួមបោះបង្គោលកំណត់ព្រំក្បាលដីម្ចាស់និមួយៗបើមានករណីទំនាស់ត្រូវសម្របសម្រួលនិងដោះស្រាយ គប្បីរក្សាទុកបឹង ប៊ួ ព្រែក ផ្លូវ ច្រក់ ទ្រព្យសាធារណៈរបស់រដ្ឋ ឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ សម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ។

លោកបានជម្រាបជូនថា ការចុះបញ្ជីដីធ្លី មានលក្ខណជាប្រព័ន្ធ គឺជាផ្នែកមួយ ក្នុងចំណោម កិច្ចការជាច្រើន របស់រាជរដ្ឋភិបាល ដែលបង្ហាញពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋនិងបង្កើនសុវត្ថិភាព​លើការ កាន់កាប់ ប្រើប្រាស់ គ្រប់គ្រង បែងចែកដីធ្លីនិងសិទ្ធិសេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។

ជាការពិតណាស់ថា មន្ត្រីអនុវត្តគម្រោងរៀបចំដែនដី និងរដ្ឋបាលដីធ្លី ត្រូវមានក្រមសីលធម៌ មានមនសិកាវិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ ស្មោះត្រង់ តម្លាភាព និងមានអភិបាលកិច្ចល្អ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

នៅក្នុងខណៈនោះដែរលោកសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ជម្រុញការដាំដុះ រស់នៅប្រកដោយអនាម័យ ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត ភូមិឋានគ្មានសំរាម គោរពច្បាប់ចរាចរណ៍ លុបបំបាត់គ្រឿងញៀន ក្មេងទំនើងនិងបង្កើនការ យកចិត្តទុកដាក់អំពីករណីអគ្គិសភ័យព្រោះថារដូវនេះគឺជារដូវប្រាំងងាយនឹងទទួលរងហានិភ័យគ្រប់ពេលវេលា ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *