កិច្ចប្រជុំជម្រុញការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

នៅព្រឹកថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំជម្រុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិ ការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យទី៩ និង ជម្រុញការអនុវត្តគោលយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអចិន្ត្រៃយ៍ខេត្តសៀមរាប និង ឯកឧត្តមអនុរដ្ឋលេខាធិការ ព្រមទាំងអស់លោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរ កងកម្លាំងទាំងបី ក្រុមប្រឹក្សា អភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ឃុំ សង្កាត់ សរុបប្រមាណ ៣៣៣នាក់ ដែលបានចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់លោក លី សំរិទ្ធ បានគូសបញ្ជាក់ថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមបានល្អ ក្នុងការអនុវត្តគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព ជាការរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជា សម្រាប់ការអភិវឌ្ឍ និង ការវិនិយោគ ព្រមទាំងសម្រាប់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបស់សាធារណៈ ជនទូទៅ ក៏ដូចប្រជាពលរដ្ឋទូទាំងខេត្ត ទទួលបានភាពកក់ក្តៅក្នុងជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅគ្រប់មជ្ឈដ្ឋានទូទាំង ខេត្ត ព្រមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ។ លោកក៏បានលើកនូវ ករណីមួយចំនួន ដែលត្រូវគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ក្នុងការស្រាវជ្រាវ បង្ក្រាប់ឲ្យខាងតែបាន នូវអំពើចោរ កម្ម ល្បែងស៊ីសង គ្រឿងញៀន ក្មេងទំនើង និង បទល្មើសផ្សេងៗ ។ ក្នុងនោះដែររដ្ឋបាលខេត្តក៏បានប្តេជ្ញាបន្តពង្រឹងលើកិច្ចការសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំសោភណ្ឌភាព ការដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ និង គម្រោងរៀបចំបង្កើតរចនាសម្ព័ន្ធរដ្ឋបាលក្រុងថ្មី ដើមី្បបម្រើសេដ្ឋកិច្ចសង្គម ស្ថានភាពជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែ ល្អប្រសើរ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីឯកឧត្តម សុខ សារីវុធ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាអនុប្រធានក្រុមការងារត្រួតពិនិត្យ និង ជម្រុញការអនុវត្តគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាពខេត្តសៀមរាប បានអានសេចក្តីសម្រេច ស្តីពីការកែ សម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព និងសេច ក្តីរាយការណ៍អំពីលទ្ធផលការអនុវត្តគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាព របស់លោកស្នងការនគរបាល ខេត្តសៀមរាប ព្រមទាំងធ្វើកិច្ចពិភាក្សារួចមក មានប្រសាសន៍បូកសរុបកិច្ចប្រជុំនោះឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ ក៏បានធ្វើការវាយខ្ពស់ទៅលើលទ្ធផល ដែលរដ្ឋបាលខេត្តទទួលបាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ដែលរួមសហការគ្នាយ៉ាងល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព” និង សម្តែងការអបអរសាទរចំពោះឃុំ-សង្កាត់ដែលទទួលចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងការនុវត្តគោលនយោបាយខាងលើផងដែរ ។ ឯកឧត្តមរដ្ឋលេខាធិការបន្តថា ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ធ្វើឲ្យរដ្ឋបាលខេត្ត ទប់ស្កាត់បាននូវបទល្មើសនានា ក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង គ្រោះថ្នាក់ចរាចរណ៍ ការជួញដូរមនុស្ស ការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ បទល្មើសសេដ្ឋកិច្ច បទល្មើសនានាតាមច្រកព្រំដែន និងច្រករបៀងនានា ត្រូវបានបង្ក្រាប ទប់ស្កាត់ បានទាន់ពេលវេលា និងមានវិធានការចុះអប់រំផ្សព្វផ្សាយជាប្រចាំផងដែរ ។ ឯកឧត្តម រដ្ឋលេខាធិការបានបន្តទៀតថា ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ធ្វើឲ្យប្រទេសជាតិ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត មានការរីកចម្រើនផងដែរ ។ ឯកឧត្តមបានបន្តទៀតថា កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងបង្រ្កាបរាល់បទល្មើសផ្សេងៗ នៅតាមមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ការជួញដូរ ចែកចាយ ការប្រើប្រាស់ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ចោរលួច ចោឆក់ ក្មេងទំនើង ,បទល្មើសនេសាទ ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម កុំឲ្យកើតមានឡើងនៅមូលដ្ឋានខ្លួន ។ ត្រូវរួមគ្នាធានាឲ្យបាននូវសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព របៀបរៀបរយ ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ស្របទៅតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៩ ចំណុច ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ និង បន្តការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ និង លិខិតបទដ្ឋាននានា បញ្ជ្រាបដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រឹះស្ថានសិក្សាជាប្រចាំ តាមរយៈនគរបាល និងសហគមន៍ ។ ឯកឧត្តមរដ្ឋលេខាធិការ សូមឲ្យរដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំជម្រុញអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត និង ធ្វើយ៉ាងណាឲ្យសម្រេចបាននៅយុទ្ធសាស្ត្រ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ក្នុងការធានានៅ សុវត្ថិភាពសាធារណៈ សន្តិសុខសណ្ដាប់ធ្នាប់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាបនេះ។ ឯកឧត្តម ក៏បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់អនុវត្ត បង្ក្រាបនៅបទល្មើសផ្សេងៗ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាមួយដល់ សំខាន់សម្រាប់ប្រទេសជាតិ។ ព្រោះថាគ្រឿងញៀននេះធ្វើឲ្យខូចនៅសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាបង្កនូវភាពចលាចលផងដែរ ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *