សៀមរាប នៅព្រឹកថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ២០២៣ ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្រុកពួក បានរៀបចំប្រារព្ធ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ខួបលើកទី ១៧ ឆ្នាំ២០២៣ ក្រោមប្រធានបទ (បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បី ជួញដូរមនុស្ស) ដោយមានកិច្ចសហការ គាំទ្រពីគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រដ្ឋបាលសាលាស្រុកពួក និង អង្គការដៃគូជាតិ-អន្តរជាតិ ។ ពិធីនេះបានប្រព្រឹត្តធ្វើនៅបរិវេណសាលាស្រុកពួក ក្រោមអធិបតីលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដោយមានការអញ្ជើចូលរួមរបស់ប្រធានក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មន្ត្រី ការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម តំណាងអង្គការជាដៃគូរ និង ប្រជាពលរដ្ឋ ប្រមាណជាង ៤០០នាក់ចូលរួម ។ ទិវាជាតិ១២ធ្នូ តែងតែប្រារព្ធឡើង ដើម្បីជាយុទ្ធនាការរួមគ្នា ក្នុងការបង្កើននូវប្រព័ន្ធសុវត្ថិភាព សម្រាប់ការពារប្រជាពលរដ្ឋឲ្យរួចផុតពីភាពរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងទស្សនវិស័យ បន្តរក្សាសន្តិភាព សមភាព យុត្តិធម៌ និងការអភិវឌ្ឍ ។
បន្ទាប់ពីលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានធ្វើកិច្ចស្វាគមន៍ និង រាយការណ៍អំពីលទ្ធផលការងារអនុវត្តលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងស្រុកប្រចាំឆ្នាំរួចមក ថ្លែងក្នុងពិធីនោះដែរលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែតបានតម្កល់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការការពារឲ្យបាននូវសន្តិភាពជាតិ សន្តិសុខសង្គម ស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិ កាន់តែទូលំទូលាយ និង ការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយឋាមពល និងសក្តានុពល ។ លោកស្រីបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងមុះមុតប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និង បទល្មើសឧក្រឹដ្ឋដទៃទៀត ដែលបាននឹងកំពុងតែយាយីបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ផលប្រយោជន៍ រហូតដល់អាយុជីវិតប្រជាពលរដ្ឋ ក៏ដូចជាបានបំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចជាតិយ៉ាងធ្ងន់ធ្ងរផងដែរ ។ ក្នុងនោះដែរ លោកស្រីក៏បានគូសបញ្ជាក់ថា អំពើជួញដូរមនុស្ស និងរំលោភសិទ្ធិមនុស្ស ដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលបានធ្វើប៉ះពាល់ដល់កម្ពុជា និងពិភពលោក បានធ្វើឲ្យកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្សទាំងនោះ ។ ជាការជាក់ស្តែង នៅក្នុងស្រុកពួក ខេត្តសៀមរាប ក៏មានបងប្អូនប្រជាពលករ បានចាញ់បោក និង ការបញ្ឆោតរបស់ជនខិលខូច (ដែលជាមេខ្យល់ ) ឲ្យបងប្អូនធ្វើចំណាកស្រុកខុសច្បាប់ និង ស្របច្បាប់ផងនោះ ដែលជាហានីភ័យខ្ពស់ ត្រូវបានគេកេងប្រវ័ញ្ចកម្លាំងពលកម្ម និង មួយចំនួនទៀតត្រូវបានគេធ្វើការលក់ដូរពីមួយទៅមួយទៀត រហូតមានការបាត់បង់ជីវិតទៀតផង ។ លោកស្រី យូ សុភា បានបន្តទៀតថា ប្រទេសនីមួយៗ បានខិតខំបង្កើតឲ្យមានច្បាប់ គោលនយោបាយ យន្តការជាតិយុទ្ធសាស្ត្រ វិធានការ និងវិធីសាស្ត្រជំនាញដ៏សម្បូរបែប ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ក៏ប៉ុន្តែតែនៅតែមានជនរងគ្រោះកាន់តែច្រើនឡើងៗ ដែលបាននឹងកំពុងរងទុក្ខវេទនាដោយការធ្វើទុក្ខបុកម្នេញ និងកេងប្រវ័ញ្ចពីឧក្រឹដ្ឋជនជាដើម ។ (រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលតែងតែបាននិងកំពុងញាំញីបំផ្លិចបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ និងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ) ។ លោកស្រីបានអំពាវនាវឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និង អង្គការដៃគូទាំងអស់ សហការជាមួយគ្នាធ្វើការផ្សព្វផ្សាយ និង អនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួញដូរដែលធ្វើឡើងតាមរយៈទេសន្តរប្រវេសន៍ និង ប្រព័ន្ធអនឡាញ ។ លោកស្រីបានបញ្ជាក់ថា អំពើជួញដូរមនុស្ស និង រំលោភសិទ្ធិមនុស្ស ដែលជា សេចក្តីថ្លៃថ្នូររបស់មនុស្ស បានធ្វើប៉ះពាល់ដល់កម្ពុជា និងពិភពលោក បានធ្វើឲ្យកម្ពុជា ដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្សទាំងនោះ ។ ម៉្យាងទៀតរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ដោះស្រាយជីវភាព តាមរយៈការបង្កើតការងារ មុខរបរខ្នាតតូច និងមធ្យម ការបង្កើនផលិតភាពកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាដើម ៕