អាជ្ញាធរខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំង១៣ភូមិ ក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ចូលរួមសហការចុះបញ្ជី មានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅបញ្ចប់នៅឆ្នាំ២០២៥

ពោធិសាត់: លោក ចេង ឡៃ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានធ្វើការអំពាវនាវទៅដល់ ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធ ទាំង១៣ភូមិក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ចូលរួមសហការជាមួយក្រុមបច្ចេកទេសទី៥ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដើម្បីឈានទៅបញ្ចប់នៅឆ្នាំ២០២៥។

លោកចេង ឡៃ បានថ្លែងអំពាវនាវបែបនេះនៅក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយមានប្រជាពលរដ្ឋចូលរួមជាង៦០០នាក់ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៣នៅវត្តបត់រំដួល។

លោក សំ ណារិទ្ធ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យបានឱ្យដឹងថា ភូមិទាំង១៣ក្នុង ឃុំផ្ទះរុង ដែលត្រូវចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធគឺ ភូមិ ព្រហស្ថក្បាល ភូមិផ្ទះរុង ភូមិកណ្តាល ភូមិបត់រំដួល ភូមិកោះស្វាយ ភូមិតាសាស់ ភូមិក្រញាំ ភូមិស្តុកខ្ទុំ ភូមិថ្លុកដង្កោ ភូមិព្រៃកន្លង់ភូមិដំណាក់កន្សែង ភូមិ ជង្រុក និងភូមិជ្រៃក្រឹម ។

ភូមិទាំង១៣នេះមានប្រជាពលរដ្ឋចំនួន៤៦៥៥គ្រួសារ មនុស្ស១៨៥៤៦នាក់ មានផ្ទៃដីជាង១៥ ពាន់ហិកតា ក្នុងនោះផ្ទៃដីស្រែជិត៧ពាន់ហិកតា ផ្ទៃដីលំនៅឋានជាង១ពាន់ហិកតានិងផ្ទៃដីជិត៧ពាន់ហិកតាគឺជាដីព្រៃភ្នំ បឹង អូរ ប្រឡាយ។

លោក ចេង ឡៃ អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានជម្រាបជូនថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៥។

ដូច្នេះក្នុងរដ្ឋបាលខេត្តសូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធក្បាលដីដែលស្ថិតក្នុងតំបន់គោលដៅ ត្រូវចូលរួមបំពេញការតព្វកិច្ចឱ្យបានជាប់ជាក់លាក់ជាមួយ មន្ត្រីបច្ចេកទេសឱ្យបានទាំង៤ដំណាក់កាលកុំឱ្យខកខាននោះឡើយ។

កត្តាដែលសំខាន់បំផុតនោះសូមបងប្អូនចូលរួមបង្ហាញនិង បោះបង្គោល កំណត់ព្រំ បើមានករណីទំនាស់ត្រូវដោះស្រាយ ត្រូវរក្សាទុក អំពីបឹង ប៊ួ ប្រឡាយ ស្ទឹង ព្រែក អូរ ផ្លូវ ច្រក ឱ្យបានច្បាស់លាស់សម្រាប់ការអភិវឌ្ឍន៍ទៅថ្ងៃអនាគត ដោយភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សញ្ជាតខ្មែរ សំបុត្រកំណើតនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដេនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ បានជម្រុញនិងពន្លឿងនៃការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នៅឆ្នាំ២០២៥និងបន្តទៅបណ្តាខេត្តផ្សេងៗទៀត។ ទាំងអស់នេះទាមទាឱ្យមន្ត្រីក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់សហការចូលរួម បើមិនដូច្នោះទេការចុះបញ្ជីដីធ្លីមានសភាពយឺតយ៉ាវជាក់ជាមិនខានឡើង។

ជាមួយគ្នានោះសូមឱ្យអាជ្ញាធរ ឃុំ ភូមិ ព្រឹទ្ធាចារ្យភូមិជួយជម្រុញនិងផ្តល់ដំណឹងដល់ប្រជាពលរដ្ឋជាម្ចាស់ដីនៅឆ្ងាយតាមរយៈទូរសព្ទដើម្បីឱ្យពួកគាត់បាន មកចូលរួមក្នុងវាល់វែងនិងបំពេញទម្រង់បែបបទក្បាលដីបានទាន់ពេលវេលា។

នៅរសៀលថ្ងៃដដែលនោះលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបានអញ្ជើញបិទជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ៥ភូមិក្នុងឃុំមេទឹកស្រុកបាកានរួមមានភូមិអង្កាញ់ ភូមិចាយ៉ូវ ភូមិម៉ និងភូមិក្តាតដែលបានប្រារព្ធនៅវត្តក្តាតមានប្រជាពលរដ្ឋចូលរួមជាង៣០០នាក់ ។

លោកបានឱ្យដឹងថា ភូមិទាំង៥នេះគឺជាភូមិ ចុងក្រោយក្នុងការបិទប្រកាសសម្រាប់ទុកឱកាសឱ្យប្រជាពលរដ្ឋមកពិនិត្យនិងផ្ទៀងផ្ទាត់រយៈពេល១៥ថ្ងៃដោយបានបញ្ជាក់ថា ក្រោយពីវាស់វែង ប្រមូលនិងបញ្ចូលទិន្នន័យភូមិទាំង៥មានផ្ទៃដីចំនួន១៨២៤,២៤ហិកតា ស្មើនឹង៣៩២៣ក្បាលដី ក្នុងនោះកសិកម្ម ២២២៩ក្បាលដី លំនៅឋាន១១៤២ ក្បាលដីនិងមិនមកបំពេញទិន្នន័យ៥៤៦ក្បាលដីក្រៅពីនោះដីវត្ត ដីសាលារៀននិងដីទួល។

លោកបានជម្រាបជូនថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល ការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពដទៃទៀតគឺការបន្តដំណើរកែទម្រង់និងជម្រុញចុះបញ្ជីដីធ្លីនិងការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការ ការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធិភាព។

លោកសង្ឃឹមជឿជាក់ថា ទាំងអាជ្ញាធរ ទាំងបងប្អូនជាម្ចាស់ដីជាពិសេសក្រុមការងារពិតជាអនុវត្តនិងបំពេញការតព្វកិច្ចទទួលបានលទ្ធផលប្រសើរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *