ប្រជាពលរដ្ឋប្រទះឃើញ រូបបដិមាករប្រាំព្រះអង្គ នៅក្នុងទន្លេនៃស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង!

កំពង់ឆ្នាំង: ប្រជានេសាទឈ្មោះប៊ុតសុភិន អាយុ៣៩ឆ្នាំ រស់នៅភូមិគៀនឃ្លាំង ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានប្រទះឃើញរូប បដិមាករប្រាំព្រះអង្គ ខណៈរូបលោកទៅនេសាទត្រី។

ហេតុការភ្ញាក់ផ្អើល នៅការប្រទះឃើញនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៨និង០០នាទីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ ត្រង់ចំណុចក្នុងទន្លេ ភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក ប៊ុត សុភិន បានរៀបរាប់ឲ្យដឹងថា៖ ដំបូងឡើយគាត់បានទៅធ្វើការនេសាទត្រី ដូចសពមួយដងនៅចំណុចខាងលើ ខណៈនោះលោកបានលិបទៅក្នុងទឹកទន្លេ ដើម្បីបោះបង្គោលចងទូក ស្រាប់តែប៉ះវត្ថុរឹងម្យ៉ាង ដោយខ្លាចមុតជើងផងនោះ ក៏បានលិបទៅក្នុងទឹកម្ដងទៀត បំណងយកចេញស្រាប់តែ ស្រង់ចេញមកបែជារូបបដិមាករដៃប្រាំបី ធ្វើឱ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមនោះក៏បានយកមកផ្ទះដើម្បីរក្សារទុក។

នៅថ្ងៃដដែលដោយនឹកសង្ស័យថា ប្រាកដជាមានអ្វីបន្ថែមទៀត នៅទីនោះក៏សម្រេចចិត្តទៅមុជទឹករុករកកន្លែងដដែលម្តងទៀត ក៏បានប្រទះឃើញរូបបដិមាករជាបន្តបន្ទាប់ចំនួន ៤ ព្រះអង្គទៀត ចំពោះរូបបដិមាករទាំង៥ព្រះអង្គនេះ លោកក៏ពុំហ៊ានអះអាងថាមានព្រះនាមអ្វីខ្លះ ព្រោះរកឃើញនៅក្នុងទន្លេ។

ជាមួយគ្នានេះផងដែរលោក កង សារឿន អនុភូមិកៀនឃ្លាំងឲ្យដឹងដែរថា៖ បុរសដែលរកឃើញព្រះពុទ្ធបដិមាករនេះ ជាគ្រួសារមួយក្រីក្រ លំបាកខ្លាំងរសនៅក្នុងភូមិ របស់លោកដោយប្រកបរបរនេសាទត្រី និងស៉ីឈ្នួលដើម្បីចិញ្ចឹមជីវិត។

ក្នុងនោះដែរលោកអនុភូមិគៀនឃ្លាំង បានបន្តអោយដឹងទៀតថា ពាក់ព័ន្ធនឹងករណីខាងលើនេះ ខាងអាជ្ញាធរស្រុកក៏បានចុះមកដល់ទីតាំងនេះហើយ ដោយអាជ្ញាធរស្រុកបានចាត់កម្លាំងសមត្ថកិច្ច ដើម្បីចុះមកការពារថែរក្សាសុវត្ថិភាព ព្រោះខ្លាចមានរឿងហេតុណាមួយ កើតឡើងជាយថាហេតុ។

លោក.សុខធួក.ប្រធានមន្ទីរ វប្បធម៍និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បានអោយដឹង នៅវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃដដែលនេះថា ជាបឋមខាងមន្ទីរ របស់លោកបានដឹងហើយ បានរាយការណ៍ជាបឋម ទៅខាងក្រសួងហើយដោយឡែក នៅថ្ងៃទី២៧ធ្នូ២០២៣នេះថា ខាងលោកនិងមន្ទីរធម្មការខេត្ត រួមគ្នាដើម្បីចុះទៅដល់កន្លែងធ្វើការពិនិត្យសិក្សាវាយតម្លៃ អំពីរូបបដិមាករទាំង៥ព្រ:អង្គ ខាងលើនេះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *