ខេត្តកំពង់ឆ្នាំង៖ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី សហការណ៍ជាមួយ កងរាជអាវុធហត្ថស្រុកជលគីរី អធិការដ្ឋាននគរបាលស្រុកជលគិរី និង សហគមន៍នេសាទភូមិថ្មី ដឹកនាំដោយលោកនួន ឬទ្ធីនាយផ្នែកស្ដីទីរដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះរុះរើរបាំងលូស្បៃមុង និងរបាំងសាច់អួន នៅចំណុចព្រែកប្រចាន់ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
លោកលីឡានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងថា នៅក្នុងប្រតិបត្តការបង្ក្រាបរាល់វត្ថុតាង ត្រូវបានធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងរួមមានរបាំងស្បៃមុង១ករណីស្មើនឹង ១០កន្លែងប្រវែង៤០០ម៉ែត្រលូស្បៃមុងចំនួន១០គ្រឿងបង្គោលចំនួន ២០០ដើមនិងចាក់លែងត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន៣០ គីឡូក្រាម។
លោកលី ឡានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងទៀតថា មន្ត្រីជំនាញរបស់លោក បច្ចុប្បន្នកុំពង់បានចុះធ្វើការបង្ក្រាប និងរើរុះនូវរបាំងស្បៃមុងនិងរបាំងសាច់អួន ដែលក្រុមឈ្មួញកំពុងតែលួចដាក់ នៅក្នុងដែននេសាទមួយ ចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ដោយកម្លាំងរបស់លោកបានចុះធ្វើការបង្ក្រាបជារៀងរាល់ថ្ងៃ។
លោកនាយខណ្ឌរដ្ឋបាលជលផល លោកសូមអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ សូមកុំធ្វើការនេសាទប្រើឧបករណ៍ខុសច្បាប់ ជាពិសេស របាំងស្បៃមុងនិងរបាំងសាច់អួនក្រឡាញឹក ដែលមានប្រវែងៗហួសពីច្បាប់ជលផលបានកំណត់ មន្ត្រីជំនាញនឹងធ្វើការបង្ក្រាបដោយ មិនមានការយោគយល់នោះឡើយនឹងអាចមានទោសទាន់ដល់ខ្លួនទៀតផង៕