វគ្គបណ្តុះបណ្តាល អ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុកអំពីសេចក្តីណែនាំ ស្តីពីការវាយតម្លៃ មូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថល នៃកម្មវិធីវាយតម្លៃ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២៥ធ្នូ២០២៣នេះ លេខាធិការដ្ឋាន គ.ជ.អ.ប. បានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំងរៀបចំបើកវគ្គបណ្តុះបណ្តាលក្រុមអ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុកអំពីសេចក្តីណែនាំស្តីពីការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឌីជីថលនៃកម្មវិធីវាយតម្លៃក្រោមអធិបតីភាព លោកជំទា ប៊ន សុភី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម
អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ និងជាប្រធានគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សមាសភាគ២ ។

ពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំងវគ្គបណ្តុះ បណ្តាលនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុកចំនួន ៤១នាក់ ក្នុងនោះមានស្ត្រីចំនួន ២១នាក់ ដែលអញ្ជើញមកពីក្រុងសិរីសោភ័ណ្ឌ ក្រុងប៉ោយប៉ែត ស្រុកថ្មពួក និងស្រុកស្វាយចេក នៃខេត្តបន្ទាយមានជ័យ និងមកពីក្រុងព្រះវិហារ និងស្រុកសង្គមថ្មី នៃខេត្តព្រះវិហារ រួមទាំងអ្នកសម្របសម្រួលខេត្តម្នាក់នៃខេត្តព្រះវិហារ និងអ្នកវាយតម្លៃជំនួសមកពីខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីផងដែរ។ 

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺផ្តល់ការអភិវឌ្ឍសមត្ថភាពលើចំណេះ ជំនាញ និងឥរិយាបថនៃការវាយតម្លៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ដល់សមាជិកក្រុមការងារគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក និងបញ្ជាក់ទទួលស្គាល់សិក្ខាកាម ដែលទទួលបានពិន្ទុប្រលងចុងបញ្ចប់វគ្គចាប់ពី ៧០% ឡើងទៅជាអ្នកវាយតម្លៃនៃរដ្ឋបាលខេត្ត និងអ្នកវាយតម្លៃនៃរដ្ឋបាល ក្រុង ស្រុក ដែលមានសិទ្ធិពេញលេញក្នុងការបំពេញភារកិច្ចវាយតម្លៃលទ្ធផលនៃការបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ប្រចាំឆមាសនីមួយៗ។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លេខាធិការដ្ឋាន គ.ជ.អ.ប. នឹងចេញលិខិតជូនដំណឹងស្តីពីការទទួលស្គាល់សិក្ខាកាមជាប់ជាស្ថាពរជាអ្នកវាយតម្លៃនៃរដ្ឋបាលខេត្ត និងអ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុក និងផ្តល់ជូនលិខិតបញ្ជាក់ការសិក្សាដល់សិក្ខាកាមទាំងនោះផងដែរ។

ក្រុមអ្នកវាយតម្លៃនៃរដ្ឋបាលខេត្ត និងក្រុមអ្នកវាយតម្លៃនៃរដ្ឋបាលក្រុង ស្រុកដែលទទួលបានការបញ្ជាក់ទទួលស្គាល់ទាំងអស់នឹងចាប់អនុវត្តការវាយតម្លៃភាពត្រៀមរួចជាស្រេច និងជាប្រចាំនៃមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៅរវាងខែមករា និងខែកុម្ភះ ឆ្នាំ២០២៤ ខាងមុខ សម្រាប់លទ្ធផលនៃការបំពេញការងាររបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋ បាលឃុំ សង្កាត់ក្នុងឆមាសទី២ ឆ្នាំ២០២៣ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *