សៀមរាប៖ អង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៤ ដែលបានដំណើរ ការទៅអស់រយៈពេលមួយថ្ងៃកន្លះ នៅសាលសន្និសីទ្ធ សណ្ឋាគារសុខាសៀមរាប ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ត្រូវបានធ្វើពិធីបិទអង្គសន្និបាត នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប និង អមដំណើរឯកឧត្តម លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង មានការអញ្ជើញចូលរួម ឯកឧត្តម លោក ជំទាវ ជាសមាជិកព្រឹទ្ធសភា-រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប និងក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរជាតិអប្សរា ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អគ្គ កុងស៊ុលប្រចាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ប្រធានក្រុមប្រឹក្សា អភិបាលក្រុង ស្រុក អធិការនគរបាល មេបញ្ជាការកងរាជអាវុធហត្ថ ផ្នែកសឹករងក្រុង ស្រុក មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ អង្គការសង្គមស៊ីវិលក្នុងខេត្ត និងវិស័យឯកជន ប្រមាណជាង១ពាន់នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា ទន្ទឹម និងសមិទ្ធផល និង កិច្ចពិភាក្សានោះ អង្គសន្និបាតបានកត់សម្គាល់នូវការងារដែលសេសសល់ និង បញ្ហាប្រឈមមួយចំនួន ដែលជាឧបស័គ្គដល់ការអភិវឌ្ឍន៍ក្នុងខេត្តសៀមរាប ។ ជាការពិតណាស់ ទិសដៅការងារឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្តបានធ្វើការប៉ាន់ប្រមាណ ប្រកបដោយចក្ខុវិស័យ ទូលំទូលាយ ក្នុងការកំណត់នូវយុទ្ធសាស្ត្រ ក្នុងដំណាក់កាលនីមួយៗ និងស្របតាមសភាពការណ៍ជាក់ស្តែង នៃការវិវត្តន៍នូវស្ថានភាពសង្គមសេដ្ឋកិច្ច ដើម្បីឆ្លើយតបនឹងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បម្រែបម្រួលអាកាសធាតុ បរិស្ថានធម្មជាតិ វប្បធម៌ សីលធម៌ សង្គម សេចក្តីថ្លៃថ្នូរ និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា ផ្តើមចេញពីកត្តាគន្លឹះទាំងនេះ រដ្ឋបាលខេត្តសៀមរាប សម្រេចដាក់ចេញនូវទិសដៅ ភារកិច្ច សកម្មភាពការងារ និងវិធានការចាំបាច់នានាសម្រាប់ អនុវត្តក្នុងឆ្នាំ២០២៤ មានចំនួន ៧៧ចំណុច ក្នុងនោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ៧ចំណុច ការងាររដ្ឋបាលទូទៅ ៣១ចំណុច ផ្នែកសេដ្ឋកិច្ច ២២ចំណុច និងផ្នែកសង្គមកិច្ច ១៧ចំណុច ។ ទន្ទឹមនឹងសមិទ្ធផល និង ការពិភាក្សាខាងលើនេះ អង្គសន្និបាតក៏បានកត់សម្គាល់នូវ ការងារសេសសល់ និងបញ្ហាប្រឈមមួយចំនួន ដែលជាឧបសគ្គដល់ ការអភិវឌ្ឍក្នុងខេត្តសៀមរាប ឯកឧត្តមអភិបាលខេត្ត បានសំណូមពរមួយចំនួនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី និង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ។
មានប្រសាសន៍ក្នុងឱកាសបិទសន្និបាតនោះដែរ ឯឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានវាយ តម្លៃខ្ពស់ និងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរដែនដី មន្ទីរ ស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងវិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍ ដែលបានខិតខំសហការគ្នាសម្រេចបានស្នាដៃល្អៗ និងសមិទ្ធិផលថ្មីៗបន្ថែមច្រើនសន្ធឹកនៅក្នុងខេត្តសៀមរាប ។ ឯឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលខេត្ត ត្រូវខិតខំទ្វេរឡើង ដោយចូលរួមជាមួយរាជរដ្ឋាភិបាល និង ស្ថាប័នថ្នាក់ជាតិ ក្នុងការបង្កើនសមត្ថភាព លទ្ធភាពទទួលខុសត្រូវ ទ្រទ្រង់សភាពការណ៍បច្ចុប្បន្នភាព និងតទៅខាងមុខ ពិសេសថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់បន្តធ្វើល្អ ដើម្បីឆ្លើយតបសំណូមពរពលរដ្ឋ ធ្វើឲ្យពលរដ្ឋនៅតែគាំទ្រស្រឡាញ់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រុញដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុង និងឃុំសង្កាត់ ដោយបានដាក់ទិសដៅផែនការ ឲ្យបន្តការយកចិត្តទុកដាក់លើការបង្រ្កាបទល្មើសនានាឲ្យមានប្រសិទ្ធិភាពថែមទៀត និងការបង្កើនសមត្ថភាពបំពេញតួនាទីរបស់កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងចលនានានា ពិសេសប្រជាការពារតាមបណ្តាឃុំ សង្កាត់ បន្តដល់ការគាំទ្រស្មារតី សម្ភារៈ និងការលើកទឹកចិត្តឲ្យបានចូលរួមទាំងអស់គ្នា ក្នុងគោលដៅធ្វើយ៉ាងឲ្យភូមិ ឃុំ សង្កាត់របស់យើងមានសុវត្ថិភាពល្អ ។ ក្នុងនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាហានិភ័យមួយសម្រាប់ប្រទេសកម្ពុជា ដូច្នេះត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និង មានវិធានការផ្សេងៗទៀត ដើម្បីធ្វើការបង្រ្កាបឲ្យបានទាន់ពេលវេលា នូវអំពើជួញដូរគ្រឿងញៀនខុសច្បាប់ សំខាន់ក្នុងជួរកងកម្លាំង និង បទល្មើសជួញដូរមនុស្ស ( ជួញដូរផ្លូវភេទ ) ក្មេងទំនើង និង ត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ ព្រមទាំងបង្ក្រាបករណីបទល្មើសព្រៃឈើ និង បទល្មើសជលផល ការកាប់ទន្ទ្រានព្រៃលិចទឹកជាដើម ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យរដ្ឋបាលខេត្ត ត្រូវខិតខំចូលរួមបង្កើនសមត្ថភាព និង លទ្ធភាពទទួលខុសត្រូវដោះស្រាយបញ្ហាទុក្ខកង្វល់ជូនប្រពលរដ្ឋ និង ត្រូវបង្កើនការចុះមូលដ្ឋាន ឬ ធ្វើវេទិកាសាធារណៈនានា ដើម្បីពន្យល់ប្រជាពលរដ្ឋ ឲ្យជឿជាក់លើការដឹកនាំ របស់រាជ រដ្ឋាភិបាល នីតិកាលទី៧នេះ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប