ពោធិសាត់៖ ឯកឧត្តម កែវ វរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកវាលវែង និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣និងលើកទិសដៅអនុវត្តបន្ត របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកវាលវែងនាព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២៤ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អាជ្ញាធរឃុំប្រធាន អនុប្រធាននិងសមាជិក យុវជនគណបក្សប្រជាជនស្រុក ឃុំចំនួន២០០នាក់ ដែលបានប្រារព្ធធ្វើនៅស្នាក់ការគណបក្សស្រុក។
លោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានក្រុមការងារយុវជន ស្រុកនិងលោក ឃៀង សុជីវ័ន្ត អនុប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនស្រុកវាលវែង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកវាលវែងដែលមានចំនួន២៨១នាក់ បានចុះធ្វើសកម្មភាពការងារមនុស្សធម៌ នៅតាមបណ្តាភូមិ ឃុំដូចជាចុះសួរសុខទុក្ខពលរដ្ឋជួបកង្វះខាត រងគ្រោះដោយគ្រោះធម្មជាតិ អ្នកមានជម្ងឺ អ្នកទទួលមរណៈភាពដោយបាននាំយកស្បៀង ជាអង្ករជិត២តោន មីជាង១០០កេសព្រមទាំងគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់និងថវិកាអស់ជាង១១លានរៀល។
ក្រៅពីនោះក្រុមការងារក៏បានចូលរួមជួយសង់ផ្ទះ ប្រមូលផលដំណាំ និងការងារបរិស្ថានជាហេតុធ្វើឱ្យក្រុមយុវជន គណបក្សប្រជាជនកម្ពុជា ស្រុកវាលវែង កាន់តែមានសកម្មភាពយ៉ាងមមាញឹក។
ចំពោះទិសដៅ អនុវត្តបន្តគឺពង្រឹងពង្រីកសមាជិកថ្មី រក្សាសមាជិកចាស់ ចូលរួមគ្រប់សកម្មភាពសង្គមព្រមទាំងបានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលកន្លងមក តែងតែជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ ថវិកាជាពិសេស ការបណ្តុះបណ្តាលធនធានមនុស្សធ្វើយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកវាលវែងកាន់តែមានទំនុកជឿជាក់និងដើរតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
លោក ងួន ប៉ោសេង និងឯកឧត្តម កែវ វរៈ បានថ្លែងដោយវាយតម្លៃនិងកោតសរសើរចំពោះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទាំងស្រុក ថ្នាក់ឃុំនិងថ្នាក់ភូមិ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពបម្រើប្រជាពលរដ្ឋនិងធ្វើការវាយបកតាមរយៈបណ្តាញសង្គមទៅគណបក្សប្រឆាំងបានទាន់ពេលវេលា។
យុវជនគណបក្សជាកម្លាំងចលករនិងជាអ្នក បន្តវេណយ៉ាងសំខាន់ នាពេលនេះក៏ដូចទៅថ្ងៃអនាគត ហេតុនេះសូមឱ្យក្មួយៗបន្តការខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីទទួល បាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ មានក្រមសីលធម៌វិជ្ជាជីវៈក្នុងការបម្រើផលប្រយោជន៍ជូនជាតិនិងប្រជាជន។ក្មួយៗ យុវជនទាំងអស់ត្រូវតែត្រៀមខ្លួនសម្រាប់ការរស់នៅ ការរៀនសូត្រ ត្រូវមានសកម្មភាពល្អទាំងវប្បធម៌ ទំនៀមទំលាប់ប្រពៃណីរបស់ជាតិ។
លោកនិងឯកឧត្តម បានលើកឡើងទៀតថា ផ្អែកលើបទពិសោធន៍ដែលគណបក្សប្រជាជនកម្ពុជាបានឆ្លងកាត់ កសាងនិងអភិវឌ្ឋន៍ប្រទេសរហូតមកដល់ពេលនេះជាង៤៤ឆ្នាំ ទទួលបាននូវសុខសន្តិភាព ស្ថេរភាពនិងភាពរឹងមាំទាំងផ្នែកសេដ្ឋកិច្ច សង្គមមានការរីកចម្រើនជាលំដាប់។ទាំងអស់នេះគឺមួយផ្នែកបានការចូលរួមពីក្រុមយុវជនតាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។
ទាំងអស់នេះបញ្ជាក់ឱ្យឃើញថា យុវជនរបស់យើងមានឆន្ទះ មានបេះដូង មានការសាមគ្គីគ្នាយ៉ាងល្អ ពោលគឺធ្វើអ្វីៗសម្រាប់តែផលប្រយោជន៍ជាតិនិងប្រជាជន ដូចពាក្យថា សាមគ្គី១០ ជ័យជំនះ១០ សាមគ្គីជោគជ័យ បែកបាក់ស្លាប់។លោកនិងឯកឧត្តម សូមឱ្យ ក្រុមយុវជនស្រុកវាលវែងទាំង៤ក្រុមត្រូវសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកធ្វើជាគម្រូដល់បណ្តាស្រុក ឃុំផ្សេងៗទៀត។
នៅក្នុងឱកាសនោះលោកនិងឯកឧត្តមក៏បានចែកជូនប័ណ្ណសរសើរដល់ក្រុមយុវជនឃុំ ស្រុកចំនួន១៦៤នាក់ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលានិងថវិកាផ្ទាល់ខ្លួនចូលរួមសកម្មភាពមនុស្សធម៌ ហើយក្នុងខណៈនោះដែរលោកងួន ប៉ោសេង បានផ្តល់ថវិកា២លានរៀលរបស់ឯកឧត្តម កេវ រតនៈប្រធានក្រុមការងារយុវជនគណបក្សខេត្តនិងឯកឧត្តម កែវ វរៈបានជួយឧបត្ថម្ភថវិកា៥០០ដុល្លានាពេលនោះផងដែរ៕