ពោធិសាត់៖ លោក ចេង ឡៃ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ជាសេនាធិការ បានដាក់ចេញផែនការនៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ឈានទៅបញ្ចប់នៅឆ្នាំ២០២៣ដែលមានប្រមាណ២១៦ពាន់ក្បាលដី ។
លោកចេង ឡៃ បានថ្លែងលើកឡើងបែបនេះនៅក្នុងពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ក្រុមចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធទាំង១១ភូមិក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២២ខែធ្នូឆ្នាំ២០២៣ដែលបានប្រារព្ធឡើងនៅវត្តសុវណ្ណមូលី ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង៤០០នាក់ ។
លោក លីវ សេងហ៊ីម អភិបាលនៃគណៈអភិបាលស្រុកក្រគរនិងលោក ឱន សទ្ធា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ដើម្បីឱ្យកិច្ចដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនដល់បងប្អូនជាម្ចាស់ក្បាលដីដែលស្ថិតក្នុងតំបន់ធ្វើការវិនិច្ឆ័យទាំង១១ភូមិ គឺភូមិ ថ្មី ភូមិកណ្តុរស ភូមិត្រពាំងឃ្លៃ ភូមិជជក ភូមិត្រពាំងកន្ទួត ភូមិបឹង ភូមិអូរអញ្ចាញ ភូមិពោធិ៍ខឿន ភូមិពោធិ៍អង្ក្រង ភូមិធ្លាម្អមនិងភូមិតាកែវក្រោមក្នុងឃុំបឹងកន្ទួត ចូលរួមស្តាប់ការផ្សព្វផ្សាយ ពន្យល់ណែនាំអំពីនីតិវិធីទាំង៤ដំណាក់កាល។
ម្ចាស់ក្បាលដី និង អ្នកពាក់ព័ន្ធ ត្រូវចូលរួមបំពេញការតព្វកិច្ចឱ្យបានជាប់ជាក់លាក់ជាមួយមន្ត្រីបច្ចេកទេស ដូចជា បោះបង្គោលកំណត់ព្រំ បើមានទំនាស់ត្រូវដោះស្រាយឱ្យបានរួចរាល់ ដោយភ្ជាប់មកជាមួយនូវសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សញ្ជាតខ្មែរ សំបុត្រកំណើតនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត។
លោក ចេង ឡៃ អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានជម្រាបជូនថា ការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ គិតមកដល់ពេលនេះអនុវត្តបាន៣៥៦ភូមិ ២៥ឃុំ សង្កាត់បានជាង៣១ម៉ឺនក្បាលដី ចែកប័ណ្ណបានជាង ១១ពាន់ក្បាលដីនិងត្រៀមចែកប័ណ្ណជិត៤ពាន់ក្បាលដី។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងរៀបចំដេនដី នគរូបនីយកម្ម និងសំណង់ជាសេនាធិការ បានជម្រុញនិងពន្លឿងនៃការចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់នៅឆ្នាំ២០២៥ហើយតាមការវាយតម្លៃ ផែនការត្រូវចុះបញ្ជីបន្តជាង២១៦ក្បាលដី ផែនការជម្រះការកកស្ទះមានជាង៤៣ពាន់ក្បាលដី លើ៤៤ភូមិ និងត្រូវបូកបន្ថែមការ ចុះបញ្ជីដីថ្មីជាង១៧២ក្បាលដីលើ១៧០ភូមិ ២៤ឃុំនិង៥ស្រុក ។
ទាំងអស់នេះទាមទាឱ្យមន្ត្រីក្រុមការងាររួមជាមួយអាជ្ញាធរមូលដ្ឋានជាពិសេសបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំងអស់សហការចូលរួមឱ្យបានគ្រប់ដំណាក់កាល បើមិនដូច្នោះទេការចុះបញ្ជីដីធ្លីមានសភាពយឺតយ៉ាវជាក់ជាមិនខានឡើង។
ដើម្បីជម្រុញការចុះបញ្ជីដីធ្លីនេះឈានទៅបញ្ចប់នោះក្រសួងបានបញ្ជូននិស្សិតមហាវិទ្យាល័យរៀបចំដែនដីនិងរដ្ឋបាលដីធ្លីចំនួន៣០នាក់ មន្ត្រីស្ម័គ្រចិត្ត១១៥នាក់រួមជាមួយមន្ត្រីក្របខណ្ឌ១៧នាក់ចែកចេញជា៦ក្រុមក្នុងមួយក្រុម២៥នាក់ដែលបាននឹងកំពុងចុះប្រតិបត្តិការនៅតាមភូមិ ឃុំ ស្រុក គោលដៅ។
កត្តាដែលសំខាន់នោះសូមឱ្យអាជ្ញាធរ ឃុំ ភូមិ ព្រឹទ្ធាចារ្យភូមិជួយជម្រុញដល់ប្រជាពលរដ្ឋជាម្ចាស់ដីមកចូលរួមហើយ សូមគំណត់ឱ្យបានច្បាស់លាស់អំពីបឹង ប៊ួ ប្រឡាយ ស្ទឹង ព្រែក អូរ ផ្លូវ ច្រក សម្រាប់ការអភិវឌ្ឍន៍នៅពេលខាងមុខកុំឱ្យមានការប៉ះពាល់និងខូចខាតទ្រព្យសម្បត្តិរបស់បងប្អូន។
លោកបានជម្រាបជូនថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១របស់រាជរដ្ឋាភិបាល ការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពដទៃទៀតគឺការបន្តដំណើរកែទម្រង់និងជម្រុញចុះបញ្ជីដីធ្លីនិងការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធតុលាការ ការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ ជាតិនិងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធិភាព។
លោកសង្ឃឹមជឿជាក់ថា ទាំងអាជ្ញាធរ ទាំងបងប្អូនជាម្ចាស់ដីជាពិសេសក្រុមការងារពិតជាអនុវត្តនិងបំពេញការតព្វកិច្ចទទួលបានលទ្ធផលប្រសើរ៕