ពោធិសាត់៖ អគារបណ្ណាល័យមួយខ្នងដែលទើបសាងសង់រួច ជាអំណោយរបស់អង្គការអាដ្រាកម្ពុជា ប្រគល់ទៅឲ្យសាលាបឋមសិក្សាស្រែពង្រូល ស្ថិតក្នុងឃុំរកាតស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ ពិធីនេះក៍មានការចូលរួមពីលោក គឹម អ៊ីឈន់ ប្រធានអង្គការប្រទេសកូរ៉េខាងត្បូង និងលោក លី ហ៊ីយូស៊ីន តំណាងអង្គការអាដ្រាកម្ពុជាផងដែរ។
លោក រិទ្ធ សារ៉ាយ ប្រធានអង្គការអាដ្រាកម្ពុជាប្រចាំខេត្តពោធិ៍សាត់ បានជម្រាបជូនថា គម្រោងឧបត្ថម្ភកុមារគ្រួសារក្រីក្រ កំពុងបន្តគាំទ្រនៅទីតាំងគោលដៅខេត្តពោធិ៍សាត់ចំនួន១១ភូមិ ក្នុងនោះ០៩ភូមិនៅស្រុកភ្នំក្រវាញ ០១ភូមិនៅស្រុកកណ្ដៀង និង០១ភូមិទៀតនៅក្រុងពោធិ៍សាត់។
គម្រោងបានសហការជាមួយសាលារៀនចំនួន១៣ ក្នុងនោះសាលាបឋមសិក្សាចំនួន០៨គឺ សាលាកែវមុនី អូរបាក់ត្រា ព្រងិល ស្បូវរីក ព្រៃខ្លុង ស្រែពង្រូល ដំរីស និងក្រាំងតាសែន អនុវិទ្យាល័យចំនួន០៤ គឺអនុវិទ្យាល័យសម្ដេចឪ គល់ទទឹង កំផែង ក្រាំងតាសែន ហើយនឹងវិទ្យាល័យចំនួន០១ គឺវិទ្យាល័យសម្ដេចហ៊ុនសែន។
សកម្មភាពរយៈពេល១៣ឆ្នាំកន្លងមកនេះ បានជួយកសាងអគារសិក្សា បង្គន់អនាម័យ អាងស្ដុបទឹក ធុងចម្រោះទឹក អណ្ដូងទឹក ផ្ដល់សម្ភារៈសិក្សា សម្ភារៈអនាម័យ កាបូបរៀន សម្លៀកបំពាក់ ឯកសណ្ឋាន កង់ ព្រមទាំងពិនិត្យសុខភាពមាត់ធ្មេញ និងឧបត្ថម្ភការរៀនក្រៅម៉ោងផងដែរ។ ក្រៅពីនេះបានបណ្ដុះបណ្ដាលវិជ្ជាជីវៈដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែ ផ្លែឈើ កាត់ដេរ និងជួសជុលគ្រឿងម៉ាស៊ីនជាដើមជាក់ស្ដែងបណ្ណាល័យមួយខ្នងនៅសាលាបឋមសិក្សាស្រែពង្រូល ដែលធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ធ្វើអំពីថ្ម ប្រក់ស័ង្កសី បំពាក់ទៅដោយអំពូលភ្លើង កង្ហា នាឡិកា តុ កៅអី និងទូរដាក់ឯកសារ ដែលចំណាយថវិកាសរុបជាងមួយម៉ឺនដុល្លាសហរដ្ឋអាមេរិក ជាអំណោយរបស់អង្គការអាដ្រាកម្ពុជា។
បន្ទាប់ពីមតិចូលរួមរបស់ប្រធានអង្គការប្រទេសកូរ៉េខាងត្បូង និងតំណាងអង្គការអាដ្រាកម្ពុជារួចមក លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានកោតសរសើរដោយស្មោះចំពោះអង្គការអាដ្រា ទាំងនៅខេត្តពោធិ៍សាត់ ទាំងនៅភ្នំពេញ ទាំងនៅប្រទេសកូរ៉េខាងត្បូង ដែលបានខ្នះខ្នែងជួយឧបត្ថម្ភគ្រប់បែបយ៉ាងកន្លងមក ជាក់ស្ដែងដូចជាបណ្ណាល័យដែលត្រូវធ្វើពិធីសម្ពោធនៅថ្ងៃនេះស្រាប់ ដើម្បីជាប្រយោជន៍ក្នុងការលើកកម្ពស់ចំណេះដឹង និងការអភិវឌ្ឍមូលដ្ឋានភូមិឃុំរបស់យើង។
ដើម្បីឆ្លើយតបទៅនឹងអង្គការអាដ្រាដែលបានជួយកសាងអគារសិក្សានិងឧបត្ថម្ភគ្រប់បែបយ៉ាងកន្លងមក ទោះបីស្ថិតក្រោមលក្ខខណ្ឌណាក៍ដោយ ឪពុកម្ដាយ អាណាព្យាបាលសិស្ស ត្រូវបន្តបញ្ជូនកូនចៅឲ្យមករៀនគ្រប់ៗគ្នា ដើម្បីឲ្យពួកគេមានចំណេះដឹងនិងមានអនាគតល្អទៅថ្ងៃមុខ។
ចំពោះក្មួយៗសិស្សានិសិស្ស ត្រូវខិតខំរៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗ ត្រូវធ្វើខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ដើម្បីជាទំពាំងស្នងឬស្សីនៃប្រទេសជាតិ។ នៅពេលមានបណ្ណាល័យនេះហើយ សូមលោកគ្រូអ្នកគ្រូចាត់ចែងធ្វើយ៉ាងណាឲ្យសិស្សានុសិស្ស បានចូលអានសៀវភៅគ្រប់ៗគ្នា ព្រោះថាអ្នកដែលបានអានសៀវភៅ ធ្វើឲ្យខួរក្បាលចងចាំល្អ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីមានមូលដ្ឋានក្នុងការនិយាយជាមួយអ្នកដទៃ។
បន្ទាប់ពីជូនលិខិតសរសើរដល់សិស្សពូកែ និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សរួចមក គណៈអធិបតីបានអញ្ជើញកាត់ខ្សែបូរសម្ពោធ អគារបណ្ណាល័យ ព្រមទាំងបានចូលទស្សនាក្នុងបណ្ណាល័យនោះផងដែរ ៕