ពោធិសាត់៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលនិងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារគ្រប់វិស័យរបស់រដ្ឋបាលខេត្តនៅសាលប្រជុំសាលាខេត្ត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីបានដំណើរការអស់ រយៈពេល២ថ្ងៃដោយបានការចូលរួមពីឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ក់ រ៉ាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្តព្រមទាំងឯកឧត្តម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំសង្កាត់មន្ទីរអង្គភាពជុំវិញខេត្តជិត២០០នាក់ ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា រយៈពេល២ថ្ងៃនេះអង្គសន្និបាតបានដំណើរការទៅយ៉ាងរលូននិងទទួលបានលទ្ធផលគួជាទីមោទនៈ។
អង្គសន្និបាតត្រូវបានសមាជិក សមាជិការបានធ្វើបទអន្តរាគមន៍ ពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនិងអាជ្ញាធរមូលដ្ឋាន និងពិភាក្សាជា៤ក្រុមដើម្បីផ្តល់ធាតុចូលទៅលើរបាយការណ៍ដែលមានប្រធានបទចំនួន៤រួមមាន ១- ការចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋ ២-ការលើកកម្ពស់គុណភាពនិងប្រសិទ្ធិភាព ក្នុងការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ៣- ការដោះស្រាយទំនាស់ដីធ្លីនិងវិវាទក្រៅតុលាការនៅមូលដ្ឋាននិង៤- បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
នូវរាល់បទអន្តរាគមន៍ក៏ដូចកិច្ចពិភាក្សាបានផ្តោតសំខាន់លទ្ធផលការងារលើបញ្ហាប្រឈម ដំណោះស្រាយ សំណូមពរជាគន្លឹះដើម្បីធានាមានប្រសិទ្ធិភាព បទពិសោធន៍និងធាតុចូលរួមក្នុងការគ្រប់គ្រងដឹកនាំនិង អនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤។
ឯកឧត្តមបានលើកឡើងទៀតថា នៅចំពោះមុខរដ្ឋបាលខេត្តបន្តការខិតខំពង្រឹងវិន័យ សីលធម៌ អភិវឌ្ឍន៍សមត្ថភាព រចនាសម្ព័ន្ធនិងប្រមូលផ្តុំទស្សនៈបញ្ញាញាណ ពុះពារជំនៈដោះស្រាយបញ្ហាប្រឈមនានាដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងសុខុមាលភាពវិបុលសុខជូនប្រជាជនទូទាំងខេត្ត។
មានប្រសាសន៍ក្នុងពិធីបិទសន្និបាត ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលកម្ពុជាមានសារៈសំខាន់ជាច្រើនចំពោះមន្ត្រីរាជការក្នុងការលុបបំបាត់ភាពអសកម្ម អំពើពួករលួយនិងមានតម្លាភាពពិសេសក្នុងជួរក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តនិងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដើម្បីឆ្ពោះទៅអភិវឌ្ឍន៍នៅមូលដ្ឋាននិងរួមចំណែកយ៉ាងសកម្មលើការងារកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។
ឯកឧត្តមបានថ្លែងទៀតថាទន្ទឹមនឹងសមិទ្ធិផលដែលខេត្ត ពោធិ៍សាត់ទទួលបានក្នុងឆ្នាំ២០២៣ ក៏ដោយក៏នៅមានបញ្ហាប្រឈមត្រូវរួមគ្នា បន្តការខិតខំសម្របសម្រួលដោះស្រាយនិងសម្រេចឱ្យបាននូវទិសដៅជាយុទ្ធ សាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព ដោយកំណត់ អាទិភាពជាគន្លឹះចំនួន៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យនោះកត្តាសំខាន់ៗគឺ ខិតខំថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ ជម្រុញនិងអនុវត្តកម្មវិធីកំណែទម្រង់នានានៅចុងអាណត្តិរបស់រាជរដ្ឋាភិបាលសំដៅធានាឱ្យប្រទេសយើងមានកំណើនសេដ្ឋកិច្ចខ្ពស់សម្រាប់ជាមូលដ្ឋាននិងខិតខំប្រមូលផ្តុំ បង្កើនប្រសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ ដោះស្រាយបញ្ហាប្រឈម សំណូមពរ សំណើរ និងតម្រូវការចាំបាច់ដែលពាក់ព័ន្ធ ទៅនឹងជីវភាពប្រជាជន។
ឯកឧត្តម បានដាក់ចេញទិសដៅសំខាន់ៗសម្រាប់រដ្ឋបាលគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់អំពី សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈលទ្ធិប្រជាធិបតេយ្យ ការអនុវត្តច្បាប់ ថែរក្សាការពារធនធានធម្មជាតិ របៀបរបបការងារនិងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ស្រុក ក្រុងខណ្ឌអាណត្តិទី៤ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកនាំទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។
នៅក្នុងខណៈនោះដែរឯកឧត្តមបានបំពាក់គ្រឿងឥស្សរយស ដល់មន្ត្រីរាជការដែលមានស្នាដៃចំណុះរដ្ឋបាលសាលាខេត្តរួមមានគ្រឿងឥស្សរិយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ចំនួន៧រូប ថ្នាក់មហាសេនាចំនួន៣រូប ថ្នាក់ធិបឌិន្ទចំនួន២រូប ថ្នាក់សេនាចំនួន៥រូប ថ្នាក់អស្សឬទ្ធិ ចំនួន២៥រូប មេដាយមាសការងារចំនួន១៥រូប មេដាយប្រាក់ការងារចំនួន២១រូបនិង និងមេដាយសំរិទ្ធិការងារ១១រូប និងជូនប័ណ្ណសរសើរមន្ត្រីរដ្ឋបាលខេត្តចំនួន៥៩ នាក់។
សូមបញ្ជាក់ថា នៅក្នុងពិធីបិទអង្គសន្និបាត អានសេចក្តីសម្រេចលេខ២០៥សសរចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣របស់រាជរដ្ឋាភិបាលស្តីពីការចាត់តាំងសមាភាពក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ចំនួន១០៣រូបដែលមានឯក ឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលជាប្រធាន នាពេលនោះផងដែរ៕