កំពង់ឆ្នាំង៖ លោក សរ លាង ប្រធានមន្ទីរធម្មការនិង សាសនាខេត្តកំពង់ឆ្នាំង និង ព្រះទេពមុនី សុខ ថាន បានមានប្រសាសន៍ និង សង្ឃដីកា សំណូមពរដល់អាជ្ញាធរដែនដីសហការជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការ ជាពិសេស រក្សាសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យផ្សេងៗអោយបានល្អនិងសូមចូលរួមរំងាប់អធិករណ៍កុំអោយកើតមានអធិករណ៍ នៅក្នុងវត្តនិង ក្នុងដែនសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។
លោក សរ លាង និង ព្រះទេពមុនី សុខ ថាន បានសំណូមពរបែបនេះ នាព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីប្រកាសអាចារ្យ គណៈកម្មការវត្តភូមិកោះថ្កូវ ស្ថិតឃុំកោះថ្កូវស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តនិងចូលរួម
ពីព្រះសិរីធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត លោក រ៉ន សោភ័ណ អភិបាលរងស្រុកជលគីរី លោក មាស សំណាង ប្រធានការិយាល័យជំនាញនៃមន្ទីរធម្មការនិង
សាសនាខេត្ត ព្រះភិក្ខុពុទ្ធធិរោ ឡេ សារុទ្ធ ព្រះលេខាសាលាអនុគណស្រុក ការិយាល័យជំនាញស្រុក តំណាងលោក មេឃុំកោះថ្កូវ លោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ លោកមេភូមិ ព្រះចៅអធិការវត្ត និង ព្រះសង្ឃក្នុងវត្តព្រះទាំងសមាសភាពអាចារ្យ គណៈកម្មការចូលរួមផងដែរ។
លោក សរ លាង និង ព្រះទេពមុនី សុខ ថាន ក៏បានផ្តាំផ្ញើដល់អាចារ្យ គណៈកម្មការដែលទើបនិងតែងតាំងថ្មីត្រូវសាមគ្គី សហការ គោរពអោយបានតាមតួនាទី និង ភារកិច្ច អោយបានត្រឹមត្រូវតាមឋានានុក្រមដែលបានចែងនៅក្នុងសេចក្តីសម្រេចបានប្រគល់ជូននាថ្ងៃនេះ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក រ៉ន សោភ័ណ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀស អោយឆ្ងាយពីគ្រឿង និង អំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើម។
នៅបញ្ចប់ពិធីនេះព្រះគណៈអធិបតី និង គណៈអធិបតីក៏បានប្រគល់សេចក្តីសម្រេចជូនដល់អាចារ្យ កម្មការ វត្ត ទើបតែងតាំងថ្មីផងដែរ៕