មន្ទីរជំនាញ និងអាជ្ញាធរដែនដី សូមឱ្យម្ចាស់និងអ្នកពាក់ព័ន្ធ ចូលរួមជាមួយក្រុមបច្ចេកទេស ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ២ភូមិក្នុងឃុំស្យា ស្រុកកណ្តៀង

ពោធិ៍សាត់៖ លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តនិងលោ ប៊ុង តាំងឡាយ អភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋនិងអ្នកពាក់ព័ន្ធត្រូវមកចូលរួមជាមួយក្រុមបច្ចេកទេសចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធភូមិព្រៃស្រគុំនិងភូមិវត្តលៀប ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោកបានធ្វើការអំពាវនាវបែបនេះនៅក្នុងពិធីប្រជុំប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នាព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣ដែលបានប្រារព្ធធ្វើឡើងនៅវត្តលៀប ដោយមានការចូលរួមពីមន្ត្រីមន្ទីរពាក់ព័ន្ធអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំង២ភូមិជិត២០០នាក់។

លោក សួង សែ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តនិងលោក ប៊ុង តាំងឡាយ អភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង បានលើកឡើងថា ម្ចាស់ដីឬអ្នកពាក់ព័ន្ធនៅក្នុងភូមិវត្តលៀបនិងភូមិព្រៃស្រគុំ នៃឃុំស្យាចាំបាច់ ណាស់ក្នុងការចូលរួមឱ្យបានគ្រប់ទាំង៥ដំណាក់កាលជាមួយមន្ត្រីជំនាញសម្រាប់ដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំងដីលំនៅឋាន និងទាំងដីកសិកម្ម។

ម្ខាស់ដីឬអ្នកពាក់ព័ន្ធនិងអ្នកជាព្រំក្បាលដីត្រូវធ្វើការកំណត់ព្រំប្រទល់ក្បាលដីរួមគ្នា ដោយមានដាំបង្គោលឱ្យបានរួចរាល់និងឯកភាពគ្នាមុន​ពេលមន្ត្រីកំណត់ព្រំនិងវាស់វែង។ក្រោយពីកំណត់ព្រំម្ចាស់ដីត្រូវបង្ហាញឯកសារជា លាយល័ក្ខអក្សររួមមានសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណសញ្ជាតខ្មែរ សៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកិច្ចសន្យា បណ្តាំមរតកនិងសាលក្រមពីតុលាការ។

លោកបានជម្រាបជូនថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមមានលក្ខណៈជាប្រព័ន្ធមាន៥សំណាក់ កាលគឺ ១- ត្រៀមរៀបចំប្រជុំផ្សព្វផ្សាយនិងកំណត់តំបន់ធ្វើការវិនិច្ឆ័យ ២- មន្ត្រីបច្ចេកទេសចុះប្រតិបត្តិការវាស់វែង វិនិច្ឆ័យកសាង ប្លង់សុរិយោដីនិងបញ្ជីឈ្មោះម្ចាស់ដី ៣- បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងរយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាព ឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាពគ្រួសារនិងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង ៤-សម្រេចលើឯកសារវិនិច្ឆ័យរបាយការណ៍ជូនអភីបាលខេត្តពិនិត្យនិងសម្រេចលើការផ្តល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ និង៥ -ចេញប័ណ្ណនិងចែកប័ណ្ណកម្មសិទ្ធិជូនប្រេជាពលរដ្ឋម្ចាស់ដី។

ផលប្រយោជន៍នៃប័ណ្ណកម្មសិទ្ធិ គឺធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ប្រើប្រាស់ បែងចែកនិងគ្រប់គ្រង ជាឯកសារសម្អាងនៅពេលមានជម្លោះដីធ្លី ធ្វើឱ្យកាន់តែ ប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងបង្កើនតម្លៃដីប្រកបដោយទំនុកចិត្តលោកសូមឱ្យបងប្អូនប្រជាពលរដ្ឋយល់ថា​ ដីជាជីវិត ដូច្នេះត្រូវការពារនិងប្រើប្រាស់ដីឱ្យមាននិរន្តរភាពបានយូរអង្វែងដល់កូនជំនាន់ក្រោយ។

តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយនេះសូមឱ្យ អាជ្ញាធរភូមិ ឃុំ ព្រឹទ្ធាចារ្យនិងបងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់គិតគូនិងរក្សាទុកអំពីផ្លូវ ច្រក បឹង​ ប៊ួរ ប្រឡាយ ស្ទឹង អូរ ព្រែក ទីទួលបុរាណនិងទ្រព្យសម្បត្តិសាធារណរបស់រដ្ឋឬទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ សម្រាប់ការអភិវឌ្ឍន៍នាពេលខាងមុខ។

ជាមួយគ្នា នោះសូមថ្លែងអំណរគុណនិងកោតសរសើរដល់មន្ត្រីជំនាញទាំងក្របខណ្ឌ និងទាំងមន្ត្រីស្ម័គ្រចិត្តដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រឹងប្រែងធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងស្រុកទទួលបានលទ្ធផលល្អប្រសើរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *