មន្ត្រីជាន់ខ្ពស់ក្រសួង សុខា ភិបាលការថែទាំសុខភាពបឋម បានរួមចំណែកដល់សុខភាព ដែលប្រសើរនៅកម្ពុជារួមទាំង ការកាត់បន្ថយដ៏ច្រើននូវអត្រាមរណភាពមាតា ទារក និងកុមារអាយុក្រោមប្រាំឆ្នាំ និងជំងឺឆ្លង

សៀមរាប៖ នៅក្នុងពិធីបើកអង្គសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្តស្តីពីការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះនៅសណ្ឋាគារអង្គរមីរ៉ាខលរីស្សត&ស្ប៉ា ខេត្តសៀមរាប លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋម បានមានប្រសាសន៍ថា៖ការថែទាំសុខភាពបឋម បានរួមចំណែកដល់សុខភាពដែលប្រសើរឡើងនៅកម្ពុជា ក្នុងនោះរួមទាំង ការកាត់បន្ថយដ៏ច្រើន នូវអត្រាមរណភាពមាតា ទារក និងកុមារអាយុក្រោមប្រាំឆ្នាំ និងជំងឺឆ្លងមួយចំនួនដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេង។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាគោលនយោបាយអាទិភាពចម្បងមួយ ក្នុងចំណោមគោលនយោបាយអភិវឌ្ឍតាមវិស័យ ដោយមានការលើកកម្ពស់ទំនើបភាវូបនីយកម្មប្រព័ន្ធ ផ្តល់សេវាសុខាភិបាលសុខភាពឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល នៅដំណាច់ឆ្នាំ២០៣០។ជំទាវវេជ្ជបណ្ឌិត បានមានប្រសាសន៍បន្តទៀតថាការថែទាំសុខភាពបឋម គឺជាអភិក្រមសង្គមទាំងមូលដើម្បីសុខភាពដែលសំដៅធានាធ្វើឱ្យប្រសើរឡើង នូវសុខភាព និងសុខុមាលភាព ដោយផ្តោតលើតម្រូវការរបស់ប្រជាជន និងការឆ្លើយតបតាមតម្រូវការទាំងនេះ ឱ្យបានទាន់ពេល និងការផ្តល់សេវា ចាប់ពីការលើកកម្ពស់សុខភាព និងការបង្ការជំងឺរហូតដល់ការព្យាបាល ការស្ដារ នីតិសម្បទា និងការព្យាបាលសម្រន់។ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា ៖ ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវការគ្របដណ្ដប់សុខភាពជាសកល ដើម្បីការពារ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង ជំងឺមិនឆ្លង និងធានាសុវត្ថិភាពសុខភាពសាធារណៈផងដែរ។ ចក្ខុវិស័យដែលចង់បានសម្រាប់ការថែទាំសុខភាពបឋមនៅកម្ពុជា ក្នុងឆ្នាំ២០៣០ ត្រូវចាប់ផ្តើមពិនិត្យពីស្ថានភាពបច្ចុប្បន្ននៃប្រព័ន្ធសុខាភិបាល និងការថែទាំសុខភាពបឋមនៅកម្ពុជា កំណត់សក្តានុពលសម្រាប់ពង្រីកតួនាទីមណ្ឌលសុខភាព និងតម្រូវការនានាដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវការថែទាំសុខភាពបឋមនៅកម្ពុជា ព្រមទាំងកំណត់ជម្រើសគោលនយោបាយដើម្បីសម្រេចបានការផ្លាស់ប្តូរនេះក្នុងទសវត្សរ៍ក្រោយ ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងជាតំណាងឱ្យអាជ្ញាធរខេត្តសៀមរាបផងដែរនោះ លោកជំទាវ ខេង តារាស៊ី សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ក៍បានមានប្រសាសន៍ គាំទ្រនៅក្នុងការអនុវត្តក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា របស់ក្រសួងសុខាភិបាលនាពេលនេះគឺពិតជាមានសារសំខាន់សម្រាប់អាជ្ញាធរថ្នាក់ក្រោមជាតិ ប្រើប្រាស់ដើម្បី ពិនិត្យមើលស្ថានភាពនៃការថែទាំបឋមក្នុងតំបន់របស់ខ្លួន និងកំណត់ចក្ខុវិស័យសម្រាប់ការថែទាំសុខភាពសម្រាប់ពេលអនាគត និងយុទ្ធសាស្ត្រតាមធនធានជាក់ស្តែងដើម្បីសម្រេចគោលដៅរបស់ខ្លួន។ លោកជំទាវ ខេង តារាស៊ី ក៍បានមានប្រសាសន៍ស្នើសុំដល់អាជ្ញាធរក្រុង- ស្រុក ឃុំ- សង្កាត់ មន្ទីរអង្គភាព អង្គការសង្គមស៊ីវិលរួមនិង ភាគីពាក់ព័ន្ធទាំងអស់ចូលរួម និងផ្តល់ការគាំទ្រ សម្រាប់ការជំរុញក្នុងការងារថែទាំសុខភាពបឋមឲ្យទទួលបានជោគជ័យបន្ថែមទៀត។ ក្នងនោះដែរ លោកស្រី តូមូកូ អូណូដា តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា ការងារថែទាំសុខភាពបឋមបានរួមចំណែកយ៉ាងច្រើនដល់សុខភាពពិភពលោករហូតមកដល់ពេលនេះ។ ហើយការរថែទាំសុខភាពបឋមគឺជាអាទិភាពមួយរបស់អង្គការសុខភាពពិភពលោកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនៅក្នុង ប្រទេសកម្ពុជា។ លោកស្រីបន្តថា សុខភាពបឋមត្រូវបានចាត់ទុកថាជាយាន្តដែលមានប្រសិទ្ធភាព សមភាព និងបរិយាបន្នដែលនឹង នាំឲ្យសម្រេចបានការគ្របដណ្តប់សុខភាពសកល និងចុងក្រោយនឹងរួមចំណែកដល់ការសម្រេចឲ្យបានគោលដៅ អភិវឌ្ឍប្រកបដោយចិរភាពនៅឆ្នាំ២០៣០ផងដែរ ។ លោកស្រី តូមូកូ អូណូដា ក៍បានបញ្ជាក់បន្ថែមថា អង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជានឹងបន្តជួយគាំទ្រការអនុវត្ត ក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម នេះដោយធ្វើការងារជិតស្និតជាមួយភាគីពាក់ព័ន្ធទាំងអស់ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក រហូតដល់ថ្នាក់ឃុំនិងសហគមន៍ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *