សកម្មភាពជួស ជុល ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម សម្រេចបាន៦០ ភាគរយហើយ

សៀមរាប៖ ក្រុមការងារ នៃកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងឥណ្ឌាឲ្យដឹងថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនឹងបញ្ចប់នៅដើមឆ្នាំ២០២៤ខាងមុខនេះ ។
ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar បានឲ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ព័ន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ការស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯទីតាំងដែលបាត់បង់ថ្មឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ព័ន្ធផ្សេងៗ ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានសម្រេច៦០ភាគរយហើយ។លោក Chitranjan Kumar បញ្ជាក់ទៀតថា គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ ការងារដែលនៅសេសសល់ គឺចាប់ពីផ្នែកកព្រហ្មឡើងទៅលើ ដោយសារតែថ្មមួយចំនួននៃផ្ទៃមុខព្រហ្មទាំងបួនទិសបានបាត់បង់ ដែលត្រូវរងចាំឆ្លងយោបល់ពីក្រុមអ្នកជំនាញការរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ថាតើអាចយកថ្មថ្មីមកជំនួសបានឬយ៉ាងណា? ដើម្បីឲ្យស្របទៅតាមក្រមធម្មនុញ្ញអង្គរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *