រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធសន្និបាតបូកសរុប លទ្ធផល ការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤

ពោធិសាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់បានប្រារព្ធសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៣និង លើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៤ រយៈពេល២ថ្ងៃនៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិ បាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ និងមន្ត្រីចំណុះសាលាខេត្តជិត២០០នាក់ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។

បន្ទាប់ពីបានទស្សនាពិព័ណរូបភាពស្តីពីសកម្មភាពតាមមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ សម្រេចបានក្នុងឆ្នាំ២០២៣ នោះរួចមក ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់មានប្រសាសន៍ បើកអង្គសន្និបាត ដោយបានលើកឡើងថា គោលបំណងសំខាន់ធ្វើការឆ្លុះបញ្ចាំងនិងបង្ហាញអំពីលទ្ធផល សមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាននិងរំលេចឱ្យឃើញនូវបញ្ហាប្រឈមនានាក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ទីរ អង្គភាពនិងស្ថាប័នពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

អង្គសន្និបាតរយៈពេល២ថ្ងៃពិតជាទទួលបាននូវធាតុចូលពីគ្រប់តួរអង្គនិងបានរៀបចំឱ្យមានប្រធានបទចំនួន៤គឺ ១- ការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ ២- លើកកម្ពស់គុណភាពនិងប្រសិទ្ធិភាពក្នុងការពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ៣- ដោះស្រាយទំនាស់ដីធ្លី និងវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន និង ៤ – បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ប្រធានបទពិភាក្សានិមួយៗត្រូវផ្តោត សំខាន់លើលទ្ធផលការងារ បញ្ហាប្រឈម វិធានការ ដំណោះស្រាយ និងសំណូមពរព្រមទាំងពិភាក្សាបន្ថែមលើចំណុចគន្លឹះសំខាន់ៗ ដើម្បីធានាឱ្យមានប្រសិទ្ធិភាព ។

ក្រៅពីនោះត្រូវផ្លល់យោបល់បានផុលផុសក្នុងការពង្រឹងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៤ប្រកបដោយប្រសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅនៃ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា។

ឯកឧត្តម សូមឱ្យសមាជិក សមាជិ ការ អង្គសន្និបាត ផ្តោតការយកចិត្តទុកដាក់ ក្នុងការចូលរួមពិនិត្យ ផ្តល់ធាតុចូល និង ពិភាក្សាលើបញ្ហានានា ដើម្បីធានាបាននូវផែនការជាក់លាក់ ប្រកដប្រជានិងភាពជាម្ចាស់ ។

ជាមួយគ្នានោះត្រូវផ្តល់នូវកាលានុវត្តភាពដល់គ្រប់ប្រតិបត្តិករក្នុងវិស័យសាធារណៈនិងវិស័យឯកជនព្រមទាំងតួរអង្គពាក់ព័ន្ធប្រមូលផ្តុំនូវទស្សនៈបញ្ញាញាណ តាមរយៈនៃកិច្ចពិភាក្សា ក្នុងការស្វែងរកគន្លឹះបទពិសោធន៍ បញ្ហាប្រឈម ការដោះស្រាយ អនុសាសន៍សម្រាប់ជាមូលដ្ឋានក្នុងការកែលម្អទាំងគោលការណ៍និង ការអនុវត្តជាដើម។

ឯកឧត្តមបានថ្លែងទៀតថា ឆ្លងតាមសមិទ្ធិផលធំៗលើគ្រប់វិស័យដែលរដ្ឋបាលខេត្តពោធិ៍សាត់សម្រេចបានក្នុងឆ្នាំ២០២៣ ពិតជាបានឆ្លុះបញ្ចាំងអំពីភាពជាម្ចាស់របស់ប្រជាពលរដ្ឋ ជាកម្លាំងសាមគ្គីនៅក្រោមម្លប់សន្តិភាព ស្ថេរភាព។

នៅចំពោះមុខគឺធានាអនុវត្ត ឱ្យបានជោគជ័យនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាគឺដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាពនិងចីរភាពនិងការពង្រឹងអភិបាលកិច្ចជាស្នូលដោយបានកំណត់យកអាតិភាពជាគន្លឹះ ចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាសំដៅការពារ ថេរក្សា ពូនជ្រុំសមិទ្ធិផលសង្គមជាតិប្រកបដោយឆន្ទះមុតស្រួចនិងម៉ឺង ម៉ាត់តាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់គឺធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គមនិងអភិវឌ្ឍន៍។

បន្ទាប់មកលោក ណារ៉ា​ ចំរើន នាយករដ្ឋបាលសាលាខេត្តបានអានរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅការងារឆ្នាំ២០២៤និងរបាយការណ៍ការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មាន សុវត្ថិភាពប្រចាំឆ្នាំ២០២៣និងទិសដៅឆ្នាំ២០២៤របស់ស្នងការដ្ឋាននគរបាលខេត្តផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *