បើកការប្រកួតកីឡា បាល់ទាត់និងបាល់ទះ ដណ្តើម ពានរង្វាន់កែវ រតនៈនៅស្រុកវាលវែង

ពោធិសាត់៖ រដ្ឋបាលស្រុកវាលវែង បានដំណើរការប្រកួតកីឡាបាល់ទាត់និងបាល់ទះ​ ដណ្តើមពានរង្វាន់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ក្រោមគំនិតផ្តួចផ្តើមឡើងដោយ ឯកឧត្តម កែវ វរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកវាលវែង ដើម្បីអបអរសាទរទិវាជ័យជំនះ ៧មករាខួបលើកទី៤៥នៅលើទិលានកីឡាបាល់ទាត់វិទ្យាល័យប្រម៉ោយ ស្ថិតក្នុងឃុំប្រ ម៉ោយ ស្រុកវាលវែង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោក វង្ស អេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានឱ្យដឹងថា ក្រុមកីឡាដែលបានចូលរួមប្រកួតបាល់ទាត់មាន១៣ក្រុមមានកីឡាករចំនួន២៦០នាក់ ​គឺមកពីឃុំប្រម៉ោយ៨ក្រុម ឃុំអន្លង់រាប២ក្រុម ឃុំក្រពើពីរ២ក្រុមនិងឃុំអូរសោម១ក្រុម ។

កីឡាបាល់ទះមាន៦ក្រុម និងមានកីឡាករ៧២នាក់ មកពីឃុំប្រមោយមាន៣ក្រុម គឺក្រុមបាល់ទះគូប៊ូតា បាល់ទះ យុវជនត្បូងស្ទឹង និងបាល់ទះយុវជនដំរី៥ ឃុំអន្លង់រាបមាន១ក្រុម គឺក្រុមបាលទះឃុំអន្លង់រាប ឃុំក្រពើពីរមាន១ក្រុមគឺក្រុមបាល់ទះឃុំក្រពើពីនិង ឃុំថ្មដាមាន១ក្រុមគឺក្រុមបាល់ទះប៉ុស្តិ៍ថ្មដា។

ឯកឧត្តម កែវ វរៈ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកវាលវែង បានថ្លែងថា ការប្រកួតកីឡាបាល់ទាត់​ និងបាល់ទះដណ្តើមពានរង្វាន់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ គឺប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរទិវាជ័យជំនះ៧មករាខួបលើកទី៤៥នៅក្នុងស្រុកវាលវែងនិង ជ្រើសរើស យុវជនវ័យក្មេង មានសមត្ថភាព ទេពកោសល្យ និងហ្វឹកហាត់បំប៉ន បន្ថែម សម្រាប់ទៅចូល រួមប្រកួតថ្នាក់ខេត្តនិងថ្នាក់ជាតិ។

បច្ចុប្បន្ននេះនៅក្នុងខេត្តក៏ដូចបណ្តាស្រុក ក្រុងមានសន្តិភាពពេញលេញ សេដ្ឋកិច្ចជាតិមានការរីកចម្រើន គ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានចាត់ទុកថា ការងារអប់រំកាយនិងកីឡា បានដើរតួនាទីយ៉ាងសំខាន់និងជាយានក្នុងការអភិវឌ្ឍន៍សង្គម ពីព្រោះ«​កីឡាកសាងមនុស្ស មនុស្សសាងសង្គម»។

ការអប់រំកាយ និង កីឡា គឺ ជាសមាសភាគមួយនៃវិស័យអប់រំ ដែលជាមធ្យោបាយហាត់ពត់រាងកាយ និងបញ្ញាស្មារតី របស់មនុស្ស ឲ្យមានការលូូតលាស់ ល្អ រក្សាកម្លាំងមាំមួន និងសុខភាពល្អ កាត់បន្ថយភាពអសកម្ម ផ្សេងៗ។

ដូចនេះហើយបានជានៅស្រុកវាលវែងក៏ដូចបណ្តាស្រុក ក្រុងទូទាំងខេត្តតែងតែរៀបចំការប្រកួតកីឡាបាល់ទាត់និងបាល់ទះជារៀងរាល់ឆ្នាំសំដៅលើកកម្ពស់វិស័យកីឡានៅក្នុងតំបន់ឲ្យកាន់តែមានភាពលេចធ្លោព្រោះថាកីឡានាំមកនូវសុខភាព សន្តិភាព សាមគ្គីភាពមិត្តភាព បើគ្មានសុខភាពនិងសម្តិភាពនោះទេយើងមិនអាចលេងកីឡាបាននោះឡើយ។

ក្នុងនាមតំណាងរាស្ត្រនិងក្នុងនាមក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកវាលវែង ឯកឧត្តម បានដាក់ចេញយុទ្ធសាស្ត្រនិងទិសដៅក្នុងការអភិវឌ្ឍន៍វិស័យកីឡាគឺត្រូវជម្រុញសកម្មភាពកីឡានៅតាមសាលារៀន សហគមន៍ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល «យុវជនម្នាក់ត្រូវចេះលេងកីឡាមួយប្រភេទក្នុងមួយជីវិត»។

ជាមួយគ្នានោះឯកឧត្តមក៏បានថ្លែងអំណរគុណ ចំពោះសម្បុ រសជន គណៈកម្មការ អនុគណៈកម្មការ ប្រតិភូ ដឹកនាំក្រុម កីឡាករ មន្ត្រីបច្ចេកទេស និង ក្មួយៗកីឡាករ កីឡាការនី បាល់ទាត់ និងបាល់ទះទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង អស់ពីកម្លាំងការចិត្ត មិនគិត ពីការនឿយហត់ មកចូលរួម ក្នុងការប្រគូត សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍វិស័យកីឡានៅក្នុងតំបន់នេះកាន់តែមានភាពរីក​ចម្រើន​បានមួយកម្រិតទៀត។

វិស័យអប់រំកាយនិងកីឡា ជាអាទិភាពដ៏សំខាន់ ដែលរាជ រដ្ឋាភិបាល បាននឹងកំពុង បន្តយក ចិត្តទុក ដាក់ ធ្វើការអភិវឌ្ឍន៍ ព្រោះថាវិស័យនេះ ធ្វើឱ្យយុវជន និងប្រជាជនរបស់យើងទទួលបាន នូវសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងកាយសម្បទាមាំមួន បានបង្កើតនូវ ចំណងសាមគ្គីមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ រវាងគ្នានឹងគ្នា ជាពិសេសជាមួយបណ្តាប្រទេសជិតខាងយើង​ដែលកន្លងមក​នេះ​ក្រុម​កីឡាករ​កម្ពុជា ធ្លាប់បានទៅចូលរួមប្រគួតជាអន្តរជាតិ​ដោយ នាំមកនូវជ័យលាភីជូនជាតិមាតុភូមិជាបន្តបន្ទាប់ ។

ឯកឧត្តមក៏ផ្តាំផ្ញើ​ដល់​កីឡាករទាំង អស់ទាំងអ្នកទទួលបានជ័យលាភីក្តីនិងមិនទទួលបានក្តីក៏ត្រូវខិតខំប្រឹងប្រែង​ហ្វឹកហាត់ឱ្យ​អស់សមត្ថភាព ទេព្យកោសល្យតាមក្រុម និងក្លឹមនិមួយៗ បន្ថែមទៀតដើម្បីឈានឆ្ពោះទៅដណ្តើមនិងទទួលបានពាន​រង្វាន់ជូនអង្គភាពរបស់ខ្លួននាពេលឆ្នាំខាងមុខទៀត។សូមងាក់​មកលេងកីឡា គឺចៀស វាងបានការប្រព្រឹត្តអំពើរល្មើសផ្សេងៗ ដូចជាការប្រើប្រាស់គ្រឿងញៀននិងល្បែងស៊ីសងជាដើម៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *