វិទ្យាស្ថានអប់រំ សាំងហ្គាពួរប្រគល់សញ្ញាបត្រ និងមេដាយ សម្រាប់សិស្ស ជ័យលាភី ក្នុងឆ្នាំសិក្សា ២០២២ -២០២៣

សៀមរាប៖ គណៈគ្រប់គ្រងនៃវិទ្យាស្ថានអប់រំសាំងហ្គាពួរ បានរៀបចំពិធីប្រគល់មេដាយ បណ្ណអាហារូបករណ៍ វិញ្ញាបនបត្រ និងរង្វាន់លើកទឹកចិត្តសម្រាប់សិស្សមធ្យមសិក្សាក្នុងឆ្នាំសិក្សា ២០២២-២០២៣ ក្រោមអធិបតីភាព លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត  ដោយមានការអញ្ញើញចូលរួមពី ស្ថាបនិកវិទ្យាស្ថានអប់រំ សាំងហ្គាពួរទាំងអស់ នាយក នាយិកា និង លោក លោកស្រី លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ព្រមទាំង អាណាព្យាបាលដែរបានចូលរួមផងដែរ នាព្រឹកថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យអង្គរខេត្តសៀមរាប។

លោក លាវ ឧរ៉ា នាយកកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ នៃវិទ្យាស្ថានអប់រំសាំងហ្គាពួរបានមានប្រសាសន៍ឱ្យដឹងថាវិទ្យាស្ថានអប់រំសាំងហ្គាពួរ (SHINE) បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ហើយវិទ្យាស្ថានអប់រំសាំងហ្គាពួរ (SHINE)គឺជា មជ្ឈមណ្ឌលតែមួយគត់ក្នុងប្រទេសកម្ពុជា ដែលទទួលបានការអនុញ្ញាតសម្រាប់ការបណ្តុះបណ្តាលកម្មវីធី GAC ។
លោក លាវ ឧរ៉ា បានមានប្រសាសន៍ឱ្យដឹងទៀតថាសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នេះសិស្សមធ្យមសិក្សាបឋមភូមិជាប់    ៨៩.៩៩ %  សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាជាប់  ៩៧ %  ក្នុងនោះ និទ្ទេស ល្អ ១៥នាក់ ស្រី  ១៣នាក់។និទ្ទេសល្អបង្គួរ ២៥នាក់ ស្រី១៤នាក់ និទ្ទេសមធ្យម ២៤នាក់ ស្រី  ០៥ ។ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់  ៩០.៩០ % និទ្ទេសB  ០៤នាក់ ស្រី០៣  និទ្ទេសC ០៧នាក់ ស្រី០៤ និទ្ទេសD ០៧នាក់ ស្រី០៥ នាក់ និទ្ទេស E  ០២នាក់ ស្រី០១នាក់៕ លោក លី ប៊ុនណា សម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលសិក្សារបស់ក្មួយៗសិស្សានុសិស្ស ដែលទទួលបានជ័យលាភី និងចំណាត់ថ្នាក់ល្អ ព្រមទាំង កោតសរសើរដល់គណៈគ្រប់គ្រងសាលា បុគ្គលិក ព្រមទាំងសហការី នៃវិទ្យាស្ថានអប់រំ សាំងហ្គាពួរ ដែលបានចំណាយពេលវេលា និងការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ល្អៗទៅឱ្យក្មួយៗ នេះបានបញ្ជាក់ពីការផ្សារភ្ជាប់រវាងកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំ ដែលអាចទទួលយកបានក្នុងស្ថានភាព នៃការរីកចម្រើនរបស់ពិភពលោកដែលយើងរស់នៅ ហើយសិស្សានុសិស្ស ដែលអាចនឹងទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងការសិក្សារបស់ខ្លួន គឺអាស្រ័យដោយកត្តា ៥យ៉ាង ដែលមិនត្រូវមើលរំលងបាននោះ គឺកត្តាមាតាបិតា សាលារៀន កត្តាខ្លួនឯង កត្តាគ្រូបង្រៀន និងកត្តាដែលសំខាន់ជាពិសេសនោះ គឺកត្តាប្រទេសជាតិមានសុខសន្តិភាព។
លោក លី ប៊ុនណា សង្កត់ធ្ងន់ថា៖កម្ពុជា មានចក្ខុវិស័យវែងឆ្ងាយដែលទាមទារឱ្យមានការអភិវឌ្ឍធនធានមនុស្សប្រកប ដោយគុណភាព សមត្ថភាព និងគុណធម៌ សម្រាប់ជាកត្តាគន្លឹះទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងភាពប្រកួតប្រជែងរបស់ប្រទេស ទាំងពេលបច្ចុបន្ន និងសម្រាប់អនាគត ក្នុងការប្រែក្លាយប្រទេសឱ្យមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០។
លោក ប្រធានមន្ទីរ មានប្រសាសន៍ថា៖រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១ “ការពង្រឹងគុណភាពអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា” ដែលមានកំណែទម្រង់សាលារៀន និងការពង្រឹងគុណភាពអប់រំជាអាទិភាពខ្ពស់បំផុត។ លោក ក៏បានជំរុញដល់ឱ្យបន្តទំនាក់ទំនងល្អ រវាងគ្រូបង្រៀន និងអាណាព្យាបាល និងលើកទឹកចិត្ត និងសិស្សានុសិស្ស ខិតខំយកចិត្តទុកដាក់បន្ថែមលើការរៀនសូត្រ ស្តាប់ឱវាទមាតាបិតា គោរពវិស័យសាលា គោរពច្បាប់ចរាចរណ៍ និងបណ្តុះទម្លាប់ល្អក្នុងជីវភាពរស់នៅ។ចំណែក លោកគ្រូអ្នកគ្រូ ត្រូវផ្ទេរចំណេះជំនាញនិងបង្រៀនដល់សិស្សប្រកបដោយបំណិន និងមានការអប់រំសីលធម៌ សុជីវធម៌ ដល់សិស្សជាប្រចាំផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *