ព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដឹកនាំដោយលោក អ៊ូ មុនីកា អនុប្រធានមន្ទីរសហការជាមួយការិយាល័យ.ដនសភ. ក្រុងព្រះសីហនុ និងអាជ្ញាធរភូមិ.ឃុំ បានចុះមកដល់ទីតាំងដីជាក់ស្ដែង និងធ្វើការវាស់វែងដោយប្រើប្រាស់ម៉ាស៊ីន DGPS Sino NGSS T 300 plus តាមការចង្អុលព្រំដីរបស់តំណាងប្រជាពលរដ្ឋចំនួន១៧៩ គ្រួសារ។
ក្រុមការងារចុះវាស់វែងដីខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានលិខិតបង្គាប់ការលេខ ២៣៧ លបក.ដនស/ខសន ចុះថ្ងៃទី8 ខែធ្នូ ឆ្នាំ2023 ដោយយោងតាមលិខិតបញ្ជូនលេខ១៦៥២/២៣ ដកអ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ របស់ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងយោងតាមដីកាអមលេខ៣១៥៦ ដនស/អរប/ដក ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្រុមការងារចុះវាស់វែងខាងលើនេះត្រូវបានបែងចែកជា២ក្រុម ស្មើនឹងពីរទីតាំងដី ដែលទីតាំងទី១ គឺ ក្រុមទី១ ជាអ្នកចង្អុលបង្ហាញដោយឈ្មោះ ហ៊ី រ៉ា (តំណាង) បានចំនួន ៤៦ ចំណុចនៃទីតាំងដី ដែលមានរបងថ្មរៀបឥដ្ឋព័ទ្ធជុំវិញហើយការវាស់វែងដែលមានរបងថ្មនេះ បើតាមការបញ្ជាក់ពីលោកស្រី លុច ទូច គឺរបងថ្មនេះជារបស់ភាគីជម្លោះឈ្មោះ តាន់តាប់ និង ឡុញ វណ្ណៈ លោកស្រី លុច ទូច បានលើកឡើងទៀតថាដីនេះលោកស្រីបានប្ដឹងទប់ស្កាត់រួចហើយលើការចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ចាប់ពីលេខ 000511,ព.ន រហូតដល់ ព.ន000526 ដែលសរុបទាំងអស់មានចំនួន១៦ ប័ណ្ណ។
ដោយឡែកទីតាំងទី២ គឺក្រុមទី២ ជាអ្នកចង្អុលបង្ហាញដោយឈ្មោះ ហ៊ុត ហឿន (តំណាង) បានចំនួន ៤៦ ចំណុចនៃទីតាំងដី នៃទីតាំងទី២នេះ បើយោងតាមលោកស្រី លុច ទូច ក៏បានបញ្ជាក់ផងដែរថា ជាដីរបស់លោកស្រី(តំណាងពលរដ្ឋ)បានប្ដឹងទប់ស្កាត់រួចហើយដែរលើការចេញប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលមានលេខ B2.0666, ព.ន000330, ព.ន004962 និង ព.ន007256 សរុបមានចំនួន០៤ប័ណ្ណ។
លោកស្រី លុច ទូច ក៏បានបញ្ជាក់ទៀតថា ការចុះវាស់វែងតាមប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុទាំង២០ប័ណ្ណខាងលើនេះ មិនទាន់អស់ទីតាំងដីទំនាស់នៅឡើយទេ នៅមានដីទំនាស់ជាច្រើនកន្លែងទៀតដែលភាគីពីរដ្ឋពុំអាចរកឃើញប័ណ្ណរបស់ភាគីទំនាស់នៅឡើយហើយ ករណីដីទំនាស់ដែលនៅសល់នេះលោកស្រីនឹងស្នើសុំមន្រ្តីជំនាញឲ្យចុះវាស់វែងបន្តទៀត។
ក្រោយបញ្ចប់ការចុះវាស់វែងនេះរួចមក ក្រុមការងារនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានអានកំណត់ហេតុនៅចំពោះមុខប្រជាពលរដ្ឋ និងបញ្ជាក់ពីចំនួនចំណុចដែលបានវាស់វែងជាក់ស្ដែង ដើម្បីដំឡើងផែនទី និងគោរពរាយការណ៍ជូនលោកប្រធានមន្ទីរដើម្បីមានមតិដឹកនាំបន្ត។
អ្នកស្រី លុចទូច តំណាងអោយប្រជាពលរដ្ឋទាំង ១៧៩គ្រួសារ និងងប្រជាពលរដ្ឋដែលបានចូលរួមការវាស់វែងជាក់ស្ដែង បានសំដែងការសប្បាយចិត្តជាខ្លាំង និងបានសំណូមពរដល់ប្រធានមន្ទីរសុរិយោដីខេត្តព្រះសីហនុ គឺលោក ចេក ស្រុង មេត្តាជួយពន្លឿនការដោះស្រាយបញ្ហានេះជូនពួកគាត់ផង។
អ្នកស្រីលុចទូច តំណាងប្រជាពលរដ្ឋ រស់នៅក្នុងភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ បានសំណូមពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងតែយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ សូមមេត្តាជួយរកយុត្តិធម៌ជូនពួកគាត់ទាំង១៧៩ គ្រួសារនេះផង ដែលបាននឹងកំពុងរងគ្រោះ និងរងនូវភាពអយុត្តិធម៌ជិត ២០ ឆ្នាំមកហើយពីសំណាក់បុគ្គលអ្នកមានលុយ និងបុគ្គលមានអំណាចមួយចំនួន ៕