សៀមរាប៖ នៅមុខប្រាសាទអង្គរ មានធ្វើការដង្ហែព្យុះហយាត្រា ដើម្បីអបអរ សាទព្រឹត្ដិការណ៍រំលឹកគុណអង្គរ និងអបអរសាទនៃខួប៣១ឆ្នាំ រមណីយដ្ឋានអង្គរ បានចុះបញ្ជីសម្បត្ដិបេតិ កភណ្ឌពិភពលោក ដែលរៀបចំឡើងដោយ សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប បានសហការជាមួយអាជ្ញាធរជាតិអប្សរា ប្រតិបត្ដិករទេសចរណ៍ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា អាជីវករ និង ក្រុមសិល្បៈចម្រុះប្រមាណ ៤៥០នាក់ នាំគ្នាដង្ហែក្បួនបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដើម្បីធ្វើយ៉ាងណាឲ្យមានការទាក់ទាញដល់ភ្ញៀវទេសចរណ៍ កាលពី រសៀលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២៣។
តាមការបញ្ជាក់របស់លោក ហ្វីលីប សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប បានឲ្យដឹងថា ការដង្ហែក្បួនព្យុះហយាត្រានេះជាលើកទីមួយ សម្រាប់សមាគមក្លឹបទេសចរណ៍ខេត្ដ ហើយក៏មិនមែនលើកចុងក្រោយដែរ សម្រាប់ប្រតិបត្ដិករទេសចរណ៍ ដែលនឹងធ្វើសកម្មភាពក្នុងការចូលរួមបង្ហាញប្រាសាទអង្គរវត្ដ ឲ្យពិភពលោកស្គាល់កាន់តែច្បាស់ ដើម្បីទាក់ទាញអ្នកទេសចរ ។ លោកបានបន្ដទៀតថា ដើម្បីឲ្យវិស័យទេសចរណ៍បានដំណើរការឡើងវិញដូចកាលពីចុងឆ្នាំ២០១៩ សមាគមក្លឹបទេសសចរណ៍ និងប្រតិបត្ដិករទេសចណ៍ នឹងបន្ដធ្វើសកម្មភាពជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាឲ្យមានភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិកាន់តែច្រើន ចូលមកទស្សនាខេត្ដសៀមរាបនាពេលមុខនេះ។លោកបានគូសបញ្ជាក់ថា ដើមី្ប ធ្វើការស្តារឡើងវិញក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្រោយវិបត្តិជម្ងឺកូវិដ១៩ បានវានាសចេញពីលើពិភពលោក សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានធ្វើការកៀងគរនូវគ្រប់រូបភាព សំខាន់ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរឆ្នាំ២០២៣ នេះ ដែលជាឆ្នាំទី១របស់សមាគមក្លឹបទេសចរណ៍ ធ្វើការកៀងគរប្រមូលគ្រប់ស្ថាប័នក្នុងវិស័យឯកជន មន្ត្រីរាជការ ក្រុមអាជីវករ និង ក្រុមសិល្បៈចម្រុះ ក្នុងការបង្ហាញជូនដល់ភ្ញៀវជាតិ អន្តរជាតិ នូវសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ព្រមទស្សនីយភាពសិល្បៈចម្រុះជាច្រើនទម្រង់ទៀតផង ។ លោកបានបន្តទៀតថា ព្រឹត្តិការណ៍រំលឹកគុណអង្គរធ្វើឡើងក្នុងគោលបំណងពីរសំខាន់ៗ ពោលគឺដើម្បីអបអរសាទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជារំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិ បេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចជូនអ្នកជំនាន់នេះ និងទៅអនាគត។ លោកក៏បានអំពាវដល់ភ្ញៀវទេសចរចូលមកទស្សនាខេត្ដសៀមរាប ឲ្យបានកាន់តែផុសផុលក្នុងអំឡុងពិធីឆ្លងឆ្នាំ២០២៣ចូលឆ្នាំ២០២៤ផងដែរ។
លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌អង្គរនិងសារមន្ទីរ នៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា វិស័យឯកជន និងសមគមទេសចរណ៍ គឺចលករមួយក្នុងការជម្រុញអ្នកទេសចរមកកាន់រមណីយដ្ឋានអង្គរ ដែលអ្នកពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ខិតខំយកព្រឹត្ដិការណ៍និមួយៗបង្ហាញដល់អ្នកទេសចរក្នុងពិភពលោក ។ លោកបានបន្ដ ថា នេះជាមោទកភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានរួមមគ្នានឹកគុណដល់បុព្វបុរសខ្មែរ អតីតអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ ។ លោកក៍បានថ្លែងអំណរគុណដល់អ្នកបម្រើវិស័យ ទេស-ចរណ៍ទាំងអស់ ដែលបានចូលរួមអបអរក្នុងព្រឹត្ដិការណ៍រំលឹកគុណអង្គរផងដែរ ។
សូមបញ្ជាក់ថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរនេះ បានក្លាយជាព្រឹត្ដិការណ៍ប្រចាំឆ្នាំមួយរបស់អាជ្ញាធរជាតិអប្សរា ដែលធ្វើឡើងក្នុងគោលបំណងអបសាទរការចុះរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីពីឆ្នាំ១៩៩២មក ក៍ដូចជារំលឹកគុណដល់បុព្វការីជនជំនាន់មុន និងអតីតព្រះមហាក្សត្រគ្រប់ជំនាន់មុនផងដែរ ។ ព្រឹត្ដិការណ៍ ក៍មានការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងាររយ:ពេល២៨ឆ្នាំ ពីការអភិរក្ស និង ការអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អាជ្ញាធរជាតិអប្សរា ព្រមទាំងបង្ហាញពីស្នាដៃសិល្បៈផ្សេងៗជាទំនៀមទម្លាប់ប្រពៃណី កម្មវីធីសម្តែងសិល្បៈ ក៏ដូចជាប្រារព្ធពិធីសាសនាផងដែរ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប