កិច្ចប្រជុំដោះស្រាយផលប៉ះពាល់សម្រាប់ សាងសង់ខ្សែបញ្ជូអគ្គិសនី២៣០គីឡូវ៉ុលពីពោធិ៍ សាត់ទៅខេត្តកណ្តាល១៥០គីឡូម៉ែត្រ

ពោធិសាត់៖ រដ្ឋបាលខេត្តពោធិ៍សាត់និងអគ្គិសនីកម្ពុជា បានប្រជុំពិភាក្សាការងារដោះស្រាយផលប៉ះពាល់សម្រាប់សាងសង់ខ្សែបញ្ជូអគ្គិសនី២៣០គីឡូវ៉ុលពីខេត្តពោធិ៍សាត់ទៅខេត្តកណ្តាលប្រវែង១៥០គីឡូម៉ែត្រ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមវត្តមានលោក អូន ហេមរិទ្ធ អគ្គនាយករង ផែនការ បច្ចេកទេសនៃអគ្គិសនីកម្ពុជា តំណាងឯកឧត្តម បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ជាអគ្គនាយកអគ្គិសនៅកម្ពុជា លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួម ពីរដ្ឋបាលស្រុកក្រុងចំនួន២និងឃុំ សង្កាត់ចំនួន៧និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅរសៀលថ្ងៃទី១៤ខែធ្នូ២០២៣នេះ។

លោក អូន ហេមរិទ្ធ អគ្គនាយករង ផែនការ បច្ចេកទេសនៃអគ្គិសនីកម្ពុជាតំណាងឯកឧត្តម បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បានជម្រាបជូននៅក្នុងកិច្ចប្រជុំនោះថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធបណ្តាញខ្សែបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុលពីខេត្តពោធិ៍សាត់ទៅខេត្តកណ្តាលប្រវែង១៥០គីឡូម៉ែត្រដែលចាប់ផ្តើមសាងសង់នាពេលខាងមុខនេះ។

គម្រោងនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនលទ្ធភាពនាំថាមពលដែលមានតម្លៃសមរម្យមកផ្គត់ផ្គង់បន្ថែមបំពេញតម្រូវការប្រើប្រាស់ ទូទាំងប្រទេសដើម្បីឱ្យការសាងសង់ដំណើរការទៅមានភាពរលូននិងទទួលបានជោគជ័យតាមកម្មវិធីនោះ អគ្គិសនីកម្ពុជាស្នើសុំ អភិបាលខេត្តពោធិ៍សាត់ អាជ្ញាធរស្រុកក្រគរនិងឃុំចំនួន៦រួមមានឃុំត្នោតជុំ ឃុំអូរសណ្តាន់ ឃុំស្នាអន្សា ឃុំអន្ល់ងត្នោត ឃុំក្បាលត្រាចនិង ឃុំអន្សាចំប៉ក់និង ក្រុងពោធិ៍សាត់មានសង្កាត់រលាបដែលមានការប៉ះពាល់គម្រោងសាងសង់ខ្សែបញ្ជូន។

ជាមួយគ្នានោះសូមបង្កើតគណៈកម្មការនិងអនុគណៈកម្មការថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ទទួលនិងដោះស្រាយបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី ដើមឈើហូបផ្លែនិងកិច្ចការពារសុវត្ថិភាព បរិស្ថាន សង្គមជាដើម។តាមរយៈនៃកិច្ចប្រជុំនេះលោកសូមឱ្យរដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ដែលជាប់ពាក់ព័ន្ធជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់ដូចជាឱ្យយល់ពីដំណើរការ សកម្មភាពសាងសង់ ខ្លឹមសារនៃការប្តឹងតវ៉ាដោយគម្រោងអភិវឌ្ឍន៍ ពន្យល់ពីគោលនយោបាយសម្រាប់កំណត់សិទ្ធិទទួលប្រាក់សំណង ដោយសង្ឃឹមថាគ្រប់ភាគីពាក់ព័ន្ធពិតជាចូលរួមនិងអនុវត្តទទួលបានជោគជ័យ។

លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ការអភិវឌ្ឍន៍លើវិស័យអគ្គិសនីនៅកម្ពុជាពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្គត់ផ្គង់បន្ថែមនិងបំពេញតម្រូវការប្រើប្រាស់ទាំងក្នុងខេត្តក៏ដូចទូទាំងប្រទេស។

ដោយសារបញ្ហានេះជាកត្តាសំខាន់នោះរដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីសម្រេចលេខ ១០២ចុះថ្ងៃទី១៥ខែសីហាឆ្នាំ២០២៣ស្តីពីការបង្កើតអនុគណៈកម្មការដោះស្រាយផលប៉ះពាល់សំណង់ ផ្ទះសម្បែង ដីធ្លី ដើមឈើ ហូបផ្លែ កិច្ចការពារសុវត្ថិភាព បរិស្ថាននិងសង្គមចំនួន១២រូបដែលមានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តជាប្រធាន មានភារកិច្ចសហការជាមួយគណៈកម្មការអន្តរក្រសួងនិងត្រូវបានបង្កើតក្រុមការងារដើម្បីជួយទ្រទ្រង់អនុគណៈកម្មការចំនួន១៤រូបនិងលោកលោកស្រី ចៅសង្កាត់ មេឃុំ នាយប៉ុស្តិ៍នគរបាលនិងមេភូមិពាក់ព័ន្ធដែលមានលោកពៅ ពិសិដ្ឋអភិបាលរងខេត្តជាប្រធាន មានភារកិច្ចសហការចុះប្រតិបត្តិការអង្កេតវាស់វែង លម្អិតលើផលប៉ះពាល់ទ្រព្យសម្បត្តិផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រគម្រោងនៃខេត្តពោធិ៍សាត់ដូចជាដោះស្រាយបញ្ហាករណីមានវិវាទ ការរស់នៅជាប់សងខាងទីតាំងគម្រោង ឱ្យបានច្បាស់លាស់ត្រឹមត្រូវ ដើម្បីស្នើសុំមតិពីថ្នាក់លើ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *