តាកែវ៖ ឯកឧត្តម បណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ និងប្រគល់ទទួលផ្លូវថែទាំប្រចាំឆ្នាំ២០២៣ ចំនួន ១៦ខ្សែ ដោយក្រាលកៅស៊ូ DBST និងក្រាលគ្រួសស និងក្រហម មានប្រវែងសរុប ១៣៧,៤៣០ម៉ែត្រ ស្ថិតនៅស្រុកសំរោង ស្រុកត្រាំកក់ ស្រុកទ្រាំង ស្រុកកោះអណ្ដែត និងស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣នេះ។
ឯកឧត្តម នួន ដាញ៉ិល បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរនាពេលកន្លងមក ជាពិសេសការស្ថាបនាផ្លូវនៅតាមទីជនបទ ។ លោកបន្តរថា ផ្លូវគឺជាសសៃឈាមតភ្ជាប់សេដ្ឋកិច្ច ពីតំបន់មួយទៅកាន់តំបន់មួយ ដូចជាការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ សិស្សានុសិស្សទៅសាលារៀន ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋបានគ្រប់រដូវកាល និងការដឹកអ្នកជម្ងឺទៅកាន់កាន់មណ្ឌលសុខភាពបានទាន់ពេលវេលា ។
ជាមួយគ្នានេះផងដែរឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ បានណែនាំដល់ មន្ទីរសាមី ត្រូវយកចិត្តទុកដាក់ពិនិត្យជួយថែទាំផ្លូវទាំងអស់ ឲបានដិតដល់ និងត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋាន ឱ្យចូលរួមជួយថែទាំផ្លូវខាងលើ ដោយចាត់ទុកថាផ្លូវនេះជារបស់ពួកគាត់ ព្រមទាំងមានការយាមកាមអោយបានហ្មត់ចត់ និងជៀសវាងកុំឱ្យមានរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ ធ្វើចរាចរណ៍លើផ្លូវជនបទ ដើម្បីរក្សាគុណភាពផ្លូវ និងប្រើប្រាស់បានយូរអង្វែង។
បើតាមការបញ្ជាក់អោយដឹងពី លោក លីវ សំណាង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានឲដឹងថា នៅទូទាំខេត្តតាកែវ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានធ្វើការស្ថាបនាផ្លូវសម្រាប់ឆ្នាំ២០២៣ បានចំនួន ១៦ខ្សែ ដែលមានប្រវែងសរុប ១៣៧,៤៣០ម៉ែត្រ ដោយមានកន្លែងខ្លះបានធ្វើការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទ DBST និងក្រាលគ្រួសស គ្រួសក្រហម មាននៅក្នុង៖ ស្រុកសំរោង មាន ២ខ្សែ ស្រុកត្រាំកក់ មាន ៣ខ្សែ ស្រុកទ្រាំង ៣ខ្សែ ស្រុកកោះអណ្ដែត ១ខ្សែ និងស្រុកគិរីវង់ មាន ៨ខ្សែ ហើយនៅក្នុងថ្ងៃនេះដែរជាការប្រគល់ទទួលផ្លូវថែទាំងប្រចាំឆ្នាំ២០២៣ផងដែរ៕ តាកែវ 14 12 2023