តាកែវ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៣ វេលាម៉ោង១៥និង៥០នាទី នៅចំណុចក្នុងភូមិត្រពាំងថ្នល់និងភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអំពើលួច(សាំង០១កាដុង និងស្រូវ០៤បាវ) មួយបានកើតឡើងបង្កដោយជនសង្ស័យឈ្មោះមឿន កៀន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរលក់ដូង មានទីលំនៅរស់នៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ បានធ្វើសកម្មភាពលួចយកសាំងចំនួន០១កាដុង នៅភូមិត្រពាំងទន្លាប់ ឃុំស្រែរនោង ស្រុកត្រាំកក់ ក្រោយលួចសាំងបានហើយក៏ជិះរឺម៉ុក មកដល់ចំណុចភូមិត្រពាំងថ្នល់ ឃុំស្រែរនោង រួចជនសង្ស័យបានធ្វើសកម្មភាពលួចយកស្រូវចំនួន៤បាវ បន្ទាប់ពីលើកស្រូវដាក់លើរឺម៉ុកជិះចេញ ត្រូវបានប្រជាពលរដ្ឋនិងម្ចាស់ឃើញទាន់ហើយដេញតាមពីក្រោយ រហូតមកដល់ចំណុចភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ដោយជនសង្ស័យមានកាំបិតកាង៉ុក០១ដើម រត់ដេញកាប់ប្រជាពលរដ្ឋដែលដេញតាមនោះ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនបាត់។
ក្រោយទទួលបានព័ត៏មានខាងលើលោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំបញ្ជាកម្លាំងជំនាញ នៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាក្រៅ ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា។ លុះដល់ថ្ងៃទី១៣ ខែឆ្នាំដដែល វេលាម៉ោង១២និង ៤០នាទីនៅចំណុចដីទុកចោលក្នុងព្រៃ ដែលស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ទើបកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង(កាំបិតកាង៉ុក ០១ដើម) យកមកកាន់អធិការដ្ឋាននគរបាលក្រុងដូនកែវ ដើម្បីសាកសួរ និងបានប្រគល់ជនសង្ស័យនិងវត្ថុតាង ឲ្យទៅសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដែលជាម្ចាស់ករណី ដើម្បីបន្តកសាងសំណុំរឿងតាមច្បាប់៕