លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិសាត់បាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារ ក្នុងការបន្តគាំទ្រការអនុវត្តន៍គម្រោងរបស់អង្គការទឹកស្អាត១០០១ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ បើកកិច្ចប្រជុំពិភាក្សាការងារ ក្នុងការបន្តគាំទ្រការអនុវត្តគម្រោង របស់អង្គការទឹកស្អាត ១០០១ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត នៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣។

លោកស្រី អាម៉ង់ឌីន ឆូស៊ីណង នាយិកាគ្រប់គ្រងអង្គការទឹកស្អាត ១០០១បានឲ្យដឹងថា សព្វថ្ងៃនេះអង្គការទឹកស្អាត១០០១ បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអភិវឌ្ឍជនបទខេត្តពោធិ៍សាត់ លើការផលិតទឹកស្អាតលក់ជូនប្រជាពលរដ្ឋនៅតាមជនបទ ។

នៅខេត្តពោធិ៍សាត់យើងកំពុងដំណើរការលើ២០ឃុំស្មើនឹង២១ស្ថានីយ៍ មាននៅក្រុងពោធិ៍សាត់ ស្រុកបាកាន ស្រុកកណ្ដៀង ស្រុកក្រគរ និងស្រុកភ្នំក្រវាញ លើកលែងតែស្រុកវាលវែងមួយប៉ុណ្ណោះមិនទាន់មានទឹកស្អាតនេះផលិតដាក់ប៊ីដុងធំៗ លក់ជូនប្រជាពលរដ្ឋនៅតាមជនបទក្នុងតំលៃថោក ដើម្បីជួយឲ្យប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ មានសុខភាពល្អ ហើយបើនៅតាមសាលារៀនវិញមិនគិតថវិកានោះទេ។

តំណាងមន្ទីរឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តខេត្តបានឲ្យដឹងថា កន្លងមកមានប្រជាពលរដ្ឋ៦១គ្រួសារ បានមករាយការណ៍ជូនមន្ទីរ ថាទឹកចម្រោះរបស់អង្គការទឹកស្អាត១០០១នេះ ជូនកាលល្អក់ខុសពីធម្មតាដែលធ្វើឲ្យពួកគាត់ពិបាលទទួលទាន។ ដូច្នេះសំណូមពរឲ្យអង្គការមានការចុះបញ្ជីរឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលគ្រប់គ្រងពេលមានបណ្ដឹងពីប្រជាពលរដ្ឋ។

លោក ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តមានប្រសាសន៍ថា គំនិតរបស់អង្គការទឹកស្អាត១០០១ គឺចង់ឲ្យប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទ ហូបទឹកស្អាតដើម្បីមានសុខភាពល្អ ដូច្នេះហើយទើបគាត់ផលិតទឹកស្អាតចេញពីមន្ទីរពិសោធន៍ត្រឹមត្រូវ ដោយច្រកប៊ីដុងធំដឹកយកទៅលក់ជូនប្រជាពលរដ្ឋដល់ផ្ទះ ក្នុងតំលៃថោក ព្រោះកន្លងមកបងប្អូននៅតាមជនបទ ភាគច្រើនហូបតែទឹកស្ទឹង ទឹកបឹង ទឹកស្រះ ដោយពុំបានដាំពុះនោះទេ ដែលនាំឲ្យកើតជំងឺដំកាត់ផ្សេងៗ។

ដើម្បីឲ្យដំណើរការផលិតទឹកស្អាតនៅខេត្តពោធិ៍សាត់មានសកម្មភាពបន្តទៀត អង្គការទឹកស្អាត១០០១នៅភ្នំពេញ ត្រូវចុះMOUជាមួយក្រសួងអភិវឌ្ឍជនបទសារជាថ្មី។ ចំពោះមន្ទីរឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្តខេត្ត រង់ចាំក្រសួងសាម៉ីរបស់ខ្លួនជួបពិភាក្សាការងារជាមួយក្រសួងអភិវឌ្ឍជនបទសិន ថាតើទឹកសុទ្ធប៊ីដុងធំដែលផលិតដោយអង្គការ១០០១ ត្រូវចុះបញ្ជីឬយ៉ាងណា?។

លោកសង្ឃឹមថាមន្ទីរឧស្សាហកម្ម សិប្បកម្ម បច្ចេកវិទ្យា និងនវានុវត្ត នឹងយកចិត្តទុកដាក់សហការឲ្យបានល្អនិងទាន់ពេលវេលា ដល់អង្គការ ប្រសិនបើតម្រូវឲ្យមានការចុះបញ្ជីមែននោះ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *