ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៥ ឆ្នាំទី៥ ជាឆ្នាំចុងក្រោយនៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា ,គ្រឹះស្ថានអង្គរ និង លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព ,អាជ្ញាធរក្រុង-ស្រុក លោកនាយក នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្តចូលរួមនៅព្រឹកថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៣ ។
ក្នុងកិច្ចប្រជុំនេះ សមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សា បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោត លើសំណើសុំគ្រឿងឥស្សរិយយសជូនក្រុមប្រឹក្សាខេត្តពេលបញ្ចប់អាណត្តិ , ការធ្វើដំណើរទស្សកិច្ចសិក្សាជាមួយបណ្តា ខេត្ត ក្រុង ប្រទេសចងសម្ព័ន្ធមេត្រីភាព ,បញ្ហាសណ្តាប់ធ្នាប់សាធារណៈ ,ការរៀបចំបង្គោលភ្លើងបំភ្លឺផ្លូវ ,បញ្ហាផ្សារអង្គរឃ្យុងយូ ធ្វើឲ្យប៉ះពាល់ដល់ចរាចរណ៍ និង សោភណ្ឌភាពក្រុង ,បញ្ហាការគ្រប់គ្រងសួនច្បារនៅតាមទ្រូងផ្លូវ និង រង្វង់មូល ,បញ្ហាអប្សរា ហាមមិនឲ្យសាងសង់អគារសិក្សានៅសង្កាត់នគរធំ ,បញ្ហាផ្លូវក្នុងក្រុង , បញ្ហារឿងដីពុះឡូត៌ភាពអាណាធិបត្តេយ្យ និង ក្រុមហ៊ុនមិនកាត់បណ្ណកម្មសិទ្ធិដីកាន់កាប់ទៅឲ្យអតិថិជនរបស់ខ្លួនទៀតផង។ បន្ទាប់ពីបណ្តាលមន្ទីរ អង្គភាព ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញ លើកទី៥៥ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៣របស់រដ្ឋបាលខេត្តសៀមរាប ។
មានប្រសាន៍នាឱកាសនោះ លោក សុខ ថុល បានវាយតម្លៃខ្ពស់ ទៅលើលទ្ធផលការងារប្រចាំខែ វិច្ឆិកា ព្រមទាំង បានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និងការគ្រប់គ្រងដីធ្លី ក្នុងទិសដៅរបស់រាជរដ្ឋាភិ បាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ សំដៅការធ្វើប័ណ្ណកម្មកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ ឲ្យបានរួចរាល់ទូទាំងប្រទេសនៅឆ្នាំ២០២៥ ។ ម៉្យាងទៀត ដើមី្បឲ្យទីក្រុងស្អាតគឺផ្តើមពីយើងទាំងអស់គ្នាចូលរួម ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងប្រតិភូជាន់ខ្ពស់ជាតិ អន្តរជាតិទៀតផង ។
ឯកឧត្តម អ៊ាន ឃុន បានបញ្ជាក់ថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលតាមការគ្រោងទុក ។ ឯកឧត្តម ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្ត បានអនុវត្តលើកិច្ចការរដ្ឋបាល ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ការគ្រប់គ្រងគ្រោះមហន្តរាយ ការដោះស្រាយបញ្ហាផ្សេងៗ ព្រមទាំងសភាពការជាក់ស្តែងដែលកើតមានឡើងក្នុងខេត្ត ។ ក្នុងនោះឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវ ភាពជោគជ័យសម្រាប់ខេត្តផងដែរ ។ ឯកឧត្តមបានបញ្ជាក់ថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និង វិសហ មជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប