បណ្តុះបណ្តាលមន្ត្រីស្តីពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណប្រព័ន្ធនៅខេត្តពោធិ៍សាត់

ពោធិសាត់៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោក ចេង ឡៃ អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលបំប៉ន ស្តីពីការអនុវត្តនីតិវីធីចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនដល់មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លីចំនួន១៥០នាក់ក្នុងនោះនិស្សិតមហាវិទ្យាល័យរៀបចំដែនដីនិងរដ្ឋបាលដីធ្លីចំនួន៣០នាក់ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។

លោក ឱន សទ្ធា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត និង លោក ចេង ឡៃ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូន ប្រជាពលរដ្ឋ ចាប់តាំងពីដើមរហូតមកដល់ចុងឆ្នាំ២០២៣បានជាង៣១ម៉ឺនក្បាលដីស្មើនឹង៣៥៦ភូមិ ២៥ឃុំ សង្កាត់ ស្ថិតក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកក្រគរ ស្រុកតាលោ សែនជ័យនិងស្រុកវាលវែង។

ជាមួយគ្នានោះផែនការត្រូវចុះបញ្ជី បន្តជាង២១ម៉ឺនក្បាលដី ក្នុងនោះផែនការជម្រះការកកស្ទះជាង៤៣ពាន់ក្បាលដីលើ៤៤ភូមិនិងត្រូវបូកបន្ថែមផែនការចុះបញ្ជីដីធ្លីថ្មីជាង១៧ពាន់ក្បាលដីលើ១៧០ភូមិ២៤ឃុំនិង ៥ស្រុក។

លោកបានលើកឡើងទៀតថា ដើម្បីជម្រុញអនុវត្តបញ្ចប់ការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្តត្រូវបានកែសម្រួលនិងរៀបចំបង្កើតឲ្យបាន៦ក្រុមដោយប្រើប្រាស់កម្លាំងមន្ត្រីក្របខណ្ឌ មន្ត្រីកិច្ចសន្យានិងមន្ត្រីស្ម័គ្រចិត្តក្នុងមួយក្រុមចំនួន២៥នាក់ត្រូវបានធ្វើការបណ្តុះបណ្តាលនិងបំប៉ននាពេលនេះ។ក្រុម ទាំង៦នេះអនុវត្តចុះបញ្ជីដីធ្លីនៅឃុំកំពង់ពោធិ៍ ស្រុកក្រគរ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ឃុំមេទឹក ស្រុកបាកាន ឃុំស្យា ស្រុកកណ្តៀងនិងក្រុមទី៥ ទី៦ត្រៀមចុះនៅឃុំផ្ទះរុង ស្រុកតាលោ សែនជ័យនិងឃុំបឹងកន្ទួតស្រុកក្រគរ។

ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងថា នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ការងារអាទិភាពមួយក្នុងចំណោមកាងារអាទិភាពដទៃ នៅក្នុងមុំទី៤ គឺការបន្ត ដំណើរការកែទម្រង់ដីធ្លី ជម្រុញចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

ឆ្លើយតបនឹងការកែទម្រង់ដីធ្លីតាម គោលនយោបាយ ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទក្រសួងក៏ដូចមន្ទីរ រៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ចេញនូវផែនការចុះបញ្ជីដីបញ្ចប់នៅខេត្តពោធិ៍សាត់ជាង១៧២ពាន់ក្បាលដីក្នុង រយៈពេល២ឆ្នាំ(២០២៤-២០២៥) ។

នៅក្នុងឱកាសនេះសូមសម្តែងនូវការគោរពកោតសរសើរចំពោះគ្រូបង្គោល គ្រូជំនួយក្នុងការបង្រៀននិងសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រឲ្យចាំ និងកត់ត្រាចំណាំឲ្យច្បាស់ទាំងមន្ត្រីចាស់និងមន្ត្រីថ្មី ត្រូវជូននិងផ្តល់បទពិសោធន៍ គំនិតថ្មីៗល្អពីគ្នាទៅវិញទៅមក ប្រកបដោយប្រសិទ្ធិភាពក្នុងការបម្រើសេវាកម្មទាន់ ពេលវេលានិងឆាប់រហ័សជូនប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោត។

ពិនិត្យជារួម ស្ថិតក្រោមម្លប់នៃសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាស់វៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានយកចិត្តទុកដាក់ឧបត្ថម្ភ គាំទ្រទាំងសម្ភារៈ ថវិកានិងបច្ចេកទេសដល់បណ្តាខេត្តដើម្បីងាយស្រួលក្នុងកិច្ចដំណើរការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋមានភាពរលូននិងតម្លាភាព។

នៅព្រឹកថ្ងៃដដែលនោះដែរឯកឧត្តម សរ សុវណ្ណនិងលោក ចេង ឡៃ បានអញ្ជើញផ្សព្វផ្សាយណែនាំពីការអនុវត្តនីតិវិធីចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរដ្ឋជូនដល់អាជ្ញាធរស្រុក ឃុំគោលដៅក្នុងខេត្តពោធិ៍សាត់មានស្រុកតាលោសែនជ័យ និងស្រុកកណ្តៀងចំនួន១៣០នាក់នៅសាលប្រជុំសាលាខេត្ត។

នៅក្នុងឱកាសនោះលោក ចេង ឡែ និងឯកឧត្តម សរ សុវណ្ណ បានជម្រាបជូនអំពីមូលដ្ឋានគតិយុត្តិសម្រាប់ការងារចុះបញ្ជីដីធ្លីដោយផ្អែកទៅលើអនុក្រិត្យលេខ៤៦​សារាចរណែនាំលេខ០០១ ស្តីពីនីតិវិធីនៃការកសាង ប្លង់សុរិយោ​ដីសៀវភៅគោលបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធនិងអនុក្រិត្យលេខ១២២ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៧និងមាត្រា១១នៃអនុក្រិត្យលេខ៤៦។

លោកនិងឯកឧត្តម បានសំណូមពរដល់រដ្ឋបាលស្រុកនិងអាជ្ញាធរឃុំគោលដៅ បន្តចូលរួមអនុវត្ត សហការជាមួយមន្ត្រីជំនាញនិងផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋបានមកចូលរួមទាំង៥ដំណាក់កាលក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានដំណាក់កាល ត្រៀមរៀបចំប្រកាសកំណត់ទីតាំងវិនិច្ឆ័យ ដំណាក់កាលប្រតិបត្តិការបច្ចេកទេសចុះវាស់វែង កំណត់ព្រំប្រទល់ក្បាលដីនិមួយៗ​ដំណាក់កាលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្នុងរយៈពេល១៥ថ្ងៃ ដំណាក់កាលសម្រេច គណៈកម្មការរដ្ឋបាល ធ្វើរបាយការណ៍ជូនអភិបាលខេត្តលើឯកសារនៃការវិនិច្ឆ័យនិងដំណាក់កាលចុះបញ្ជី ចេញបណ្ណនិងចែកបណ្ណជូនប្រជាពលរដ្ឋម្ចាស់ដីស្របតាមច្បាប់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *