ឯកឧត្តម លី ធុជ ប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន


សៀមរាប៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានអញ្ចើញជាអធិបតីប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន ដែលពិធីនេះមានការចូលរួមពី លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ តំណាងស្ថានទូតចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ នាយកទីភ្នាក់ស្វីសប្រចាំកម្ពុជា ប្រធានអង្គការហេឡូត្រាស្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៅរសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។
លោក ពិន ប្រាកដ អភិបាលរងខេត្តមានប្រសាសន៍ថា ខេត្តសៀមរាប ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២រហូតមកដល់បច្ចុប្បន្ននេះ ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានធ្វើការបោស សម្អាតមីនលើទំហំផ្ទៃដីសរុបមានចំនួនៈ១៣៩លាន៩៤៩ពាន់៤២៥ ម៉ែត្រក្រឡា ស្មើនឹងៈ ១៣ពាន់៩៩៥ ហិកតា រកឃើញមីនថ្មើជើង ចំនួនៈ ២៣ពាន់៤៦៨ គ្រាប់ , មីនតោន ចំនួន ៧២៣គ្រាប់ សំណល់ជាតិផ្ទុះពីសង្រ្គាមគ្រប់ប្រភេទមាន ចំនួនៈ១១៧ពាន់៤៦៩ គ្រាប់ ក្នុងនោះអ្នកទទួលផលមានចំនួនៈ២២៨ពាន់៩៦៥គ្រួសារ មនុស្សសរុប មានចំនួនៈ៧៥៥,ពាន់៩២៧ នាក់ ។ ដោយទ្បែកសម្រាប់ផែនការប្រចំាឆ្នាំ ២០២៤ រដ្ឋបាលខេត្ត គ្រោង នឹងស្នើសុំអនុម័តផែនការបោសសម្អាតមីន និងចម្ការគ្រាប់លើចំនួនៈ ៦៦ទីតាំង បន្ថែមទៀតដែលបានរកឃើញថា អាចមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម លើផ្ទៃដី សរុបចំនួនៈ១១លាន៣៥ពាន់ ម៉ែត្រក្រឡា ។ ទន្ទឹមនឹងនោះ តាមរយៈយន្តការសកម្មភាពកម្ចាត់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រដ្ឋបាលខេត្ត បាននិងកំពុងបន្តធ្វើការបោសសម្អាតមីន ការ ផ្សព្វផ្សាយ អប់រំ ពីគ្រោះថ្នាក់ដោយសារមីន ដោយសហការជាមួយក្រុមការងារផែនការសកម្មភាពមីន អាជ្ញាធរថ្នាក់មូលដ្ឋាន អង្គភាពពាក់ព័ន្ធចូលរួមសហការអនុវត្តជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។
ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនបានលើកឡើងថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចំរើន ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ស្រុកពួក គឹជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាត មីនចុងក្រោយរបស់អង្គការ HALO Trust ក្នុងទំហំផ្ទៃដី ៣លាន៥១២ពាន់៦៤៨ ម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA ។ ក្នុងនាមសម្តេចធិបតី និងប្រជាជនខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្រ្តី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ និងស្វីស ក៏ដូចជាការលះបង់របស់អ្នកដោះមីនទាំងអស់ ដែលបានចូលរួមគាំទ្រ និងបំពេញការងារដោយផ្ទាល់ ក្នុងការធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋនៅស្រុកពួក ខេត្តសៀមរាប ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានរលឹកបន្ថែមទៀតថា ថ្មីៗនេះកម្ពុជាបានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលមាន ១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញា ដោយជ្រើសយកខេត្តសៀមរាប ជាទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរនេះ ដែលនេះគឺជាកាដូរពិសេសមួយជូនបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី និងស្របនឹងការដាក់ចេញយុទ្ធសាស្រ្តរបស់សម្តេច ទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីជម្រុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងបង្ហាញទៅកាន់ពិភពលោក ឲ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធ និងមានការគំរាមដោយសារមីន ឲ្យទៅជាតំបន់ដែលពោរពេញដោយស្នាមញញឹម និងមានសុខសន្តិភាពពេញលេញ។
ក្នុងនោះដែរឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតទាំងអស់ បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ហើយបណ្តាប្រទេសជាមិត្តទាំងនោះ នឹងបន្តប្តេជ្ញាចិត្តចូលរួម និងឈរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការស្វាគមន៍ និងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូត បានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននៅស្រុកពួក ខេត្តសៀមរាប គឺជាផ្នែកមួយក្នុងរួមចំណែក និងឈាន់ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *