សៀមរាប៖ ថ្នាក់ដឹកនាំការិយាល័យ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ មេភូមិ ជំនួយការភូមិក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ប្រមាណជាង ២០០នាក់ បានទទួលនូវវគ្គផ្សព្វផ្សាយ ស្តីពីតួនាទី ភារកិច្ច និង សមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ រាជធានី ខេត្ត និង របៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) របស់ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២៣ នៅសាលាវិទ្យាល័យ ដំដែក ដោយមានវត្តមានចូលរួមរបស់លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និង លោកស្រី ងឹន មុំ ប្រធានក្រុមប្រឹក្សាស្រុក និង លោកស្រីអភិបាលរងស្រុកសូទ្រនិគមផងដែរ ។
វគ្គផ្សព្វផ្សាយនេះ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ច ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងតួនាទី ភាកិច្ច ក្នុងការទទួល និង សម្រុះសម្រួលដោះស្រាយបណ្តឹងនៅ ក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធ នឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅ កំណត់យន្តការ គោលការណ៍ បែបបទ និង នីតិវិធីនៃការសម្រុះសម្រួលដោះស្រាយបណ្តឹងនៅថ្នាក់ក្រោមជាតិ និង អំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដែលគោលបំណងកម្មវិធី (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ) ។
មានប្រសាសន៍បើកវគ្គនោះដែរលោកស្រី ងឹន មុំ បានធ្វើការបញ្ជាក់ជូនដល់អស់លោក លោកស្រី ជាមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ និង មេភូមិ ជំនួយការភូមិទាំងអស់ អំពីអត្ថប្រយោជន៍ នៃការិយាល័យប្រជាពលរដ្ឋ ដើមី្បជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋយើង ដែលជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត រដ្ឋបាលស្រុកសម្រាប់ទទួល និង សម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។ ម៉្យាងទៀតអំពីការប្រើប្រាស់តាមប្រព័ន្ធទូរស័ព្ទ បានបង្កលក្ខណៈងាយស្រួល (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាល និង ការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធ នឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ ) ។
តាមបទបង្ហាញរបស់លោក ឡុង រដ្ឋារក្ស ប្រធានផ្នែកទទួលពាក្យបណ្តឹងនិងកិច្ចការរដ្ឋបាល នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានឲ្យដឹងថា ការិយាល័យប្រជាពលរដ្ឋ ជាយន្តការអព្យាក្រឹត្យមួយដែលត្រូវបង្កើតឡើងនៅរដ្ឋបាលខេត្ត សម្រាប់ទទួល និង សម្រុះសម្រួល ដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ ខេត្ត ។ ក្នុងនោះលោកក៏បានបញ្ជាក់ផងដែរ អំពីតួនាទី ភារកិច្ចរបស់ការិយាល័យ គឺទទួលនិង ប្រមូលពាក្យបណ្តឹងនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើសម្រាំង វាយតម្លៃពាក្យបណ្តឹងដែលទទួលបាន ព្រមទាំងបញ្ជូនពាក្យបណ្តឹងទាំង ឡាយណា ដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន ទៅស្ថាប័នមានសមត្ថកិច្ច និង តាមដានដោះស្រាយ ដើមី្បជូនព័ត៌មាន ត្រឡប់ទៅម្ចាស់បណ្តឹង។ ត្រូវធ្វើការស៊ើបអង្គេត បណ្តឹងលើកអនុសាសន៍ អំពីវិធានការដោះស្រាយបណ្តឹង និង តាមដានការអនុវត្តវិធានការដោះស្រាយបណ្តឹង ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
បន្ទាប់ពីវាគ្មិនបានធ្វើការបង្ហាញរួចមក លោក នេត ផល្គុន ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ក៏បានធ្វើការបង្ហាត់បង្ហាញ ដល់សិក្ខាកាមនៃវគ្គផ្សព្វផ្សាយ អំពីរបៀបប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ (មតិយើង) ដើមី្បមានភាពងាយស្រួលដល់បងប្អូនដែលមានបញ្ហាកើតឡើងនៅក្នុងមូលដ្ឋានខ្លួន ឬ ក៏ភាពមិនពេញចិត្តនិងមិនស្របតាមតម្រូវការរបស់បងប្អូន លើការងារបម្រើសេវាសាធារណៈ និង ការគ្រប់គ្រង ដឹកនាំរបស់បុគ្គលណាម្នាក់ ដោយមានល័ក្ខការជាសម្ងាត់ជូនបងប្អូនទៀតផង ។ ម៉្យាងទៀតការប្រើប្រាស់តាមប្រព័ន្ធទូរស័ព្ទ (សម្រាប់ប្រជាពលរដ្ឋផ្តល់ព័ត៌មាន មតិយោបល់ និង រាយការណ៍អំពីបណ្តឹងនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលនិងការផ្តល់សេវាសាធារណៈ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ) ។
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប