កិច្ចប្រជុំបោះ ឆ្នោតជ្រើសរើស ប្រធាន-អនុប្រធាន ការិយា ល័យប្រជាពលរដ្ឋ ខេត្តសៀមរាប

នៅរសៀលថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រី ជាសមាជិកគណៈកម្មការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្ត និង នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការធនធានមនុស្ស និង រដ្ឋបាលផងដែរ ។
នាឱកាសនោះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ ក្នុងឱកាសនេះ គឺបានរៀបចំធ្វើកិច្ចប្រជុំជាច្រើនដងកន្លងរួចមកហើយ តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយអំពីការជ្រើសរើសតំណាងអង្គការសង្គមស៊ីវិលជាតិ ដោយក្នុងនោះ មានអង្គការសង្គមស៊ីវិលជាតិ ចូលរួមជាគណៈកម្មការបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ។ ឯកឧត្តម បានបន្តទៀតថា ការរៀបចំបោះឆ្នោតជ្រើសរើសនេះ គឺធ្វើឡើងស្របតាមសេចក្តីណែនាំ លេខ ០២៤សណន របស់ក្រសួងមហាផ្ទៃផងដែរ ។ ជាមួយគ្នានោះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា កាជ្រើសរើស ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ គឺជាការងារស្នូលសំខាន់របស់ការិយាល័យ គឺដើរតួយ៉ាងសំខាន់ ក្នុងការទទួលពាក្យបណ្ដឹង សម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធ តុលាការ ដែលពាក់ព័ន្ធទៅ នឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តម អ៊ាន ឃុន ក៏បានផ្ដាំផ្ញើដល់ សមាជិកគណៈកម្មការ នៃការរៀបចំការបោះឆ្នោតជ្រើសរើសការិយាល័យប្រជាពលរដ្ឋ នាពេលនេះ សូមធ្វើឡើងដោយសុក្រឹត្យ ច្បាស់លាស់ និងយុត្តិធម៌ ឲ្យស្របទៅនឹងការសម្រេចចិត្តរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានបោះឆ្នោតជូនទៅដល់បុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញតួនាទីរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់ ។
បេក្ខជនឈរឈ្មោះជាប្រធាន មានចំនួន៣រូប ក្នុងនោះមាន៖ ១. លោក ទីវ សារ៉ូន. ២ លោក នេត ផល្គុន និង៣. លោក សៅ សាវុធ ។ ចំណែកបេក្ខជនឈរឈ្មោះជាអនុប្រធាន មានចំនួន៤រូប រួមមាន៖ ១. លោក ទីវ សារ៉ូន , ២ លោក សៅ សាវុធ ,៣. លោកស្រី ស៊ឹម សុវណ្ណារី និង៤. លោក ស៊ុម ស៊ីណា ។ ក្រោយការបោះឆ្នោត លោក នេត ផល្គុន បានជាប់ឆ្នោតជាប្រធាន ការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប និង លោកស្រី ស៊ឹម សុវណ្ណារី ជាអនុប្រធាន ការិយាល័យប្រជាពល រដ្ឋខេត្ត ។
ក្រោយការបោះឆ្នោត និងប្រកាសលទ្ធផល ឯកឧត្តម អ៊ាន ឃុន បានណែនាំ ឲ្យក្រុមលេខាធិការដ្ឋានក្រុមប្រឹក្សាខេត្ត រៀបចំធ្វើលិខិតស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យមានការប្រកាសជាផ្លូវការទៅតាមនីតិវិធីនៃច្បាប់ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *