ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ផ្តល់ភ្លើងបូជាសព ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

សៀមរាប៖ ពិធីបុណ្យសព ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គម្រប់ពេល៧ថ្ងៃ ដែលលោកជំទាវ កូន កូនប្រសារ ចៅៗ និង សាច់ញាតិ មិត្តភ័ក្តទាំងអស់ បានធ្វើការបំពេញនូវកតញ្ញូ កតវេទីតាធម៌ ក្នុងការរៀបចំពិធីតំកល់សព ធ្វើបុណ្យទិក្ខិណានុប្បទាន ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដូងវិញ្ញាណខន្ធឯកឧត្តម នួន បូផល ដែល បានប្រព្រឹត្តទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ។ លុះនៅរសៀលថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៣ ពិធីរំកិលសព ដើម្បីធ្វើការដង្ហែប្រទក្សិណឆ្ពោះទៅកាន់ដីភូមិរបស់ឯកឧត្តម ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។ បន្ទាប់មកក៏បានរំកិលសពយកទៅដាក់ដំកល នៅលើមេរុ ដែលជាកិច្ចចុងក្រោយ ។ ឯកឧត្តម នួន បូផល បានទទួលមរណៈភាព នៅវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយរោគាពាធ ក្នុងអាយុ ៦៧ឆ្នាំ ។
ក្នុងពិធីផ្តល់ភ្លើងបូជាសពឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រោមការនិមន្ត ធ្វើពិធីបង្សុកូល របស់ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស និង ជាព្រះសុមង្គលសិលាចារ្យ មេគណខេត្ត គណៈនិកាយ និង ព្រះធម្មវីវង្ស នង មាណវោ ព្រះរាជាគណៈថ្នាក់ត្រី និងជាព្រះរាជសាន្តិនគរ មេគណខេត្តគណៈធម្មយុត្តនិកាយ និង ក្រោមអធិបតីភាពរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមទាំងឯកឧត្តម លោកជំទាវជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គណៈអភិបាលខេត្ត,មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក មន្ត្រីរាជការ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមយុវជនកាកបាទក្រហម យុវជនការិទ្ធិកម្ពុជា សិស្សានុសិស្ស និង ប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមគោរពវិញ្ញាណខន្ត និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ។
ជាមួយគ្នានោះ ព្រះសង្ឃ និង តាអាចារ្យរៀបចំធ្វើកិច្ច ទៅតាមក្បួនខ្នាតទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា រួចមកឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី បានធ្វើការអាននូវជីវប្រវត្តិ និង ដើមី្បឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងរបស់ឯកឧត្តម នួន បូផល ដែលបានបម្រើជាតិមាតុភូមិ សាសនា ព្រះមហាក្សត្រ និង ប្រជាជនកម្ពុជាកន្លងមក ដែលជាកេរ្តិ៍មរតកសម្រាប់ទុកឲ្យកុលបុត្រ កុលធីតាខ្មែរយើង ជំនាន់ក្រោយ សំខាន់សង្គមជាតិទាំងមូលបានយល់ និង សិក្សារៀនសូត្រ អំពីវីរៈភាពរបស់ឯកឧត្តម នួន បូផល ទៀតផង។ ជីវប្រវត្តិរបស់ ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ឯកឧត្តមបានបូជាកម្លាំងកាយក្នុងបុព្វហេតុជាតិមាតុភូមិ ។ នៅក្នុងវិយោគកថានោះដែរ ក៏បានរំលេចលើកនូវស្នាដៃធំៗ ដែលឯកឧត្តមបានចូលរួមកសាង សមទ្ធិផលជាច្រើន ជាមួយរាជរដ្ឋាភិបាល សំខាន់ក្នុងការអភិវឌ្ឍនៅក្នុងស្រុកកំណើត និងនៅខេត្តសៀមរាប ទាំងវិស័យអាណាចក្រ និង ពុទ្ធចក្រ រហូតដល់ថ្ងៃដែលឯកឧត្តមរលត់អស់សង្ខាពីលោកយើងនេះ ។ ភាពដែលគួរឲ្យមានក្តីសង្វែកនោះ យើងទាំងអស់គ្នា និង ក្រុមគ្រួសារនៃសព មានការតក់ស្លុត សោកស្តាយ និង អាឡោះអាល័យជាពន់ពេក ពុំអាចរកអ្វីមកគណនាបានឡើយ គឺមានតែការឱនកាយវាចាចិត្ត គោរពវិញ្ញាណខន្ធរបស់ឯកឧត្តម នៃនាទីចុងក្រោយតែប៉ុណ្ណោះ ។ ទោះបីឯកឧត្តមបានលាចាកទៅឆ្ងាយមិនមានថ្ងៃត្រឡប់មែនពិត តែឯកឧត្តមបានបន្សល់ទុកនៅគំរូវីរៈភាពក្នុងការដឹកនាំមន្ត្រីរាជការ និង បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើមី្បបុព្វហេតុជាតិមាតុភូមិកម្ពុជា ដែលជាមន្ត្រីជាន់ខ្ពស់ដ៏ឆ្នើម ប្រកបទៅដោយភក្តីភាព ចំពោះថ្នាក់ដឹកនាំ និង ជាស្វាមី ជាបិតា ជាជីតា ប្រកបទៅដោយព្រហ្មវិហារធម៌ ។ គុណបំណាច់ក្នុងការបម្រើជាតិ និង ប្រជាជនកម្ពុជា គឺស្ថិតស្ថេរនៅក្នុងបេះដូងកូនខ្មែរគ្រប់រូប គ្មានថ្ងៃសាបសូន្យឡើយ ។
បន្ទាប់ពីគណៈអធិបតិធ្វើការបូជា ទៀធូក គោរពវិញ្ញាណក្ខ័ន្ធជានាទីចុងក្រោយនៃសពមក ព្រះសង្ឃបានធ្វើការប្រទានព្រះអគ្គី ជូនដល់ក្រុមគ្រួសារនៃសព ដើមី្បជូនដល់គណៈអធិបតី ធ្វើការបូជាសពឯកឧត្តម នួន បូផល និង សូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្តឯកឧត្តម សូមឲ្យបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយ ឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូន ចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។

ក្នុងនោះដែរលោក នួន ពុទ្ធារ៉ា តំណាងក្រុមគ្រួសារ បានបង្ហាញនូវក្តីរំភើបភាពកក់ក្តៅចំពោះទឹកចិត្តនិងការលះបង់ពេលវេលារបស់គណៈប្រតិភូអមដំណើរ ព្រមទាំងឯកឧត្តម លោកជំទាវជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អ្នកតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី និង មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត លោកគ្រូ អ្នកគ្រូ និង ក្មួយៗក្រុមយុវជនកាកបាទក្រហម យុវជនការិទ្ធិកម្ពុជា សិស្សានុសិស្ស ប្រជាពុទ្ធបរិស័យទាំងមូល ដែលបានផ្តល់នូវការគោរពជូនដំណើរជាចុងក្រោយ ដើម្បីបានដួងវិញ្ញាណក្ខ័ន្តរបស់លោកឪពុកខ្ញុំបាទបានទៅកាន់សុគតិភព ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *