ពោធិ៍សាត់៖ ពិធី ទិវាពិភពលោកប្រយុទ្ធនឹងជម្ងឺអេដស៍១ធ្នូ ក្រោមប្រធានបទ « សមាគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់អេដស៍ » រៀបចំឡើងដោយសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ទីរសុខាភិបាលខេត្តពោធិសាត់ធ្វើឡើងនៅវត្តថ្លុកដង្កោរ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ស្ថិតក្រោមអធិបតីភាព លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និង ជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់និង ប្រតិភូរួមដំណើរជាច្រើនរូបទៀត នៅថ្ងៃទី១ខែធ្នូ២០២៣។
លោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត និង ជាប្រធានលេខាធិការដ្ឋានអេដស៍ខេត្ត បានលើកឡើងថា គិតមកដល់ពេលនេះខេត្តពោធិ៍សាត់មានគ្លិនិកផ្តល់សេវា ថែទាំ៣កន្លែង សេវាធ្វើតេស្តឈាមនៅតាមមណ្ឌលសុខភាព៤០កន្លែង គ្លីនិកសុខភាពគ្រួសារ៤កន្លែង អ្នកផ្ទុកមេរោគអេដស៍ចំនួន១៤៥៨នាក់ ស្រី ៧២៩នាក់ ក្នុងនោះកុមារ២២នាក់ ។
លោករំពឹងថា ជោគជ័យជាស្ថាពរក្នុងការលុបបំបាត់ការឆ្លងមេរោគថ្មីឱ្យនៅកម្រិតជាអតិបរិមាដើម្បីឈានទៅសម្រេចបានគោលដៅសូន្យបីនិង ៩៥-៩៥-៩៥នៅឆ្នាំ២០២៥បើទោះជាយ៉ាង ណាយើងត្រូវមានការប្រុងប្រយត្ន័ខ្ពស់ព្រោះថា បច្ចុប្បន្នមិនទាន់មានថ្នាំព្យាបាលជម្ងឺអេដស៍ឱ្យជាសះស្បើយបាននោះទេ ករណី ឆ្លង ក៏នៅកើតមានជាបន្តបន្ទាប់ ។
លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយសនិងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហម កម្ពុជាខេត្ត បានគោរពថ្លែងអំណរគុណនិងអាននូវសាលិខិតរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃ វេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍន៍នៅកម្ពុជា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល សកម្មជនជាតិនិង អន្តរជាតិ ប្រយុទ្ធនឹងជម្ងឺអេដស៍ នៅគ្រប់លំដាប់ថ្នាក់ក្រោមប្រធានបទ «សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍»ដើម្បីទាក់ទាញការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់រូបបន្តការប្រុងប្រយ័ត្នកាន់តែខ្លាំងក្នុងការបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍នៅកម្ពុជា។
ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាដែលជាជំនួយការឲ្យអាជ្ញាធរ សាធារណៈបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយនិងផែនការយុទ្ធសាស្ត្រជាតិ ឲ្យជនរួមជាតិចូលរួមក្នុងចរន្តជាតិតែមួយឈានឆ្ពោះទៅរកបញ្ចប់អេដស៍នៅឆ្នាំ២០២៥ ។
រាជរដ្ឋាភិបាលបបានគ្រប់គ្រងការទប់ស្កាត់ការចម្លងមេរោគអេដស៍ ជំងឺ កូវីដ១៩ និងបើកប្រទេសពេញលេញឡើងវិញដើម្បីស្តាអភិវឌ្ឍន៍សេដ្ឋកិច្ច ធ្វើឲ្យមានសមភាពនិងជីវភាពប្រជាពលរដ្ឋប្រសើរឡើងវិញតាមរយៈនេះសូមឲ្យប្រជាពលរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ ចូលរួមជាកម្លាំងសាមគ្គីទប់ស្កាត់ជំងឺឆ្លងនានា បង្ការខ្លួន គ្រួសារ សហគមន៍កុំឲ្យមានឆ្លង និងត្រូវស្វែងរកទីប្រឹក្សាសេវាថែទាំនិងព្យាបាលជាពិសេសស្ត្រីមានផ្ទៃពោះឲ្យបានយ៉ាងតិច៤ដងនិងទៀងទាត់ ។
ជាមួយគ្នានោះគប្បីបញ្ឈប់ការរើសអើងទៅលើអ្នកផ្ទុកជំងឺអេដស៍និងជំងឺអេដស៍ ត្រូវបង្កើនការយកចិត្តទុកដាក់លើការធានាទាំងប្រសិទ្ធភាព ប្រសិទ្ធផលនិងចីរភាព ពង្រឹងយន្តការនៃការគ្រប់គ្រងធនធានមនុស្សទទួលខុសត្រូវតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ។
តារយៈសាលិខិតនេះសូមផ្ញើដល់ ប្រជាពលរដ្ឋជាពិសេសយុវជនត្រូវចូលរួមទប់ស្កាត់និងបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ រួមគ្នាអនុវត្តវិធីសាស្ត្រមិត្តអប់រំមិត្ត ចាកឆ្ងាយពីគ្រឿង ញៀន ខិតខំថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភ ប្រើថ្នាំប្រឆាំងមេរោគអេដស៍ ពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ មិនត្រូវរើសអើងចំពោះអ្នកផ្ទុក និងសូមអំពាវនាវដល់ក្រុមបុរស រួមភេទជាមួយបុរស ក្រុមស្ត្រីបម្រើសេវានៅតាមគ្រឹះស្ថានកន្សាន្តសប្បាយមនុស្សពេញវ័យត្រូវអនុវត្តវិធានការបង្ការការចម្លងឲ្យបានត្រឹមត្រូវដើម្បីសុខភាពផ្ទាល់ខ្លួននិងឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥។
នៅក្នុងខណៈនោះក៏បានចែកជូនអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តដល់អ្នកផ្ទុកមេរោគអេដស៍ ៦២នាក់ក្នុងម្នាក់ៗអង្ករ២៥គីឡូក្រាម ត្រីខ១យួរនិងថវិកា២ម៉ឺនរៀល ព្រមទាំងបានចែក ជូនវត្ថុកំដរដៃរួមមានសាប៊ូក្រអូប វិទ្យុនិងថវិកាមួយចំនួនដល់យុវជននិងអ្នកស្ម័ក្រចិត្តកាកបាទក្រហមក្នុងមូលដ្ឋាននោះផងដែរ៕