ទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា

ក្រោយពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ប្រកបទៅដោយជោគជ័យនោះ នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត បានជួបសំណេះសំណាល ជាមួយបងប្អូនអ្នកអនាម័យ ចំនួន១៧៦នាក់ មកពី៤អង្គភាព មានមន្ទីរបរិស្ថានខេត្ត ,ក្រុមហ៊ុន Gaea.plc ,ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green , គ្រឹះស្ថានអង្គរ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក លើការងារផ្គត់ផ្គង់បង្គន់អនាម័យចល័ត ការសម្អាត ប្រមូលទុកដាក់ ដឹកជញ្ជូនសម្រាម , សំណល់រាវ និង ការងារផ្សព្វផ្សាយអប់រំបរិស្ថាន នៅមាត់ស្ទឹងសៀមរាប ។
តាមរបាយការណ៍របស់លោក ស៊ុង គង់ ប្រធានមន្ទីរបរិស្ថានខេត្ត បានឲ្យដឹងថា ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅខេត្តសៀមរាប ក្នុងការធ្វើអនាម័យ បរិស្ថាន ទាំងនៅលើគោក ក្នុងទឹកស្ទឹង ដើមី្បធ្វើឲ្យបរិស្ថាន អនាម័យ មានសភាពស្រស់ស្អាត ដោយមានកិច្ចសហការជាមួយ ក្រុមហ៊ុន Gaea.plc ,ក្រុមហ៊ុន Cintri ក្រុមហ៊ុន Active Green , គ្រឹះស្ថានអង្គរ ព្រមទាំងធ្វើការអប់រំ ផ្សព្វផ្សាយទៀតផង ។ លោកបានបន្តទៀត ថា ក្នុងនោះត្រូវបានប្រើប្រាស់កម្លាំងសរុប ២៤៩នាក់ ទាំងមន្ត្រីមន្ទីរបរិស្ថាន និង ក្រុមហ៊ុនបានចូលរួម ។ នៅក្នុងពិធីសំណេះ សំណាលជាមួយបងបងប្អូន ទាំង ១៧៦នាក់នេះ មកពីក្រុមហ៊ុន និង គ្រឹះស្ថាន ដែលបានរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការធ្វើអនាម័យ បរិស្ថាននៅក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ ។
មានប្រសាសន៍សំណេះសំណាលនោះដែរ ឯកឧត្តម ប្រាក់ សោភណ្ឌ បានធ្វើការកោតសរសើរចំពោះបងប្អូនអ្នក អនាម័យទាំងអស់ និង ថ្លែងអំណរគុណ ដល់បងប្អូនដែលបានចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ឆ្នាំ២០២៣នេះ ដោយមិនគិតពី ភាពនឿហត់នោះឡើយ ។ ក្នុងនោះដែរឯកឧត្តមក៏បានលើក ពីស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការសម្អាតនៅតាមដងផ្លូវនានា និង ក្នុងបរិវេណនៃអង្គពិធី សំខាន់លើអនាម័យ បរិស្ថានក្នុងដងស្ទឹងសៀមរាប ដោយបានលះបង់ពេលវេលាធ្វើការ សម្អាត មិនឲ្យប៉ះពាល់ដល់អារម្មណបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកនៅខេត្តសៀមរាប ដែលជាខេត្តមានអរីយធម៌ វប្បធម៌ប្រវត្តិសាស្ត្រ ដែលដូនតាខ្មែរយើងបានចារិកទុកនៅតាមប្រាង្គប្រាសាទ ។ ក្នុងរយៈពេល៤ថ្ងៃនៃកម្មវិធីនេះ បានធ្វើឲ្យកំណើនភ្ញៀវកើនឡើង ដែលធ្វើឲ្យកិត្យានុភាពរបស់ខេត្តប្រវត្តិសាស្ត្រមួយនេះ កាន់តែទាក់ទាញនូវអារម្មណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេចរណ៍ជាតិ អន្តរជាតិ កាន់តែមានភាពជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ ក្នុងការថែរក្សានូវសុខសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស ។ ឯកឧត្តម ប្រាក់ សោភណ្ឌ បានបន្តទៀតថា ដើមី្បធ្វើឲ្យខេត្ត ក្រុង សៀមរាបយើង កាន់តែមានសោភណ្ឌភាពថែមទៀតនោះ យើងគ្រប់គ្នាត្រូវប្រកាន់ភ្ជាប់នូវទ្រឹស្តី ( ទីក្រុងស្អាត ផ្តើម ចេញពីយើងទាំងអស់គ្នា ) ។ កត្តានេះហើយយើងគ្រប់រូប ត្រូវមានស្មារតីយកចិត្តទុកដាក់នៅគ្រប់វិនាទី ក្នុងការរៀបចំទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ក្នុងឱកាសបុណ្យអុំទូកនេះ ទៅតាមការណែនាំរបស់មន្ត្រីជំនាញនៅគ្រប់មូលដ្ឋាន ទីកន្លែងទាំងអស់ និង រួមគ្នាលុបបំបាត់ការប្រើប្រាស់ ប្លាស្ទីច ដែលនាំធ្វើឲ្យយើងប៉ះពាល់ដល់សុខភាព និង បំពុលបរិស្ថាននៃភពផែនដីទៀតផង ។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនអ្នកអនាម័យ បរិស្ថានទាំងអស់នៅពេលធ្វើការបោសសម្អាតនៅតាមដងផ្លូវសាធារណៈឬទីប្រជុំជន សូមប្រើប្រាស់ម៉ាស់ ឲ្យបានគ្រប់ៗគ្នា ដើមី្បការពារ និង រក្សាបាននូវសុភាពរបស់ខ្លួន នឹង សូមឲ្យបន្តចូលរួម ក្នុងការធ្វើអនាម័យ បរិស្ថាន នៅក្នុង កម្មវិធីនៅពេលក្រោយៗទៀតផង ។
ក្នុងនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវវត្ថុកម្តរដៃ ជូនដល់បងប្អូនអ្នកអនាម័យទាំង១៧៦នាក់ដោយម្នាក់ៗទទួលបាន ទឹកបរិសុទ្ធ ១កេស, ភេជ្ជះ ១កេស និង ថវិកា ១០ម៉ឺនរៀលផងដែរ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *