កំពង់ឆ្នាំង៖ សាលាអនុគណក្រុង កំពង់ឆ្នាំង បានរៀបចំពិធីបុណ្យអកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ នៅវត្តទេពធិតារាមហៅវត្តយាយទេព ស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងក្រោមព្រះអធិបតីភាពព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរដែនដី ព្រមទាំងមានការចូលរួមពីពុទ្ធបរិស័ទយ៉ាងច្រើនកុះករ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
បន្ទាប់ពីបានប្រារព្ធពិធីទៅតាមលំដាប់លំដោយតាមបែបទំនៀមទំលាប់ ប្រពៃណីរបស់ខ្មែររួចមក ព្រះវិមលញាណ ឆន ឆុង ព្រះអនុគណក្រុងកំពង់ឆ្នាំងបានមានសង្ឃដីកាអោយដឹងថាៈ ពិធីបុណ្យ អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យផ្សេងៗត្រូវបានប្រជាពុទ្ធបរិស័ទខ្មែរប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ។
ការប្រារព្ធពិធីបុណ្យនេះបានដោយសារប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតរបស់ញោមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា និង ក្រោមការដឹកនាំរបស់ញោមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ហើយឆ្នាំនេះរាជរដ្ឋបាលបានរៀបចំព្រះរាជពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ និង បណ្តែតប្រទីបឡើងវិញ បន្ទាប់ពីមានការអាក់ខានដោយសារការរីករាលដាលជំងឺកូវីដ១៩ជាសកលកន្លងមក ។
ពិធីបុណ្យអកអំបុក សំពះព្រះខែ និង បណ្តែតប្រទីប ធ្វើឡើងដើម្បីឧទ្ទិសដល់ការបំពេញបុណ្យបារមី របស់ព្រះពោធិសត្វក្នុងពេលដែលយោងយកកំណើតជាសត្វទន្សាយហើយពិធីបុណ្យនេះគឺជាប្រពៃណីមួយរបស់ប្រជាពុទ្ធបរិស័ទខ្មែរ ដែលផ្សារភ្ជាប់ទៅ នឹង ពិធីបុណ្យអុំទូក។
ព្រះគ្រូ ឆន ឆុង បានមានសង្ឃដីកាអោយដឹងបន្តទៀតថាៈ បើតាម ជំនឿរបស់ដូនតាប្រជាពុទ្ធបរិស័ទ យល់ថាៈ ព្រះសម្មាសម្ពុទ្ធបរមគ្រូ នៃយើង ធ្លាប់កើតជាសត្វទន្សាយ កាលពីព្រះអង្គមិនទាន់ត្រាស់ដឹង (ការក្លាយជាព្រះពុទ្ធ) រឿងនិទាននោះ បានដំណាលតៗគ្នាថាៈ គ្រាមួយ ព្រះឥន្ទ្រ បានយាងចុះមក ហើយនិមិតខ្លួន ជាតាព្រាហ្មណ៍ម្នាក់នៅចំពោះមុខសត្វទន្សាយ តាព្រាហ្មណ៍នោះ ក៏ពោលពាក្យឡើងថា៖«ជីវិតខ្ញុំនឹងក្ស័យជាមិនខាន បើគ្មានអាហារបរិភោគនាពេលនេះ» ពេលនោះឯង ទន្សាយ ដែលជាតួអង្គព្រះពោធិសត្វនៃយើង បានពោលវាចា តបយ៉ាងនេះថា៖«ខ្ញុំមានតែសាច់ និងឈាមប៉ុណ្ណោះ> បើអ្នកចង់បាន ចូរអ្នករកអុសមកបង្កាត់ភ្លើងទៅចុះ ខ្ញុំនឹងលោតចូលក្នុងភ្លើងឲ្យបានជាអាហារបរិភោគ»គ្រាន់តែឮដូច្នេះ ព្រះឥន្ទ្រ ក៏ទៅបង្កាត់ភ្លើងភ្លាម ចំណែកឯទន្សាយ ក៏លោតចូលភ្លើងភ្លែតតែម្តង ដោយមិនបង្អង់យូរនោះទេ ប៉ុន្តែ ដោយអំណាចនៃសេចក្ដីជ្រះថ្លា និងការបរិច្ចាគដ៏អស្ចារ្យរបស់ទន្សាយ ព្រះឥន្ទ្រក៏ហោះទៅទ្រមិនឲ្យភ្លើងឆេះរោមមួយសរសៃឡើយ ពេលនោះ ព្រះឥន្ទ្រក៏ហោះទៅកាន់ឋានសួគ៌ ដើម្បីយកថ្មកែវមនោសិលា ទៅគូសរូបទន្សាយនៅក្នុងរង្វង់ព្រះចន្ទ ដែលជាហេតុនាំឲ្យមានរូបទន្សាយជាប់ក្នុងរង្វង់ព្រះចន្ទ តាំងពីកាលនោះរហូតមក ហើយមនុស្សគ្រប់រូបក៏មើលឃើញរូបទន្សាយច្បាស់នៅថ្ងៃ១៥កើតពេញបូណ៌មី។ រឿងរ៉ាវដែលទាក់ទងនឹងព្រះពោធិសត្វដូច្នេះហើយ ដែលនាំឲ្យប្រជាពុទ្ធបរិស័ទខ្មែរតែងតែរៀបចំប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ នៅតាមវត្តអារាម ភូមិស្រុក និងទីប្រជុំជននានា ដោយ
មានចេក អំបុក ទឹកដូង ផ្លែឈើ ជាដើម ដើម្បីរម្លឹកដល់ព្រះពោធិសត្វ ។
នៅក្នុងពិធីនោះដែរគណៈអធិបតីក៏មានអុជទៀនចំនួន៨ដើមផ្សងប្រផ្នូរមើលទឹកភ្លៀងសម្រាប់ឆ្នាំ២០២៤ តំណាងស្រុកក្រុងទាំង៨ក្នុងខេត្តកំពង់ឆ្នាំង តាមការផ្សងភ្លើងទៀននេះ អាចារ្យ នា ឥន្ទស៊ីនីន បានបញ្ជាក់ថាៈ១.ក្រុងកំពង់ឆ្នាំងដើមឆ្នាំមានភ្លៀងតិច,កណ្តាលឆ្នាំភ្លៀងតិច និង ចុងឆ្នាំភ្លៀងច្រើន, ២.ស្រុករលាប្អៀរ ដើមឆ្នាំភ្លៀងតិច កណ្តាលឆ្នាំ ចុងឆ្នាំភ្លៀងច្រើន , ៣.ស្រុកបរិបូណ៌ ដើមឆ្នាំភ្លៀងតិច កណ្តាលឆ្នាំភ្លៀង និង ចុងឆ្នាំមានភ្លៀងច្រើន, ៤.ស្រុកកំពង់លែង ដើមឆ្នាំកណ្តាល និង ចុងឆ្នាំភ្លៀងច្រើន , ៥.ស្រុកជលគិរី ដើមឆ្នាំ កណ្តាល និង ចុងឆ្នាំភ្លៀងច្រើន ,៦.ស្រុកកំពង់ត្រឡាច ដើមឆ្នាំភ្លៀងតិច កណ្តាលឆ្នាំ និង ចុងឆ្នាំ មានភ្លៀងច្រើន
,៧.ស្រុកទឹកផុស ដើមឆ្នាំភ្លៀងតិច កណ្តាលឆ្នាំ និង ចុងឆ្នាំ មានភ្លៀងច្រើន ,៨ ស្រុកសាមគ្គីមានជ័យ ដើមឆ្នាំភ្លៀងតិច កណ្តាលឆ្នាំ និង ចុងឆ្នាំ មានភ្លៀងច្រើន។ក្នុងពិធីនោះផងដែរក៏មានបាញ់កាំជ្រូច បុកអំបុក អកអំបុក សម្តែងរបាំនិងសម្តែងក្បាច់គុនបុរាណខ្មែរល្បុក្កតោជូនប្រជាពុទ្ធបរិស័ទទស្សនាផងដែរ។
ហើយក្នុងយប់នោះក៍មានការៀបចំ.ដល់អំបុក.បាញ់កាំជ្រួច.ការសម្តែងក្បាច់គុណល្បុកតោ.ចំបាប់.របាំក្រងោក.គោះត្រឡោកនិងរបាំផ្សេងៗទៀតលេងកម្សាន្តក្នុងរាត្រីក្នុងពិធីបុណ្យគ្រាដែលបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តជាច្រើនផងដែរ៕