រដ្ឋបាលខេត្តសៀមរាប ដឹកនាំមន្រ្តី និងប្រជាពលរដ្ឋ ប្រារពពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប

សៀមរាប៖ ក្នុងព្រឹត្តិការណ៍ពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប នៅខេត្តសៀមរាប មានការនិមន្តចូលរួមរបស់ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ និង ព្រះមេគណខេត្ត គណៈសង្ឃនិកាយ និង ធម្មយុទ្ធនិកាយ និង ព្រះមន្ត្រីសង្ឃខេត្ត ធ្វើបទនមស្ការព្រះរតរតនត្រ័យ ដើមី្បសុំនូវសេចក្តីសុខជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ ។ ក្នុង ការគោរពពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប នេះដែរ ក៏មានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម អ៊ាន ឃុន ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមមន្ទីរ អង្គភាព មន្ត្រីរាជការ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមយុវជនកាយរឹទ្ធិកម្ពុជា យុវជនកាកបាទក្រហម វិស័យឯកជន រួមទាំងប្រជាពុទ្ធបរិស័ទ និង ភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករផងដែរ ។
នៅក្នុងពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីបនេះដែរ ក៏មានរៀបចំពិធីបួងសួងមួយ នៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នៅរាត្រីថ្ងៃ១៥កើត ខែ កត្តិក ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើមី្បសុំនូវសេចក្តីសុខជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់រួមនិងប្រជាពលរដ្ឋ ។ បន្ទាប់ពីបានធ្វើការបូជាទៀន ធូក និង ថ្វាយផ្កាភ្ញី រួចមក ក្នុងពិធីបួងសួង បានប្រព្រឹត្តធ្វើទៅតាមគន្លងប្រពៃណីទំនៀមទម្លាប់ នៃព្រះពុទ្ធសាសនា ដោយលោកអាចារ្យបានធ្វើពិធីឧទ្ទិសបួងសួង សូមនូវព្រះបារមីដ៏ស័ក្តសិទ្ធិ ដែលគង់ប្រថាប់ថែរក្សានៅលើទឹកដីសៀមរាប-អង្គរ តាមជួយថែរក្សានូវថ្នាក់ដឹកនាំប្រទេស និង ពលរដ្ឋកម្ពុជាផងដែរ។
មានប្រសាសន៍នោះដែរ ឯកឧត្តម ប្រាក់ សោភ័ណ បានលើកផងដែរថា ការជួបជុំនៃមហាគ្រួសារខ្មែរ ចូលរួមការសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក ដែលប្រជាពលរដ្ឋខ្មែរ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងការរំលឹកគោរពដល់វីរៈភាពនៃបុព្វបុរសខ្មែរ ។ ឯកឧត្តមបានលើកផងដែរថា ពិធីបុណ្យនេះ ក៏បានរំលឹកនឹកគុណព្រះគង្គារដែលបានផ្ដល់ភាពត្រជាក់ត្រជុំសម្រាប់ភាពសុខក្សេមក្សាន្តដល់ប្រជានុរាស្ត្រ ដើម្បីកសាងជីវភាពក្រុមគ្រួសារក្នុងការរស់នៅប្រកបដោយសុភមង្គល និងការហូរនាំមកនូវដីល្បាប់ដ៏មានជីវជាតិ សម្រាប់ស្រោចស្រប់តំបន់ទំនាបកណ្ដាល និងផ្នែកខាងក្រោមបង្កលក្ខណៈឲ្យសកម្មភាពកសិកម្ម ផលិតកម្មគ្រប់ប្រភេទរបស់ប្រជាកសិករខ្មែរប្រកបដោយភោគផលកសិកម្មទទួលបានទិន្នផលខ្ពស់ ដើម្បីបំពេញសេចក្ដីត្រូវការប្រចាំថ្ងៃ និងពិសេស ជាឃ្លាំងស្បៀងដ៏សំខាន់របស់ជាតិ។ ពិធីនេះក៏ជាការបួងសួង សុំខមាលទោសដល់អារុក្ខអារក្សអ្នកតា ម្ចាស់ទឹក ម្ចាស់ដីទាំងអស់ ចំពោះអំពើមិនគប្បីរបស់កូនចៅ និងប្រជាពលរដ្ឋទាំងអស់ដែលបានរស់នៅ ហើយបានបោះចោលនូវភាពស្មោគគ្រោកពេញមួយឆ្នាំទៅលើលោកដែលជាម្ចាស់ទឹកម្ចាស់ដីកុំឲ្យមានការខឹងសម្បារដល់ភាពមិនគប្បីរបស់កូនចៅទាំងនោះ ហើយផ្ទុយទៅវិញក៏សូមឲ្យអារុក្ខអារក្សអ្នកតា ម្ចាស់ទឹក ម្ចាស់ដីទាំងអស់ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ សុភមង្គល ភាពរីកចម្រើនរុងរឿង ត្រជាក់ត្រជុំដល់កូនចៅ ដែលកំពុងតែរស់នៅជានិរន្តតទៅ ។ ឯកឧត្តម ប្រាក់ សោភ័ណ បានបញ្ជាក់ អំពីទឹកចិត្តគោរព ស្រលាញ់ និងការអភិរក្សសម្បត្តិវប្បធម៌ជាតិ ការលើកកម្ពស់ប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អផូរផង់ឲ្យបានគង់វង្សស្ថិតស្ថេរសម្រាប់បច្ចុប្បន្ន និង តទៅអនាគត ។ ការជួបជុំដើម្បីប្រារព្ធពិធីសំពះព្រះខែ និង អកអំបុកនេះឡើង គោលបំណងសំខាន់ៗ ផ្តោតលើ ការអភិរក្សឲ្យបានល្អនូវប្រពៃណីទំនៀមទម្លាប់របស់ខ្មែរកុំឲ្យបាត់បង់ ដើម្បីថែរក្សានូវតម្លៃអត្តសញ្ញាណជាតិឲ្យបានគង់វង្ស និងផ្សព្វផ្សាយនូវសម្បត្តិវប្បធម៌របស់ជាតិយើង ដល់កូនចៅខ្មែរគ្រប់ជំនាន់ ,ការបង្កើតនូវព្រឹត្តិការវប្បធម៌ ប្រវត្តិសាស្ត្រទេសចរណ៍ដែលជាការចូលរួមទាក់ទាញឲ្យភ្ញៀវជាតិ អន្តរជាតិមកទស្សនាកាន់តែច្រើន និង បង្កើតនូវបរិយាកាសសប្បាយរីករាយជូនដល់បងប្អូន ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទៀតផង ។ ឯកឧត្តមបានថ្លែងអំណរគុណចំពោះក្រុមការងារ នៃគ្រប់អនុគណៈកម្មការទាំងអស់ ពិសេសក្រុមការងារអនុគណៈកម្មការរៀបចំពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប និងពិធីសិល្បៈ សាសនា ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីនារាត្រីនេះឲ្យប្រព្រឹត្តទៅបានរលូន អធឹកអធមជាទីបំផុត ។
បន្ទាប់ពីលោកគ្រូអាចារ្យធ្វើការព្យាករណ៍អាកាសធាតុ ដោយសម្រក់ទៀន ដើមី្បធ្វើការផ្សងទឹកភ្លៀងសម្រាប់បង្កបង្កើនផលនៅឆ្នាំបន្ទាប់ផងដែរ ។ បន្តមកក៏បានរៀបចំធ្វើការដង្ហែ ប្រទីតយកទៅធ្វើការបណ្តែត នៅក្នុងទឹកស្ទឹង ក្នុងការឧទ្ទិស ថ្វាយដល់អារុក្ខ អារក្ស អ្នកតា បារមីថែរក្សាទឹកដី ដើម្បីសុំសេចក្តីសុខក្សេមក្សាន្តដល់កូនចៅ ដែលរស់នៅឲ្យទទួលបានសុខសុភមង្គលចម្រើនរុងរឿង ជូនដល់ប្រជាពលរដ្ឋកម្ពុជា ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *