ព្រឹត្តិការណ៍ប្រណាំងទូក-ង នៅខេត្តសៀមរាប

ព្រឹត្តិការណ៍ប្រណាំងទូក-ង នៅខេត្តសៀមរាបបានបិទជាផ្លូវការ ស្ថិតបរិយាកាសសប្បាយរីករាយ និងមានលក្ខណៈល្អប្រសើរស្ថិតនៅក្រោម ម្លប់សន្តិភាព បានបង្កភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា មានសិទ្ធសេរីភាពពេញលេញ ទៅតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប មានការប្រណាំងទូក-ង ដែលបានរៀបចំឡើង ដោយរដ្ឋបាលខេត្តសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិង អកអំបុក ត្រូវបានប្រកាស បិទ និង ប្រគល់ជូនពានរង្វាន់ជូនកីឡាករ កីឡាការិនីដែលទទួលបានជ័យជម្នះ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ក្នុងលក្ខណៈ សប្បាយរីករាយ ក្រៃលេង ។
មានប្រសាសន៍បិទបញ្ចប់ពិធីប្រណាំងទូកនិងប្រគល់ពាន់រង្វាន់ជូនកីឡាករកីឡាការិនី នាឱកាសនោះ ឯកឧត្ដម ប្រាក់ សោភ័ណ បានលើកឡើងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តមមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងបងប្អូនប្រជាពលរដ្ឋ កីឡាករ កីឡាការិនី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ នៅបរិវេណដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងពិធីបិទការប្រណាំងទូក “ង” បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរថ្ងៃមកនេះ ប៉ុន្តែកម្មវិធីកម្សាន្តសប្បាយផ្សេងៗ នឹងត្រូវប្រារព្ធឡើងរយៈពេលមួយថ្ងៃទៀតដល់ថ្ងៃទី២៩ វិច្ឆិកា ។ ក្នុងរយៈពេលពីរថ្ងៃនេះ សង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមកចូលរួម ទស្សនាកម្សាន្ត ក្នុងពិធីព្រះរាជបុណ្យអុំទូក យ៉ាងច្រើនកុះករ ។ ឯកឧត្តម មានប្រសាសន៍បន្តទៀតថា ចំណែកឯការងារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ប្រព្រឹត្តបានល្អប្រសើរ ដោយមិនមានគ្រោះថ្នាក់ចរាចរណ៍ គ្មានការប៉ះទង្គិចដោយអំពើហិង្សា អំពើឆក់ប្លន់ និង បាតុភាព អវិជ្ជមានផ្សេងៗទៀតគួរឲ្យកត់សម្គាល់ឡើយ ។ ក្នុងនោះស្ថានភាពអនាម័យបរិស្ថានវិញ ក៏មានសភាពល្អប្រសើរជាងពេលមុនៗផងដែរ ។ ដោយនៅតាមទី សាធារណៈ ជុំវិញទីតាំងប្រារព្ធពិធី ក៏ដូចជាតាមបណ្តោយស្ទឹងសៀមរាប បញ្ហាចរាចរណ៍នៅក្នុងក្រុង និងនៅជុំវិញទីតាំងប្រារព្ធពិធី មានលក្ខណៈល្អប្រសើរ បើទោះបីជាមានការកកស្ទះនៅតាមកន្លែងខ្លះៗក៏ដោយ ក៏កងកម្លាំងសមត្ថកិច្ច បានជួយសម្រួល ធ្វើចរាចណ៍បានទាន់ពេលវេលាផងដែរ ។ កិច្ចដំណើរការ នៃការប្រណាំងទូក “ង” ក៏បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អប្រសើរ បង្កលក្ខណៈ សប្បាយរីករាយ អធិកអធម និង រក្សាបាននូវកិត្តិយស និងសេចក្តីថ្លៃថ្នូរ ។ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងការកោតសរសើរ ចំពោះអនុគណៈកម្មការរៀបចំព្រះរាជពិធី ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ យ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវ និងធ្វើឲ្យដំណើរការទូទៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុកនេះ ទទួលបានលទ្ធផលជាផ្លែផ្កាទៅតាមផែនការគួរជាទីមោទនៈ។ ឯកឧត្តមក៏បានធ្វើ ការផ្តាំផ្ញើដល់កីឡាករ កីឡាការិនី ទូក(ង) ទាំងអ្នកទទួលជ័យលាភី និង មិនទទួលបានជ័យលាភី ត្រូវរក្សាឲ្យបាននូវស្នាដៃរបស់ ខ្លួន បន្តធ្វើការហ្វឹកហាត់ នូវបច្ចេកទេសក្នុងការអុំបន្តទៀត ដើមី្បក្នុងការត្រៀមលក្ខណៈប្រកួតនៅឆ្នាំក្រោយៗទៀត ។
តាមការបញ្ជាក់របស់លោក អ៊ឹង គឹមលាង ប្រធានអនុគណៈកម្មការបច្ចេកទេស អំពីលទ្ធផលនៃការប្រកួតបានរកឃើញទូកទទួលបានជ័យលាភី ក្នុងនោះទូកផ្នែកបុរស គឺ ទូកឈ្មោះសៀមរាបក្រុងមរតកអង្គរ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះ សូទ្រនិគមសែនជ័យបារមីតាពេជ្រ ជារបស់រដ្ឋបាលស្រុកសូទ្រនិគម និង រដ្ឋបាលស្រុកស្វាយលើ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះ រំដួលសែនជ័យបារមីអង្គរ ជារបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ និង ទូកឈ្មោះ នាគអង្គរមានជ័យ ជារបស់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តមានជ័យ ទទួលចំណាត់ថ្នាក់លេខ៤ ។ ចំពោះទូកផ្នែកនារី មាន ទូកឈ្មោះ យាយទេពសំដែងរិទ្ធិ ជារបស់រដ្ឋបាលក្រុងសៀមរាប ទទួលចំណាត់ថ្នាក់លេខ១ , ទូកឈ្មោះ តេជោធិបតីបារមីបាគង ជារបស់រដ្ឋបាលស្រុកប្រាសាទបាគង សាខាគយ និង រដ្ឋាករខេត្តសៀមរាប និងយោធិនពិការ៣១៧ ទទួលចំណាត់ថ្នាក់លេខ២ និង ទូកឈ្មោះហង្សចន្ទមានជ័យបារមីមហានគរ របស់សាខាពន្ធដាខេត្ត ទទួលចំណាត់ថ្នាក់លេខ៣ ។ ចំពោះទូកដែលគ្មានចំណាត់ថ្នាក់នោះដែរ គណៈអភិបាលខេត្ត បានផ្តល់នូវ រង្វាន់លុងចិត្តផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *