ក្នុងឱកាសបុណ្យអុំទូក នៅខេត្តសៀមរាប ទទួលភ្ញៀវបាន ៣០៤ ពាន់២៦១នាក់

សៀមរាប៖ ស្ថិតក្រោមដំបូលសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពពេញលេញ ក្នុងការប្របកមុខរបរចិញ្ចឹមជីវិត និង ការធ្វើដំណើរនៅក្នុងផ្ទៃប្រទេស ប្រកបទៅដោយសន្តិសុខសុវត្ថិភាពខ្ពស់ ធ្វើឲ្យប្រជាពលរដ្ឋមានការជឿជាក់លើកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប បានទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចំនួន ៣០៤ពាន់២៦១នាក់ ដែលបានទៅទស្សនាកម្សាន្ត តាមតំបន់ប្រាសាទ និង រមណីយដ្ឋាននានា ក្រោយពីខេត្តសៀមរាបទទួលបាននូវសមទ្ធិផលធំៗ មានផ្លូវ ៣៨ខ្សែ និង អាកាសយានដ្ឋានអន្តរជាតិ សៀមរាប.អង្គរ បានកំពុងទាក់ទាញដល់ភ្ញៀវទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋានលើពិភពលោក ចូលមកកម្ពុជា ពិសេសខេត្ត សៀមរាប ។
បើយោងតាម របាយការណ៍ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឲ្យដឹង កាលពីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា នេះថាៈ នៅក្នុងថ្ងៃសម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍បុណ្យអុំទូក និង មានការប្រកួតកីឡាគុនខ្មែរអន្តរជាតិ នៅខេត្តប្រវត្តិសាស្ត្រមួយនេះ ដែលសម្បូរទៅ ដោយសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ ភ្នំគូលែន ក្បាលស្ពាន និង បឹងទន្លេសាប ព្រមទាំងមានបង្កើតបានជាច្រើនកន្លែង នៅរមណីយដ្ឋានសហគមន៍ តាមបណ្តាក្រុង ស្រុក រួមទាំងរមណីយដ្ឋានកែច្នៃ ភូមិវប្បធម៌ ដែលបានទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។ លោក បានបញ្ជាក់ថាៈ ជាក់ស្តែង ក្នុងថ្ងៃឈប់ សម្រាក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៣នេះ ខេត្តសៀមរាប ទទួលភ្ញៀវទេសចរ ដែលមកពី រាជធានី ខេត្ត ក្រុង ស្រុក មានចំនួនសរុប ៣០៤ពាន់២៦១នាក់ មានការកើនឡើងប្រមាណ ១០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦ពាន់៥៩២ នាក់ ក្នុងនោះភ្ញៀវទេចរបរទេស ចំនួន ចំនួន ១៤ពាន់២៦១នាក់ មានការថយចុះចំនួន ៤៦.៣៧% បើប្រៀបធៀបនឹងរយៈពេល ដូចគ្នាឆ្នាំ២០១៩ ចំនួន ២៦ពាន់៥៩២ នាក់ ។ ចំពោះភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ពាន់នាក់ មានការកើនឡើងប្រមាណ ១៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួនប្រមាណ ២៥០ពាន់នាក់ ក្នុងនោះចូលទស្សនាអង្គរ ចំនួនប្រមាណ ១៤៧ពាន់នាក់ , ឧទ្យានជាតិភ្នំគូលែន ប្រមាណ ៨ពាន់នាក់ , នៅតាមដងស្ទឹងសៀមរាប មានចំនួនប្រមាណ ១១០ពាន់នាក់ និង នៅតាមសហគមន៍ទេសចរណ៍មានចំនួនប្រមាណ ២៥ពាន់នាក់ ។
ការរៀបចំឲ្យមានរមណីយដ្ឋាន កម្សាន្តថ្មីៗ បង្កើតផលិតផលទេសចរណ៍ ប្រកបដោយភាពច្នៃប្រឌិត ស្របតាមនិន្នាការ នៃការអភិវឌ្ឍ វិស័យទេសចរណ៍ ឲ្យមានគុណភាព ទាំងសេវាកម្ម និងភាពទាក់ទាញ គឺជាផែនទីបង្ហាញផ្លូវ ដែលដាក់ចេញ ដោយក្រសួងទេសចរណ៍ និងគាំទ្រ ដោយអាជ្ញាធរខេត្ត ចូលរួមលើកទឹកចិត្ត ពីសំណាក់អាជ្ញាធរជាតិអប្សរា ផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *