នៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប នៅរាត្រីនៃព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក នៅខេត្តសៀមរាប នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ មានបើកការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ,ប្រធាបសហព័ន្ធគុនខ្មែរអន្តរជាតិ , សហព័ន្ធកីឡាកងយោធពលខេមរ ភូមិន្ទ , អាជ្ញាធរខេត្ត , សប្បុរសជន និង តំណាងកីឡាករមកពី ១៧ប្រទេសចូលរួម ក្នុងនោះ កម្ពុជា ម្ចាស់ផ្ទះ រុស្ស៊ី ,ម៉ូរីស ជប៉ុន កាហ្សាក់ស្ថាន ឥណ្ឌា អ៊ីរ៉ង់ អូស្ដ្រាលី អាហ្សង់ទីន កាមេរ៉ូន ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងឡាវ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមទស្សនា គាំទ្រវិស័យកីឡាគុនខ្មែរ យ៉ាងច្រើនកុះករផងដែរ ។
បន្ទាប់ពីឯកឧត្តមបណ្ឌិត មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ធ្វើកិច្ចស្វាគមន៍ និង សេចក្តីរាយការរួចមក មាន ប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ការរៀបចំប្រកួតកីឡាគុនខ្មែរអន្តរជាតិ ដោយមានកីឡាករកីឡាការិនី មកពី១៧ប្រទេស ដែលបានចូលរួមក្នុងការប្រកួតនេះ ។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកថា នេះជាឱកាសដ៏ល្អប្រពៃ សម្រាប់ធ្វើការផ្សព្វផ្សាយ អំពីសិល្បះក្បាច់គុណខ្មែរបុរាណយើង ដែលជាកេរ្តិ៍ តំណែលដូនតាបានបន្សល់ទុក ព្រមទាំងមានចារិកនៅតាមប្រាង្គប្រាសាទ សម្រាប់កូនខ្មែរយើងគ្រប់ជំនាន់ ។ ឯកឧត្តមបានលើកឡើងថា វិស័យកីឡាគុនខ្មែរ បានចូលរួម និង ផ្តល់អត្ថប្រយោជន៍ជាច្រើន ក្រោមកិច្ច ដឹកនាំដ៏ឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យកីឡាគុនខ្មែរ និង បានលើកស្ទួយវិស័យសិល្បះកីឡា នយោបាយសេដ្ឋកិច្ចទេសចរណ៍ និវិស័យផ្សេងៗទៀត របស់ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចូលរួមផែនការអភិរក្ស និង អភិវឌ្ឍន៍ ផ្សព្វផ្សាយសិល្បះក្បាច់គុនបុរាណខ្មែរ ដែលជាវប្បធម៌ជាតិ ទៅកាន់ពិភពលោក ។ ឯកឧត្តមបានគូសបញ្ជាក់ថា សហព័ន្ធកីឡាគុុនខ្មែរកម្ពុជា បានគាំទ្រ ណិង សហការជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិ និង ប្រតិភូកីឡាមកពីបណ្តាប្រទេស ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរ អន្តរជាតិលើកទី៤នេះផងដែរ ។
មានប្រសាសន៍បើកការប្រកួតគុនខ្មែរអន្តរជាតិលើកទី៤នោះដែរឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា បានធ្វើការស្វាគមន៍ ចំពោះប្រតិភូកីឡាទាំងអស់ កីឡាករកីឡាការិនីគុនខ្មែរ ដែលបានអញ្ជើញចូលរួមក្នុងការប្រកួត កីឡាគុនខ្មែរ ដើមី្បជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣នេះ នៅលើទឹកដីសៀមរាប.អង្គរ ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា នេះជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់គុនខ្មែរ ក្នុងការរៀបចំប្េកួតគុណខ្មែរ ជ្រើសរើសជើងឯកពិភពលោក លើទឹកដីអច្ឆរិយៈអង្គរ ។ ក្នុងឆ្នាំ២០២៣ជាជោគជ័យដ៏ធំធេង សម្រាប់គុនខ្មែរ ជាមួយការដាក់បញ្ចូលទៅក្នុង ថបម្លូស៊ីហ្គេម និង បានបញ្ចូលក្នុការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា ។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវចក្ខុវិស័យរបស់កីឡាអូឡាំពិត និង ការដាក់ចេញនូវផែនការ យុទ្ធសាស្ត្របន្ថែម ដើមី្បបន្តជម្រុញអភិវឌ្ឍន៍កីឡាគុនខ្មែរ ឈានឆ្ពោះទៅឆាកអន្តរជាតិ ដោយរក្សានូវនិរន្តរភាព ជម្រុញឲ្យ ម្ចាស់ផ្ទះរៀបចំស៊ីហ្គេមក្រោយៗ បញ្ចូលគុនខ្មែរក្នុងកម្មវិធីប្រកួត និង ត្រូវរក្សនិរន្តរភាពនៃការរៀបចំប្រកួតគុនខ្មែរ ជើងឯក ពិភពលោក ឲ្យបានទៀងទាត់ជារៀងរាល់ឆ្នាំផងដែរ ។ ក្នុងនោះត្រូវប្រើប្រាស់គ្រប់មធ្យោបាយជម្រុញឲ្យកីលាគុនខ្មែរដាក់ បញ្ចូលនៅក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ។ ឯកឧត្តមបានលើកផងដែរ អំពីមហិតារបស់កម្ពុជា ក្នុងការជម្រុញដាក់បញ្ចូលគុនខ្មែរ ជាសមាជិករបស់ចលនាអូឡាំពិតអន្តរជាតិ និង បញ្ចូល ការប្រកួតកីឡាអូឡាំពិត ឆ្នាំ២០៣២ នៅទីក្រុង ព្រីសមែន ប្រទេសអូស្ត្រាលី ។ ឯកឧត្តមក៏បានបញ្ជាក់ថា សម្រាប់ការប្រកួតគុនខ្មែរ ជ្រើសរើសជើងឯកពិភពលោកនៅពេលនេះ រៀបចំឡើងស្របតាមគោលការណ៍ និង ស្មារតីចលនាអូឡាំពិត គឺ អត្តពលិកចូលរួមប្រកួត ជាតំណាងជាតិរបស់ខ្លួន ប្រកួតប្រជែង ដើមី្បបង្ហាញពីសមត្ថភាព បច្ចេកទេស ជំនាញកីឡាកម្រិតខ្ពស់ ក្រោមស្មារតីគោរពគ្នា មិត្តភាព សាមគ្គីភាព និង ដណ្តើមមេដាយជូនជាតិរៀងៗខ្លួន ដែលមានលក្ខណៈខុសគ្នា ពីការប្រកួតលក្ខណៈអាជីព ដោយផ្តោតសំខាន់លើប្រាក់រង្វាន់ និង លាបសក្ការះ ។ ក្នុងការប្រកួតនេះ គឺជាការគោរពយ៉ាង ម៉ឺងមាត់ និង គោលការណ៍ គឺលេងដោយយុត្តិធម៌ និង គោលការណ៍កីឡាស្អាតស្អំ ដោយគោរពបទដ្ឋានគតិយុត្ត ការប្រឆាំង ការប្រើប្រាស់សាធាតុលើកកម្លាំង ដែលជាលក្ខ័ន្ត តម្រូវសំខាន់ៗ ដើមី្បដាក់បញ្ចូលគុនខ្មែរទៅជាសមាជិកផ្លូវការ ក្នុងគណៈកម្មាធិការអូឡាំពិតអន្តរជាតិ នៅពេលខាងមុខ ។ អត្ថប្រយោជន៍ ក្នុងការប្រកួតនេះដែរ ក៏ជាចលនាអន្តរជាតិ សម្រាប់បំផុស ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ទៅលើពពួកគុណតម្លៃគុនខ្មែរ ទៅតាមរូបភាពប្រព័ន្ធផ្សព្វផ្សាយ និង ការផ្សព្វផ្សាយបញ្ជាទៅក្រៅប្រទេសផងដែរ ។ ក្នុងព្រឹត្តិការណ៍នេះ ក៏ជាការជម្រុញដល់កូនខ្មែរ ឲ្យមានមនសិការ ក្នុងការ គាំទ្រ និង ចូលរួមហ្វឹកហាត់គុនខ្មែរ ឲ្យកាន់តែផុលផុសឡើងថែមទៀត ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប