មូលនិធិចិនដើម្បីអភិវឌ្ឍន៍ផ្តល់កង់ចំនួន១០០ ដល់សិស្សក្រីក្រនៅសាលាបឋមសិក្សា ឆក កណ្តោល

កំពង់ឆ្នាំង៖ ទោចក្រយានចំនួន ១០០ គ្រឿង ជាអំណោយរបស់មូលនិធិចិនដើម្បីអភិវឌ្ឍន៍ផ្តល់តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ត្រូវបាននាំយកទៅចែកជូនដល់សិស្សានុសិស្សក្រីក្រ នៅសាលាបឋមសិក្សាឆកកណ្ដោល ស្ថិតនៅក្នុងភូមិឆកកណ្ដោល ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល និង លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកហាវ អ៊ូវ៉ាង តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើននាក់ នៅថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ ។

មានប្រសាសន៍នាឱកាសនោះ លោកហាវ អ៊ូវ៉ាង តំណាងមូលនិធិចិនដើម្បីអភិវឌ្ឍន៍បានបញ្ជាក់ថា ក្នុងនាមដៃគូសហការរបស់ខ្លួនរួមមានមូលនិធិ (កូសកូ ហ្សីភីងឆារិទ្ធី ហ្វោនដេហ្សិន) COSCO SHIPPING CHARITY FOUNDATION និងមូលនិធិ(ហាឡូ) Halo របស់ប្រទេសចិន បានសំដែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរដល់ភាគីចិនក្នុងការចូលរួមចំណែកជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ការលើកទឹកចិត្តដល់ការសិក្សា និង កិច្ចគាំពារដល់មធ្យោបាយធ្វើដំណើររបស់សិស្សានុសិស្ស ។

លោក យ៉ង់ ភារម្យ អភិបាលរងខេត្តកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ មូលនិធិចិនដើម្បីអភិវឌ្ឍន៍ ដែលបានផ្តល់ជំនួយជាទោចក្រយាន្តនេះដល់សិស្សា នុសិស្សក្រីក្រជួបការលំបាក នាពេលដើម្បីមានមធ្យោបាយក្នុងការធ្វើដំណើរមកសាលារៀន និង មានលទ្ធភាពបានមករៀនទៀងទាត់ផងដែរ ។

មិនត្រឹមបង្កើនសុខដុមនីយកម្មរវាងសង្គមស៊ីវិលនានាក្នុងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះទេ ថែមទាំងបានចូលរួមកៀងគរជំនួយជាច្រើនពីបណ្តាសង្គមស៊ីវិលអន្តរជាតិនានាសំដៅចូលរួមចំណែកបំពេញបាននូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនក្នុងខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ចំណងទាក់ទងរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិលជាមួយបណ្តាមូលនិធិនានារបស់ប្រទេសចិន បានដំណើរការតាំងពីឆ្នាំ២០១៨មកម្លេះ ចំពោះទំនាក់ទំនងជាមួយមូលនិធិចិនដើម្បីអភិវឌ្ឍជនបទ វេទិកា សម្ព័ន្ធសង្គមស៊ីវិលបានសម្របសម្រួលក្នុងការផ្តល់សម្ភារៈសិក្សារាប់សិបម៉ឺនសម្រាប់ និងផ្តល់ កង់២០២៤គ្រឿងដល់សិស្សានុសិស្សកម្ពុជា។

ឯកឧត្តមបន្ថែមថា អំណោយកង់ជូនដល់សិស្សានុសិស្សនាថ្ងៃនេះក៏ជាការចូលរួមចំណែកក្នុងគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងបានចូលរួមនៅក្នុងកិច្ចកសាងសហគមន៍ជោគ វាសនារួមនៃមនុស្សជាតិផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *