ពិធីក្រុងពលី បួង សួង សុំនូវសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុក

សៀមរាប៖ ដើម្បីសុំសេចក្តីសុខក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុក បានដំណើរ ទៅដោយរលូន ក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនៅតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រសៀមរាប ឲ្យទទួលបានជោគជ័យ ។ នៅ ព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅវេទិកាបុណ្យអុំទូកនៃដងស្ទឹងសៀមរាប បានរៀបចំពិធីក្រុងពលី បួងសួង ដើមី្បសុំ នូវសេចក្តីសុខ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ក៏ដូចក្រុមកីឡាករកីឡាការិនី អុំទូក និង ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលបានអញ្ជើញមកចូលរួមទស្សនាកម្សាន្ត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុក ឲ្យប្រកបទៅដោយសេចក្តីសុខសប្បាយ ។ ពិធីនេះត្រូវបានរៀបចំឡើងដោយ គណៈកម្មការរៀបចំបុណ្យអុំទូកខេត្ត សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានប្រារព្ធពិធីក្រុងពាលី ក្រោមវត្តមានរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញពីសំណាក់អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីរាជការបានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលី ។
ពិធីក្រុងពាលីនេះ បានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមាន ពីធីថ្វាយនូវគ្រឿងសក្ការៈ និង ប្រកាសឧទ្ទិសបួងសួង និង ប្រគុំថ្វាយភ្លេងពិណពាធ ចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ បូជាថ្វាយស្តេចក្រុងពាលី និង សុំព្រះម៉ែគង្គា ដើមី្បសុំនូវសេចក្តីសុខ ក្នុងការរៀបចំធ្វើការប្រកួតប្រណាំងទូក នៅតាមបណ្តោយស្ទឹងប្រវត្តិសៀមរាប និង ឲ្យបានប្រព្រឹត្តទៅប្រកបដោយភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ បានសប្បាយរីករាយទៀតផង។ ការអភិរក្ស និង អភិវឌ្ឍន៍របស់ខេត្ត និង ការរៀបចំសោភ័ណ្ឌ ភាព ក្រុងប្រវតិ្តសាស្ត្រ ឲ្យមានភាពស្រស់ត្រកាល នៅតាមដងផ្លូវ វិថីនានាក្នុងក្រុង ក្នុងការស្វាគមន៍ដល់ភ្ញៀវទេសចរ ជាតិ អន្តរជាតិ អញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ នៅលើទឹកដីប្រវត្តិសាស្ត្រ ក្នុងឱកាសបុណ្យអុំទូក ប្រពៃណីជាតិខ្មែរយើង ដែលមានព្រះអង្គចេក ព្រះអង្គចម លោកតាដំបងដែក លោកយាយទេព លោកតារាជ និង បារមីព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះអង្គដែលគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានា តាមជួយថែរក្សាការពារដល់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ក្នុងការដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើននៅគ្រប់មូលដ្ឋាន និង សូមឲ្យព្រះរាជពិធីបុណ្យអុំទូកនេះ ដំណើរការទៅទទួលបានជោគជ័យ ។
មានប្រសាសន៍នោះលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានលើកឡើងថា ដោយការអាក់ខាន នៃពិធីបុណ្យអុំទូកកន្លងមក ដោយប្រទេសជាតិជួបនូវវិបត្តិជម្ងឺកូវិដ១៩ តែក្រោយពេលជម្ងឺកូវិដ បានវិនាសទៅ ខេត្តសៀមរាប ត្រូវបានរៀបចំព្រឹត្តិកាណ៍ ព្រះរាជពិធីបុណ្យអុំទូកនេះ ក្នុងការស្តារឡើងវិញនូវវិស័យទេសចរណ៍ និង សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ និង សេដ្ឋកិច្ចជាតិ ក្រោយពេលខេត្តទទួលបានផ្លូវ៣៨ខ្សែ និង អាកាសយានដ្ឋានថ្មី ធ្វើឲ្យមានភ្ញៀវ ចូលមកកាន់ខេត្តសៀមរាប កាន់តែមានភាពប្រសើរឡើង ។ លោកសង្ឃឹមថា ព្រឹត្តិកាណ៍ ព្រះរាជពិធីបុណ្យអុំទូកនេះ នឹងធ្វើការការទាក់ទាញអារម្មណ៍ដល់មហាជន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិឲ្យកាន់តែបានយល់ដឹងអំពីប្រវត្តិសាស្ត្រនៃខេត្តសៀមរាប ។ ម៉្យាងវិញទៀតក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ ក្នុងគោលបំណងផ្តល់ឱកាសឲ្យយុវជន សាធារណជនខ្មែរទូទៅ បានចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក ប្រពៃណីជាតិនៅខេត្តសៀបរាប ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ និងបានសិក្សាស្វែងយល់នូវភាពរុងរឿង នាសម័យមហានគរ និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបំផុសឆន្ទៈបន្តថែរក្សាមរតកវប្បធម៌ជាតិខ្មែរឲ្យបានគង់វង្សតទៅអនាគត ។ ពិធីក្រុងពាលីតាមបែបព្រហ្មញ្ញសាសនា ជាពិធីសែនព្រេនតាមបែបបូរាណ និងតាមប្រពៃណី ទំនៀមទម្លាប់ជំនឿសាសនា ។ ការរៀបចំពិធីបែបនេះ គឺដើម្បីបួងសួងសុំសេចក្តីសុខ សម្រាប់ព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកទាំងមូលផង និង ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយឲ្យបានដឹង បានយល់ បានស្គាល់ និង រួមគ្នាបន្តថែរក្សាមរតកបុរាណមួយនេះ ឲ្យបានគង់វង្សទៅថ្ងៃអនាគត ។

លោក លី វណ្ណៈ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា និង ភ្ញៀវទេសចរបរទេស មកចូលរួមកម្សាន្តសប្បាយនៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក នៅដងស្ទឹងប្រវត្តិសាស្ត្រនេះ ឲ្យបានច្រើន ជាពិសេសត្រូវចូលរួមថែរក្សានូវអនាម័យ បរិស្ថាន និង គោរពច្បាប់ចរាចរណ៍នៅពេលធ្វើដំណើរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅពេលបើកបរត្រូវពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ។ លោកបានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មានរៀបចំនូវកន្លែងសប្បាយៗ ជូនដល់បងប្អូនប្រជាពលរដ្ឋបានចូលរួមលេងសប្បាយនិងបានទស្សនាកម្សាន្ត នូវការប្រគុំដន្ត្រីល្បែងរបាំប្រពៃណី និង ការតាំង ពិព័រណ៌ភូមិមួយផលិតផលមួយរបស់ខេត្ត ព្រមទាំងមានការជឹះទូកទស្សនាកម្សាន្តនាពេលរាត្រីតាមដងស្ទឹងសៀមរាប ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *