សៀមរាប៖ គណៈប្រតិភូ គណបក្សប្រជាជនកម្ពុជាខេត្ត រដ្ឋបាលខេត្ត ក្រុង ស្រុក , សភា ពាណិជ្ជកម្មខេត្តសៀមរាប.ឧត្តរមានជ័យ សមាគមចលនាយុវជនកម្ពុជា១៥៧ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ត និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១២និង១៥នាទី នាថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ ហើយត្រូវបានតំកល់ធ្វើបុណ្យសត នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប ។
ក្រោយពីទទួលពីដំណឹងដ៏ក្រៀមក្រំ ពីមរណភាពរបស់ឯកឧត្តម នួន បូផល ដែលធ្វើឲ្យថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ មានការសោកស្តាយយ៉ាងខ្លាំង ពីការបាត់បង់នូវថ្នាក់ដឹកនាំមួយដ៏ឆ្នើម ក្នុងការដឹកនាំ បំពេញកាតព្វកិច្ចការពារ កសាងជាតិមាតុភូមិ ក្នុងរយៈពេល៤៤ឆ្នាំមកនេះ លើកការដឹកនាំមន្ត្រីរាជការ កងកម្លាំង ក្នុងការបម្រើជាតិមាតុភូមិ និង ការពារបូរណភាពទឹកដី និង នាំមកនូវសេចក្តីសុខសន្តិភាព សុវត្ថិភាពជូនប្រជាជាតិកម្ពុជាទាំងមូល សំខាន់លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ។ ការអញ្ជើញគោរពវិញ្ញាណក្ខ័ន្តសព ឯកឧត្តម នួន បូផល នៅព្រឹកថ្ងៃទី ២៥ ខែវិច្ឆិការ ឆ្នាំ២០២៣នេះ ក៏ជាកិច្ចជួបគ្នាចុងក្រោយ និងជាការជូនដំណើរចុងក្រោយរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងមន្ត្រីរាជការ ដែលបង្ហាញនូវតែក្តីសោកស្តាយ អាឡោះអាល័យ ចំពោះការបាត់បង់វីរជនដ៏ ឆ្នើមមួយរូប ដែលជាថ្នាក់ដឹកនាំដ៏ល្អ និង ជាគំរូសម្រាប់ដល់មន្ត្រីរាជការទាំងអស់ ត្រូវគោរពចងចាំ នៅក្នុងដួងចិត្តមនសិកាជាតិខ្ពស់ ។ ម៉្យាងទៀតការបាត់បង់ស្វាម៉ី លោកឪពុក ជីតា ជាទីស្រឡាញ់របស់បងស្រី និង កូនៗ ចៅៗ ក៏ដូចគ្រប់ស្ថាប័នជាតិ គ្រប់ជាន់ថ្នាក់ និង មន្ត្រីរាជការ ដែលបាត់បង់នូវកម្មាភិបាលឆ្នើមមួយរូប ក៏ដូចជាការបាត់បង់នូវវត្ថុអ្វីមួយ ដែលរកតម្លៃអ្វីមកប្រៀបធៀបផ្ទឹមពុំបាន នៅក្នុងក្រុមគ្រួសារ និង សង្គមជាតិ ។ ក្នុងនោះដែរគណៈប្រតិភូក៏បានធ្វើការបូជាទៀនធូក ដើមី្បឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ត ឯកឧត្តម នួន បូផល សូមឲ្យឯកឧត្តមបានទៅកាន់សុខតិភពថ្មី ព្រមទាំងបែរងាកក្រោយឲ្យពរជ័យដល់ក្រុមគ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្នុងជួរកងកម្លាំង អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីរាជការ ឲ្យទទួលនូវសេចក្តីសុខ និង ឲ្យស្គាល់នូវតែសុខសន្តិភាព សុភមង្គល និង ការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។
ក្នុងពិធីគោរពវិញ្ញាណក្ខ័ន្ត នាព្រឹកថ្ងៃទី២៥នេះដែរ ក៏មានវត្តមានឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការ កណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអាជ្ញាធរក្រុង ស្រុក សភាពាណិជ្ជកម្ម , សមាគមចលនាយុវជនកម្ពុជា១៥៧ ផងដែរ ។
ក្នុងឱកាសជួបសំណេះសំណាល ចូលរួមសម្តែងការរំលែកទុក្ខនៃក្រុមគ្រួសារសព គ្រប់តំណាងស្ថាប័នទាំងអស់ ក៏បានធ្វើការប្រគល់នូវលិខិតរំលែកទុក្ខរបស់ស្ថាប័ននិមួយៗ រួមទាំងបច្ច័យ ដើមី្បចូលរួមជាមួយក្រុមគ្រួសារនៃសព ឯកឧត្តមនួន បូផល យកទៅប្រើប្រាស់ ក្នុងពិធីធ្វើបុណ្យសពទៅតាមគន្លងប្រពៃណីព្រះសាសនាផងដែរ ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប