វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោ បល់របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ អាណត្តិទី៣ ឆ្នាំទី៥ នៅក្រុងពោធិ៍សាត់ ទទួលបានបញ្ហាចំនួន ៤១សំណួរពីប្រជាពលរដ្ឋ

ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ សាន តំណាងឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោកស្រី ប៉ុក ណាឌី អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៥ នៅសាលាក្រុងពោធិ៍សាត់ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុង លោក លោកស្រី មន្ទីរអង្គភាព ចៅសង្កាត់ និងប្រជាពលរដ្ឋសរុប ២០១ នាក់ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម ម៉ៅ សាន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត យើងបានធ្វើជារៀងរាល់ឆ្នាំនៅតាមក្រុងស្រុកទាំង៧របស់ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ច របស់ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលដែលសម្រេចបានសំខាន់ៗ របស់រដ្ឋបាលខេត្តតាមរយៈការអនុវត្តនូវសកម្មភាពនានា​ និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗ ​សម្រាប់យកទៅធ្វើការពិចារណា​ ដោះស្រាយ និងអនុវត្តបន្ត ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

ឯកឧត្តមសូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមក្នុងវេទិកាថ្ងៃនេះ នាំគ្នាបញ្ចេញមតិ លើកឡើងនូវបញ្ហាប្រឈមនានា ដែលជាក្ដីកង្វល់ និងជាសំណូមពរ ដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួនរស់នៅសព្វថ្ងៃ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ច មន្ទីរអង្គភាពជំនាញ បានដឹង ដោះស្រាយនិងឆ្លើយបំភ្លឺជូន។

ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាប្រឈមជាច្រើន ដូចជាការកែសម្រួលទិន្នន័យអត្រានុគោលដ្ឋានមានភាពស្មុគស្មាញ, ខ្វះផ្លូវធ្វើដំណើរ, ខ្វះលូរំដោះទឹកស្អុយក្នុងភូមិ, ខ្វះប្រព័ន្ធទឹកស្អាតប្រើប្រាស់, បង្គោលភ្លើងមិនទាន់ទៅដល់, ការបង់ពន្ធ, ការបំបែកប្លង់ដី, ការលែងសត្វពាហនៈដើរពាសវាលពាសកាលក្នុងទីប្រជុំជន បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ករណីចោរកម្ម និងបទល្មើសផ្សេងៗទៀតនៅតែកើតមាន។

លោកស្រី ប៉ុក ណាឌី មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី៣នេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋក៍ដូចអាជ្ញាធរនៅតាមបណ្ដាមូលដ្ឋាន ដែលបានរង់ចាំជាយូរមកហើយ ក្នុងការអនុវត្តតួនាទីភារកិច្ចជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

បញ្ហាប្រឈម ក្ដីកង្វល់ និងសំណូមពរ ដែលប្រជាពលរដ្ឋបានលើកឡើង មានចំនួន៤១សំណួរ ហើយបានត្រូវវាគ្មិនមន្ទីរអង្គភាពជំនាញនីមួយៗ បកស្រាយជូន ដោយផ្អែកលើមូលហេតុ ឯកសារ និងច្បាប់យ៉ាងច្បាស់លាស់។

រាជរដ្ឋាភិបាលអាណត្តិទី៧ នៃគោលនយោបាយបញ្ចកោណតំណាក់កាលទី១ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រចំនួន៦ មានដូចជា ផ្លូវ ទឹក ភ្លើង ធនធាមនុស្ស ឌីជីថល និងបង្រឹងវិស័យកសិកម្ម ដែលបានដាក់ឱ្យអនុវត្តនៅរាជធានីខេត្ត។

ឯកឧត្តម ម៉ៅ សាន បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានអញ្ជើញចូលរួមដោះស្រាយនូវរាល់បញ្ហា និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ដែលបានលើកឡើងក្នុងអង្គវេទិកាថ្ងៃនេះ។

ទោះបីការដោះស្រាយមិនបានលទ្ធផលដូចចិត្ត១០០%ក៍ដោយ ប៉ុន្តែយើងបានយល់ដឹងបន្ថែមនូវអ្វីដែលយើងស្រពិចស្រពិលកន្លងមក។ រាល់សំណួរនិងសំណូមពរទាំងអស់ យើងបានកត់ត្រាចូលក្នុងកំណត់ហេតុ ដើម្បីរាយការណ៍ជូនទៅថ្នាក់លើ បន្តស្វែងយល់និងដោះស្រាយបន្ថែមទៀត ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *