រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងការងារ បើកសិក្ខាសាលាពីគ្រោះយោបល់ត្រីភាគីថ្នាក់ក្រោមជាតិស្តីពី ការៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨

រដ្ឋបាលខេត្តសៀមរាបបានសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយអង្គការអន្តរជាតិខាងការងារ (ILO) បានបើកសិក្ខាសាលាពីគ្រោះយោបល់ត្រីភាគីថ្នាក់ក្រោមជាតិតិស្តីពី “ ការៀបចំកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២៤-២០២៨ “ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសោមាទេវី ដែលស្ថិតក្រោមអធិបតីភាពឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អស់លោក លោកស្រី តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេស ថៃ.កម្ពុជានិងប្រទេសឡាវ. តំណាងសហព័ន្ធនិយោគជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) តំណាងក្រុមប្រឹក្សាជាតិសហជីពសម្រាប់កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ព្រមទាំងអស់ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត សៀមរាប ចូលរួមជាសិក្ខាកាមផងដែរ ។ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប ថ្លែងថាដើម្បីឆ្លើយតបទៅនឹងបម្រែបម្រួលនៃបរិការណ៍សេដ្ឋកិច្ច និងសង្គម រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ពិសេសរាជរដ្ឋបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១៖ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភា និងបាននឹងកំពុងផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ ឆ្នាំ២០២៤-២០២៨ សំដៅបង្កើនឱកាសការងារសមរម្យដល់ប្រជាពលរដ្ឋកម្ពុជា និងលើកកម្ពស់ ផលិត ភាពការងារ ជំរុញការអភិឌ្ឍន៍ជំនាញ និងធនធានមនុស្ស ព្រមទាំងពង្រឹងអភិបាលកិច្ចទីផ្សារការងារ ដើម្បីឆ្លើយ តបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការផ្លាស់ប្តូរនៃនិម្មាបកម្មសេដ្ឋកិច្ច ទាំងក្នុងប្រទេសតំបន់ និងសកលលោក ព្រមទាំងដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងផលិតភាពការងារផងដែរ។លោកស្រីបន្តថាការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីការងារ សមរម្យជូនពលករទាំងនេះ អាចនឹងផ្តល់ភាគលាភខ្ពស់ដល់កំណើនសេដ្ឋកិច្ចតាមរយៈការធានាបាននូវការងារ សមរម្យ ដែលអាចធ្វើ ឱ្យប្រសើរឡើងនូវជីវភាព សេចក្តីថ្លៃថ្នូរ និងសុខុដុមរមនាក្នុងសង្គម។ ក្នុងនាមរដ្ឋបាលខេត្តសៀមរាប លោកស្រី ម៉ននី រង្សី ក៍បានមានប្រសាសន៍ ថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិខាងការងារ ប្រចាំប្រទេសថៃ កម្ពុជា និងប្រទេសឡាវ ដែលបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្នុងការរៀបចំឱ្យមានសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគីនៅថ្នាក់ក្រោមជាតិស្តីពី កម្មវិធី ការងារសមរម្យប្រចាំប្រទេសកម្ពុជា ដ៏មានអត្ថប្រយោជន៍សម្រាប់លើកកម្ពស់ការងារសមរម្យជូនប្រជាពលរដ្ឋ កម្ពុជា នៅលើទឹកអង្គរបវរនៃខេត្តសៀមរាប។ ក្នុងនោះដែរលោកស្រីអភិបាលរងខេត្ត ក៍បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា តាមរយៈសិក្ខាសាលា ពិគ្រោះយោបល់ត្រីភាគីនេះ នឹងជួយជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាសម្រេចបាននូវចក្ខុវិស័យនេះ នឹងរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព និងបរិយាប័ន្ន ការ បង្កើតការងារ ការបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចជាតិ និងការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តកម្មវិធីការងារសមរម្យនេះតាំងពីឆ្នាំ២០០៥ ហើយក៍ជាប្រទេស១ក្នុងចំណោមប្រទេសចំនួន៥នៅក្នុងតំបន់អាស៊ានដែលបានអនុវត្តកម្មវិធីនេះ ហើយព្រះរាជាណាចក្រកម្ពុជា ក៍បានអនុវត្តកម្មវិធីការងារសមរម្យចំនួន៥ដំណាក់កាលរួចមកហើយ ក្រោមកិច្ចសហប្រតិបត្តិការ និងជំនួយ បច្ចេកទេសពីអង្គការអន្តរជាតិខាងការងារ។ ឯកឧត្តម សោម ចំណាន បន្តទៀតថាការងារសមរម្យគឺជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាថាបុរស និងស្ត្រីមានឱកាស ស្មើគ្នាក្នុងការទទួលបានការងារសមរម្យ ប្រាក់ឈ្នួលសមរម្យ លក្ខខណ្ឌការងារល្អ និងសុវត្ថិភាព សេរីភាព នៃការបញ្ចេញមតិ និងសេរីភាពនៃការធ្វើសេចក្តីសម្រេចចិត្តដែលជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់។ ឯកឧត្តម បន្ថែមទៀតថា កម្មវិធីការងារសមរម្យបានគាំទ្រដល់ការចូលរួមអនុវត្តគោលនយោបាយជាតិសំខាន់ៗ ចំនួន៣ រួមមាន៖ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ គោលនយោបាយជាតិស្តីពីមុខរបរនិងការងារឆ្នាំ២០១៥-២០២៥ និងក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ដែលរួមគ្នាផ្ដល់នូវក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានៅទសវត្ស៍បន្ទាប់ ។ លើសពីនេះ ក៏មានគំនិតផ្តួចផ្តើមគោល នយោបាយ សំខាន់ៗផ្សេងទៀត ដូចជាគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, គោលនយោបាយជាតិអភិវឌ្ឍន៍យុវជនកម្ពុជា, គោលនយោបាយស្តីពី ទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣, គោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច, ផែនការជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារឆ្នាំ២០១៧-២០២៥ និងផែនការយុទ្ធសាស្ត្រស្តីពីសមភាពយេនឌ័រ។ ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៍បានមានប្រសាសន៍អំពាវនាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមចូលរួមយុទ្ធនាការក្នុងការផ្សព្វផ្សាយព័ត៌មាននិងជម្រុញលើកទឹកចិត្តដល់យុវ ជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាបងប្អូនកម្មករនិយោជិតមកចុះឈ្មោះ តាមរយៈការចូលទៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឬទាក់ទងដោយផ្ទាល់ជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនៅជិតបំផុត ដើម្បីចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ដោយក្នុងនោះដែរក្រសួងការងារកំពុងខិតខំសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ភាពជោគជ័យពិតប្រាកដគឺត្រូវសម្រេចឱ្យបាននូវបាវចនា ប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនយើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *