ប្រជាពលរដ្ឋមកពីទីជិតឆ្ងាយបន្ត មកដកដើមស្មៅ មុខអាស្រមព្រះអង្គចន្ទមុន្នីជារៀងរាល់ថ្ងៃ ដោយមានជំនឿថាជាឱសថដ៏ស័កសិទ្ធ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២១ ខែវិច្ឆិការ ឆ្នាំ២០២៣ គេសង្កេតឃើញនៅ​​ពីមុខ​អាស្រម​ព្រះ​អង្គ​ធម្ម​វនវាសី ច័ន្ទ មុនី រាល់​ថ្ងៃ​ប្រជាពលរដ្ឋ​បាននាំ​គ្នា​មក​ដក​ដើម​ស្មៅ​ក្រៅពី​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ព្រះ​អង្គធម្ម​វនវាសី ច័ន្ទ មុនី គង់នៅ​វត្ត​ចន្ទ​ប្ប​ជោ​ត្ត​នា​រាម ហៅ​វត្ត​តា​សុត ក្នុងភូមិ​ភូមិ​ប៉ាត​ឡា​ង ឃុំ​ក្រាំង​លាវ ស្រុក​រលា​ប្អៀរ​ថា មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​ភ្លូក​ទឹក​ភ្លូកដី ទៅ​ថ្វាយបង្គំ​ព្រះ​អង្គ ដោយគ្មាន​ស្រាកស្រាន្ត រហូត​ព្រះ​អង្គ​និមន្ត​ទៅ​កាន់​ទីកន្លែង​ផ្សេង​ៗ​ក៏​មាន​អ្នក​ជ្រះថ្លារាប់​ម៉ឺន​នាក់​បាន​នាំ​គ្នា​ពពាក់ពពូន​ចូលទៅ​ថ្វាយបង្គំ​ព្រះ​អង្គ ។

ស្រាប់តែ​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ បងប្អូន​ពលរដ្ឋដែល មាន​ជំនឿ​ បាន​នាំ​គ្នា​ទៅបោចស្មៅ​នៅ​បរិវេណ​ខាងមុខ​អាស្រមរបស់​ព្រះ​អង្គ ដោយ​ជឿ​ថារុក្ខជាតិគ្រប់ប្រភេទ ជា​ឱសថ​ព្យាបាល​ជំងឺ​យ៉ាង​សក្តិ​សិទ្ធិ ។

លោក ហែម ទី​ន អាយុ​៦០​ឆ្នាំ ជា​មេ​ភូមិ​ប៉ាត​​ឡា​ង ឃុំ​ក្រាំង​លាវ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា​នេះ​ថា រហូត​មក​ដល់​ពេល​នេះក៏​នៅ​តែ​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​បោចស្មៅ​នៅ​មុខ​បរិវេណ​អាស្រម​លោក​នៅឡើយ ប៉ុន្តែ​គ្រាន់តែ​ស្បើយ​ជាង​ថ្ងៃមុន ។

លោក​មេ​ភូមិ​ប៉ាត​ឡា​ង បញ្ជាក់​ថា ប្រហែល​២​ថ្ងៃមុន បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​នាំ​គ្នា មក​ដកស្មៅ​មុខ​អាស្រម​ព្រះ​អង្គ ច័ន្ទ មុនី ។ គាត់​ក៏​ដើរទៅ​សួរ ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​ប្រាប់​ថា (​ដក​ធ្វើ​ថ្នាំ ដើម​អី​ក៏​ដោយនៅ​មុខ​អាស្រម​ព្រះ​អង្គ គឺជា​ដើម​ថ្នាំ​ទាំងអស់​) ។

លោកមិនដឹង​ថា​ បងប្អូន​ប្រជាពលរដ្ឋ​បាន​ព័ត៌មាន​នេះ​ពី​ណា​មក​ទេ ? តាម​គាត់​សម្គាល់ រុក្ខជាតិ​ដែល​ពួក​គាត់​បោច​យក​ទៅ​នោះ​មាន​ដើម​ស្មៅ​គ្រប់​ប្រភេទ ដើម​បន្លា​ប្រ​ក្រាប​ជាដើម​ឱ្យ​តែ​ដើម​រុក្ខជាតិ​តូច​ៗ ដុះ​ប្រឡោះ​ដើម​ផ្កាម្លិះ (សួនផ្កា​ម្លិះ​​លោក​ដាំ)​គឺ​ដក​យក​ទាំងអស់ ដែល​មក​ដល់​ថ្ងៃនេះ រិច​អស់​ដើម​ស្មៅ​ទៅ​ហើយ ។

ចំពោះ​ការ​អះអាង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ថា យក​ទៅ​ធ្វើ​ថ្នាំ ពូកែ​ឬ​មិន​ពូកែនោះ​លោក​មេ​ភូមិ​ថា​ លោក​មិនបានដឹង​ទេ ព្រោះ​មិន​ទាន់​មាន​នរណា​ចេញមក​អះអាង​ថា​ជា​ពី​ជំងឺ​អ្វី​ដែរ ។

មិន​ត្រឹមតែ​ដើម​ស្មៅ​ទេ ដែល​បងប្អូន​មាន​ជំនឿ​ថា​ជា​ឱសថ​ព្យាបាល សូ​ម្បី​ផ្កាឈូក ផ្កាម្លិះ ដែល​គេ​យក​ថ្វាយ​ព្រះ​ក៏​ពួក​គាត់​នាំ​គ្នា​ប្រមូលយក​ទៅ​ដែរ​ ថា​យក​ទៅ​ដាំទឹក​ផឹក​ព្យាបាល​រោគ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *