កំពង់ឆ្នាំង៖ អង្គកឋិនទានសាមគ្គីមួយដែលផ្តួចផ្តើមឡើងលោក ស៊ិត វណ្ណៈ និង លោក ស្រី ព្រមទាំងក្រុមគ្រួសារ កូនចៅ ឧបាសិកា ម៉ែន សុភី ហៅ យឹម ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានដង្ហែប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពទ្ធសីមាវត្តសុវណ្ណេសនារាម ស្ថិតក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រមូលបច្ច័យបួននិងបច្ច័យកសាងបានជាង៥៣លានរៀលសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត នៅថ្ងៃអាទិត្យទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះវិធានុរ័ក្ខវង្សា ផន សុឡា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះអនុគណស្តីទីស្រុកទឹកផុស និងជាព្រះចៅអធិការ វត្តសុវណ្ណេសនរាមបានមានសង្ឃដីកាបញ្ជាក់ថាៈ កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។ គឺរយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដី អាចធ្វើបាន ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេល២៩ថ្ងៃ ហើយផលបុណ្យរបស់អ្នកធ្វើកឋិន ទោះគ្រហស្ថក្ដី បុព្វជិតក្ដី គឺផ្អែកទៅលើចេតនាទាំងបីរបស់អ្នកធ្វើផង ប្រកបដោយសទ្ធា និងបញ្ញាផង ទាំងសម្ភារៈកឋិន ថ្លៃថ្លាឧត្តមប្រណីត សម្បូរបែបផងដែរ ។
ព្រះវិធានុរ័ក្ខវង្សា ផន សុឡា ក៏បានមានសង្ឃដីកាបញ្ជាក់បន្តទៀតថាៈ វត្តអារាម និង ព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់នៅក្នុងសង្គមខ្មែរ គឺការអប់រំតាមបែបទស្សនវិជ្ជារបស់ព្រះពុទ្ធសាសនា ដែលបានធ្វើឡើងតាមរយៈតួនាទីរបស់ព្រះសង្ឃ ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីតម្លៃសីលធម៌ និង ឥរិយាបថក្នុងសង្គម ។ ព្រះអង្គបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដោយទឹកព្រះទ័យរីករាយ ដល់ម្ចាស់អង្គកឋិនទានទាំងអស់ ដែលបានបំពេញបុណ្យដោយទឹកចិត្តសប្បាយរីករាយ ជាពិសេស លោក ស៉ិត វណ្ណៈ និងភរិយា ព្រមទាំងក្រុមគ្រួសារ កូនចៅ ឧបាសិកាបម៉ែន សុភី ហៅ យឹម សូមឲ្យអាយុយឹនយូបានសុខភាពល្អគ្រប់គ្នាគ្រប់ពេលវេលា ។
លោក ស៊ិត វណ្ណៈ បានមានប្រសាសន៍ថាៈ វិស័យពុទ្ធសាសនា បានរស់រានរហូតមកដល់សព្វថ្ងៃ ក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ កន្លងមកក្រោមការដឹកនាំរបស់សម្តេចអគ្គមហា
សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជា
ណាចក្រកម្ពុជា បានដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកសុខសន្តិភាព និង មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ដោយធានាបាននូវស្ថិរភាពនយោបាយ ពន្លត់សង្រ្គាមរ៉ាំរ៉ៃ បានទាំងស្រុងនៅកម្ពុជាក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេច និង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា បានបន្តដាក់ចេញនូវសាស្រ្តបញ្ចកោណដើម្បី បន្តរក្សាបាននូវសុខសន្តិភាព រក្សាបានកំណើនសេដ្ឋកិច្ច និង អភិវឌ្ឍន៍ប្រទេសជាតិអោយទទួលបានសមិទ្ធផលថ្មីៗថែមទៀតទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។
លោក ស៊ិត វណ្ណៈ ក៏បានផ្តាំផ្ញើសូមអោយពុទ្ធបរិស័ទទាំងអស់ថែទាំសុខភាពអោយបានល្អ ចូលរួមគោរពច្បាប់នានារបស់រដ្ឋ អប់រំកូនចៅអោយខិតខំរៀនសូត្រ និង សូមរួមគ្នាថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយបានគង់វង្ស៕