អគារសិក្សាថ្មី ០១ ខ្នង នៃសាលា បឋមសិក្សា សៀង ណាំ ឬស្សី ស្ថិតនៅ ស្រុកក្រឡាញ់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

សៀមរាប៖ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប រួមជាមួយនិង សប្បុរសជនជប៉ុនបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សាថ្មី ០១ខ្នង មានចំនួន០៥ បន្ទប់ រួមជាមួយអាងស្តុកទឹក១ បង្គន់ចំនួន០២ ក្លោងទ្វារ និង របងព័ទ្ធជុំវិញនៃសាលាបឋមសិក្សា សៀង ណាំ ឬស្សី ដែលស្ថិតនៅនៅភូមិឫស្សីឃុំរោងគោស្រុកក្រឡាញ់ខេត្តសៀមរាបដែលបាន ចំណាយថវិកាសរុបចំនួន៨៥.០០០ដុល្លារអាមេរិក ដោយក្នុងនោះថវិកាចំនួន ៣៥.០០០ ដុល្លារគឺជាថវិការបស់ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង ៥ម៉ឺនដុល្លារទៀត ជាថវិកាអំណោយរបស់លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ ដែលផ្តល់តាមរយៈសមាគមគាំទ្រសុខភាព និងអប់រំសម្រាប់សហគមន៍នៅប្រទេសកម្ពុជា ហៅកាត់ថា (SCHECសិក) និង សប្បុរសជនជប៉ុន ជូនមកឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ដើម្បីដឹកនាំការសាងសង់ ដោយក្នុងនោះដែរ គ្រួសាររបស់ លោក ពាញ ប៉ក់ និង អ្នកស្រី ហែន ហោយ ជាអ្នករស់នៅក្នុងភូមិនេះផ្ទាល់បានស្ម័គ្រចិត្តចូលរួម បរិច្ចាកដីស្រែផ្ទាល់ខ្លួនដម្បីសាងសង់សាលាគឺ ដីស្រែទំហំជាង២.០០០ម៉ែត្រក្រឡា និង ផ្លូវចូលសាលាប្រវែង ៤៣ម៉ែត្រ នឹងទទឹង ០៥ម៉ែត្រ ផងដែរ ។ លោក អូនីស៊ិ តូស៊ីអុ តំណាងម្ចាស់ជំនួយ មានប្រសាសន៍ថា៖លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ បានទទួលមរណៈភាពហើយ តែគាត់បានបរិច្ចាគធនធានថវិកាមកដល់សមាគមសិក ព្រោះចង់ឱ្យកុមារា កុមារី នៅប្រទេសកម្ពុជា បានសិក្សារៀនសូត្រ មានចំណេះដឹង និងមានសមត្ថភាពដើម្បីរួមចំណែកបន្តកិច្ចអភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ព្រោះថា ១០ឬ២០ឆ្នាំខាងមុខទៀត កុមារៗនៅទីនេះនឹងក្លាយជាអ្នកបន្តវេន ជាសសរទ្រូងដ៏រឹងមាំ និងរួមគ្នាអភិវឌ្ឍប្រទេសជាតិតពីរៀមច្បងយើង។
ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានមានប្រសាសន៍ថា៖ភូមិចំនួន៣នៅមូលដ្ឋាននេះ រួមមានភូមិឬស្សី ភូមិល្បើក និងភូមិបុស្សធំ កន្លងមកគឺគ្មានសាលារៀនទេ ហើយក្មួយៗ ចៅៗត្រូវធ្វើដំណើរឆ្ងាយដើម្បីទៅសាលា បើក្នុងស្ថានភាពរដូវវស្សាវិញ គឺកាន់តែលំបាកក្នុងការធ្វើដំណើរទៅមក ។ ដោយឃើញស្ថានភាពនេះនិងទទួលបានការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ក៏បាននាំតំណាងសមាគមមកពិនិត្យទីតាំងដើម្បីជួយសាងសង់អគារសិក្សាថ្មីនេះឡើង។ឯកឧត្តមអ្នកឧកញ៉ា បានបន្តថា៖អគារនេះគឺជាអំណោយរបស់លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ ផ្តល់តាមរយៈសមាគម សិក ថ្វីត្បិតតែលោកស្រី បានទទួលមរណៈភាពច្រើនឆ្នាំមកហើយ ប៉ុន្តែគាត់មានទឹកចិត្តស្រឡាញ់ប្រជាជនកម្ពុជា និងបានផ្តាំទុកពេលគាត់មរណៈភាពទៅទ្រព្យសម្បត្តិដែលមាននៅសេសសល់របស់លោកស្រី គឺឱ្យយកមកជួយប្រជាជនកម្ពុជា ជាពិសេសជួយកសាងអគារសិក្សា សម្រាប់កុមារដើម្បីគាត់បានរៀនសូត្រក្លាយជាធនធានមនុស្សប្រកបដោយសីលធម៌ មានចំណេះដឹងមានសត្ថភាពក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍសង្គមជាតិកម្ពុជាឱ្យមានការរីចម្រើនតទៅអនាគត។ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ ក៍មានប្រសាសន៍រម្លឹកផងដែរថា៖រយៈពេល២៣ឆ្នាំកន្លងមកនេះ មាគមសិក បានជួយឧបត្ថម្ភដល់ខេត្តសៀមរាបនៅតាមបណ្តាឃុំស្រុកមួយចំនួនមានអគារចំនួន៣៧ខ្នង និងសម្ភារៈសិក្សា សម្ភារៈកីឡា ជីកអណ្តូងស្នប់បានចំនួន៣.៦៤៦អណ្តូង កសាងអាងនិងបណ្តាញចែកចាយទឹកស្អាត២កន្លែងនៅស្រុកជីក្រែងនិងស្រុកសូទ្រនិគម ក្នុងនោះ លោកស្រី ស៊ីប៊ូយ៉ា ហ៊ីសាយ៉ូ បានជួយកសាងអគារសិក្សាចំនួន១១ខ្នង ក្នុងឃុំមួយចំនួននៃស្រុកក្រឡាញ់ ខេត្តសៀមរាបផងដែរ៕

ពិធីនេះបានប្រារពនៅព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *