សមាគមនារីខេត្ត ចុះជួយច្រូតកាត់ប្រមូលផលស្រូវនិងចែកអំណោយដល់ចាស់ជរាជនពិការនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់

ពោធិសាត់៖ នៅថ្ងៃទី២០វិច្ឆិការ២០២៣នេះលោកជំទាវ ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភានិងជាសមាជិការប្រតិបត្តិសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់កណ្តាល លោកជំទាវ អាំង សុជិតា ខូយ រីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ព្រមទាំងលោកជំទាវ លោក លោកស្រីជាសមាជិការបណ្តាញសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានចុះជួយច្រូតកាត់ប្រមូលផលស្រូវប្រជាពលរដ្ឋដែលខ្វះកម្លាំងពលកម្ម និងចែកអំណោយជូនដល់ជនចាស់ជរានិងពិការចំនួន៣០នាក់នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ។

លោកជំទាវ អាំង សុជាតា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់មានប្រសាសន៍ឲ្យដឹងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក សាខាសមាគមនារី តែងតែដឹកនាំប្រតិភូ ជាសមាជិការសាខា អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ថ្នាក់ខេត្ត ថ្នាក់ស្រុក និងភរិយារបស់ថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព អាជីវកចុះជួយច្រូតកាត់ប្រមូលផលស្រូវរដូវវស្សាជូនដល់ប្រជាកសិករដែលខ្វះកម្លាំងពលកម្ម នៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ។

នេះគឺជាសកម្មភាពមួយ បន្ទាប់ពីសកម្មភាពជាច្រើន ដែលសមាគមនារីខេត្ត ស្រុក តែងតែចុះជួយជាប្រចាំដូចភ្លៀងរលឹមជួយដល់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ជនពិការ ចាស់ជរាគ្មានទីពឹងនិងស្ត្រីម៉េមាយដោយមិនប្រកាន់អំពីនិន្នាការ នយោបាយអ្វីឡើយ។

លោកជំទាវក៏បានសម្តែងការកោតសរសើរដល់បងប្អូននារីនៅក្នុងមូលដ្ឋានដែលជានិច្ចកាលបានខិតខំប្រឹងប្រែងក្នុងវិស័យកសិកម្ម ធានាបានសន្តិសុខស្បៀងគ្រប់គ្រាន់និងលក់ចេញថែមទៀត។

លោកជំទាវបានបញ្ជាក់ថា នាសម័យបច្ចុប្បន្ននេះវិស័យកសិកម្មមានការរីកចម្រើន ប្រជាកសិករស្ទើតែទាំងអស់បានប្រើប្រាស់គ្រឿងយន្តទាំងការភ្ជួរាស់ សាប ព្រោះ រហូតការប្រមូលផលមិនដូចកាលពីសម័យមុនៗឡើយ។

តែទោះជាយ៉ាងនេះក៏ដោយ សាខាសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានដឹកនាំ ក្រុមការងារចុះជួយច្រូតកាត់ប្រមូលផលស្រូវនាឱកាសនេះក្នុងគោលបំណងថែរក្សានូវទំនៀមទំលាប់ប្រពៃណីខ្មែរនិងចូលរួមផ្សព្វ ផ្សាយទៅដល់ក្មួយៗជំនាន់ក្រោយបានដឹង បានយល់ថែរក្សានិងអភិរក្ស។

បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងថា ស្ថានភាពការងារបង្កបង្កើនផលក្នុងឆ្នាំ២០២៣អនុវត្តបានជាង១៤៥ពាន់ហិកតាស្មើនឹង១២៦%នៃផែនការ។ បើគិតមកដល់ពេលនេះការប្រមូលផលស្រូវរដូវវស្សាសម្រេចច្រូតកាត់បានជាង១០៤ពាន់ហិកតាស្មើនឹង៧៣% ទទួលទិន្នផលជាមធ្យមជាង៤តោនក្នុងមួយហិកតានិងតម្លៃស្រូវចាប់ពី១២២០ទៅដល់១៣០០រៀលក្នុងមួយគីឡូក្រាម។

នៅក្នុងខណនោះលោកជំទាវអាំង សុជិតា ប្រធានកិត្តិយសសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត និងលោកស្រី ឃៀក ប៊ុនធី ម៉ៅ វ៉ាន សមាជិកាកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍បានរៀបចំជាអំណោយចែកជូនដល់ចាស់ជរា ជនពិកាចំនួន៣០នាក់នៅក្នុងតាកែវក្រោម ឃុំបឹងកន្ទួតដោយម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ឃីត១កញ្ចប់ក្នុងនោះមានសារុង២ ភួយ១ ក្រមារ ១កន្ទេល១ មុង១ ខ្នើយ១និងថវិកា២ម៉ឺនរៀលផងដែរ។

លោកជំទាវទាំង២មានប្រសាសន៍ផ្តំាផ្ញើដល់លោកតា លោកយាយទាំង៣០នាក់ដោយថ្លែងថា លោកតាលោកយាយមានអាយុច្រើន ហេតុនេះត្រូវខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់រក្សាការពារអំពីបញ្ហាសុខភាព ជាកត្តាសំខាន់ណាស់សម្រាប់ យើងទាំងអស់គ្នាពោលគឺហូបស្អាត ផឹកស្អាតនិងរស់នៅស្អាតព្រមទាំងឧស្សាហ៍ព្យាយាមហាត់ប្រាណ និងធ្វើពលកម្មដើម្បីធ្វើយ៉ាងណាឲ្យសុខភាពកាន់តែល្អប្រសើរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *