អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តប្រាសាទគោកចក ទទួលបានបច្ច័យចំនួន ៤២លាន៧៥០ពាន់រៀល

សៀមរាប៖ អង្គកឋិនទានមហាសាមគ្គីរបស់សប្បុរសជន និង ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយក្រោមគំនិតផ្តួចផ្តើមឡើងដោយឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ ឯកឧត្តម ប៊ុន ថាឬទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវ ព្រមទាំងលោកស្នងការនគរបាលខេត្ត អាជ្ញាធរក្រុងសៀមរាប មន្ត្រីរាជការ និងបងប្អូនប្រជាពុទ្ធបរិស័យចំណុះជើងវត្ត បានដង្ហែរទៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើមី្បប្រមូលបច្ច័យទៅ កសាងសមទ្ធិផលក្នុងវត្ត នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២៣ ប្រមូលបច្ច័យបានចំនួន៤២លាន ៧៥០ ពាន់រៀល ។
អង្គកឋិនទានមហាសាមគ្គី បានដង្ហែប្រទក្សិណ៣ជុំព្រះវិហារ ដោយមានការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ប្រកបដោយភាពអធិកអធមក្រៃលែង ។ តាមការបញ្ជាក់របស់លោកតាអាចារ្យវត្ត បានឲ្យដឹងអំពីអត្ថន័យ នៃបុណ្យអង្គកឋិនទានថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរណាស់មកហើយ គឺបុណ្យកឋិនទានធ្វើបានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលការប្រគេនព្រះសង្ឃក្រាលគ្រងនៅថ្ងៃណាមួយក៏បានដែរ ហើយវត្តមួយធ្វើកឋិនទានបានតែម្ដងទេក្នុងមួយឆ្នាំ ។ លោកអាចារ្យបន្តថា កឋិន គឺជាសំពត់ដែលទាយក-ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថា ចីវរ ទៅប្រគេនចំពោះភិក្ខុសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែរួចមកហើយ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឲ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ។ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិនបានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និង អនុមោទនាក៏បានអានិសង្ស៥យ៉ាងដែរ ។
មានសង្ឃដិកានោះដែរ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក បានលើក ឡើងថា អង្គកឋិនទានសម្រាប់វត្តឆ្នាំនេះ កើតឡើងដោយហេតុ៤យ៉ាង ,ទី១ដោយសារជីដូនជីតា ប្រជាពុទ្ឋបរិស័ទបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថាកឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជា បដិគ្គាហកៈអ្នកទទួលក្រាលគ្រង និង អ្នកអនុមោទនាផង។ ទី២ ដោយហេតុបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តនេះបានរៀនសូត្រធម៌វិន័យ ប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ព្រះពុទ្ឋសាសនា។ ទី៣ដោយប្រជាពុទ្ឋបរិស័បានមើលឃើញអំពីហេដ្ឋារចនាសម្ព័ន្ឋវត្តមានអាយុកាលចំណាស់និងរងនូវភាពទ្រុឌទ្រោមជាអន្លើៗ ខ្វះខាតទីសេនាសេនៈសម្រាប់ព្រះសង្ឃ ។ ទី៤ ប្រជាពុទ្ឋបរិស័ទ បានឈ្វេងយល់ នូវអាយុសង្ខាររបស់ខ្លួនមិនទៀង ស្ថិតស្ថេរឡើយ ក៏នាំគ្នាសន្សំបុណ្យទានសម្រាប់ជាតិមុខរបស់ពួកគាត់រៀងៗខ្លួន ។ ព្រះចៅអធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពុទ្ធបរិស័ទ សំខាន់ម្ចាស់ផ្តើមបុណ្យទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តប្រាសាទគោកចកនេះ ។ ព្រះអង្គបានមានសង្ឃដិកាថា កឋិនទានមហាសាមគ្គីនេះ ប្រមូលបច្ច័យ សម្រាប់យកមកកសាងសាលាឆាន់ក្នុងទីវត្តនេះមានចំនួន៤២លាន៧៥០ពាន់រៀល។ សូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមីព្រះអង្គចេកព្រះអង្គចម យាមទេព តាដំបងដែក លោកតារាជ តាពេជ្ជ បារមីទេវតាគង់ប្រថាប់ថែរក្សានៅតាមប្រាង្គប្រាសាទនៅលើទឹកដីអង្គរ តាមជួយបីបាច់ថែរក្សាបងប្អូន ថ្នាក់ដឹកនាំទាំងអស់គ្រប់ទិវារាត្រី ។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *